ភ្នំពេញ៖ ថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានអះអាងថា ចំពោះបេក្ខភាពកីឡាករ ធឿន ធារ៉ា គឺសហព័ន្ធ ស្វាគមន៍ឱ្យចូលជម្រើសជាតិ ជានិច្ច ហើយថែមទាំងមានការផ្តល់ជូននៅក្របខ័ណ្ឌ ជាមន្រ្តីរាជការជូនផងដែរ ប៉ុន្តែរឿងដែលសំខាន់បំផុត គឺខ្លាចតែគ្រូបង្វឹក និងម្ចាស់ក្លិប មិនព្រមឱ្យ ធារ៉ា ចូលជម្រើសជាតិ។
ជុំវិញបញ្ហានេះ លោក ហេង សុខឃន អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានទម្លាយថា លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចរចាយកកីឡាករ ធឿន ធារ៉ា ចូលក្រុមជម្រើសជាតិប្រដាល់គុនខ្មែរ តាំងពី ធឿន ធារ៉ា មិនទាន់ល្បីឈ្មោះ កាលពីឆ្នាំ ២០១៧ ប៉ុន្តែគ្រូបង្វឹក និងម្ចាស់ក្លិបមិនព្រម បើទោះបីជា លោកបានសន្យាផ្តល់ក្របខ័ណ្ឌឱ្យក៏ដោយ។
លោក សុខឃន បាននិយាយ ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី៤ ខែមករា ថា៖ «ចំពោះ ធឿន ធារ៉ា សហព័ន្ធ កំពុងតែគិតគូរ ខ្លាចតែគាត់មិនចូល មិនទទួល។ ដូចខ្ញុំប្រាប់អ៊ីចឹង យើងបានគិតគូរ និងហៅគាត់ចូលជម្រើសជាតិ តាំងពីឆ្នាំ២០១៧ ប៉ុន្តែគាត់ថា អាស្រ័យលើលោកគ្រូ និងអ្នកគ្រូរបស់គាត់ ហើយមុនស៊ីហ្គេម នៅវៀតណាម ក៏យើងបានអញ្ជើញឱ្យគាត់ចូលដែរ តែគាត់មិនចូល ព្រោះកាលណាមិនមានកិច្ចសហការពីគ្រូ និងម្ចាស់ក្លិបទេ គឺយើងមិនអាចយកគាត់ចូលជម្រើសជាតិបានទេ»។
យ៉ាងណាក៏ដោយ សម្រាប់ផែនការនៅចំពោះមុខ សម្រាប់ត្រៀមចូលរួមការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ដែលនឹងត្រូវធ្វើឡើង នៅក្នុងខែឧសភា ខាងមុខនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅតែចិញ្ចឹមចិត្ត ចង់បាន ធឿន ធារ៉ា ចូលក្នុងក្រុមជម្រើសជាតិ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងយកមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត នៅកម្ពុជានេះ។
លោក ហេង សុខឃន បានបញ្ជាក់ថា៖ «ទិសដៅបន្ទាប់ សម្រាប់ ធឿន ធារ៉ា គឺយើងស្វាគមន៍ឱ្យគាត់ចូលជម្រើសជាតិ និងស្វាគមន៍ក្នុងការផ្តល់នូវក្របខ័ណ្ឌ ប៉ុន្តែខ្លាចតែក្លិបមិនឱ្យចូល ព្រោះកាលណាចូលជំរំជម្រើសជាតិ ចេញទៅប្រកួតតឹង។ ចេញទៅប្រកួត ទាល់តែសហព័ន្ធ សិក្សាបានច្បាស់លាស់ គឺចាញ់ ឬឈ្នះក៏ដោយ សហព័ន្ធគិត ហើយមានកម្រិត មិនមែនចង់ចេញ ចេះតែចេញទៅប្រកួតនោះទេ។ សំខាន់កីឡាករជម្រើសជាតិ ត្រូវប្រកួតកម្មវិធីជាតិ និងត្រូវលប់ចោលកម្មវិធីប្រកួតឯកជន ក្នុងករណីកម្មវិធីជាន់គ្នា ប៉ុន្តែបើកីឡាករមិនមែនជម្រើសជាតិ ចេញម៉ោងណាក៏បានដែរ»។
ជាមួយគ្នានេះអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រូបនេះបានអះអាងថា ការចង់បាន ធឿន ធារ៉ា ចូលជម្រើសជាតិ និងផ្តល់ជូននូវក្របខ័ណ្ឌនោះ មិនមែនជាការស៊ីសំណូកនោះទេ ប៉ុន្តែជាការលើកទឹកចិត្តដល់កីឡាករ មានសមត្ថភាព ដែលអាចបង្កើតស្នាដៃជូនជាតិ ព្រោះពេលនេះ ធារ៉ា មានសមត្ថភាពកាន់តែខ្លាំង និងកាន់តែល្បីឈ្មោះ បន្ទាប់ពីរូបគេ ដណ្តើមបានខ្សែក្រវាត់ នៅ Thai Fight កាលពីពេលថ្មីៗនេះ។
លោក ហេង សុខឃន បានសង្កត់ធ្ងន់ថា៖ «មិនមានការស៊ីសំណូកឱ្យក្របខ័ណ្ឌអ្វីនោះទេ គឺឱ្យតែកីឡាករហ្នឹង មានសមត្ថភាពពិតប្រាកដ ចូលជម្រើសជាតិពិតប្រាកដ ទទួលបានមេដាយជូនជាតិ។ ដូចកីឡាករ អេ អាំម៉ារីន និង ម៉ឺន មេឃា អ៊ីចឹង គឺគាត់ចេញទៅប្រកួតបានមេដាយជូនជាតិទាំងអស់ អ៊ីចឹងនេះជាការលើកទឹកចិត្ត មិនមែនថា អ្នកហ្នឹងមិនបានចូលរួមប្រកួត យកមេដាយជូនជាតិផង ស្រាប់តែលើកទឹកចិត្តដែរ ដូច្នេះគេផ្តល់ឱ្យសម្រាប់អ្នកទទួលបានជោគជ័យ ដើម្បីឱ្យកីឡាករផ្សេងៗទៀត យកជាគំរូតាម»៕