សៀមរាបៈ ទីលាននិងសាលាតម្រង់ទិសកីឡាបាល់ទាត់ទាំង ២៥ រាជធានី-ខេត្ត នៅក្នុងប្រទេសកម្ពុជា ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) និងសហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ FIFA រៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាបាល់ទាត់នៅកម្ពុជាឱ្យកាន់តែរីកចម្រើននាថ្ងៃអនាគត។
ពិធីសម្ពោធទីលាននិងសាលាតម្រង់ទិសកីឡាបាល់ទាត់ទាំង២៥រាជធានី-ខេត្តនេះត្រូវបានធ្វើឡើងនៅលើទីលាននៃវិទ្យាល័យអង្គរ ខេត្តសៀមរាបកាលពីថ្ងៃទី១៧ ខែមករា ហើយការដាក់ដំណើរការនៃកម្មវិធីអភិវឌ្ឍបាល់ទាត់តាមសាលារៀន(FIFA Football for Schools) ក៏ត្រូវបានប្រកាសក្នុងពេលនោះដែរ ក្រោមអធិបតីភាពរបស់លោកស្រី Fatimata Sidibe ប្រតិភូតំណាងសហព័ន្ធបាល់ទាត់អន្តរជាតិ(FIFA)ព្រមទាំងតំណាងមកពី FFC និងក្រសួងអប់រំ យុវជន និងកីឡា។
លោកស្រី Fatimata Sidibe បានសាទរចំពោះសមិទ្ធផលថ្មីរបស់ FFC និងបានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសហព័ន្ធ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានជំរុញឱ្យសាលាតម្រង់ សម្រេចបាននូវសមិទ្ធផលជាផ្លែផ្កានាពេលនេះ។
តំណាងរបស់ FIFA រូបនេះ បានបន្ថែមថា៖ «ខ្ញុំមានសុទិដ្ឋិនិយមថា ទីលាន និងសាលាតម្រង់ទិសទាំងអស់នេះ នឹងរួមចំណែកយ៉ាងសំខាន់ដើម្បីផលិតបាននូវធនធានកីឡាករល្អៗឆ្ពោះទៅរកការប្រកួតប្រជែងដោយស្មើមុខមាត់លើឆាកអន្ដរជាតិ»។
ចំណែក លោកសុខ សប្បាយណា អនុរដ្ឋលេខាធិការតំណាងឱ្យលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា អាជ្ញាធររាជធានី ខេត្តនិងមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្តទាំង២៥ បានសហការគ្នាយ៉ាងល្អ ក្នុងការអនុវត្តគំនិតផ្តួចផ្តើមលើគម្រោងអភិវឌ្ឍន៍សាលាតម្រង់ទិសកីឡាបាល់ទាត់នៅតាមបណ្តារាជធានី-ខេត្តនេះតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងអប់រំ ព្រមទាំងមានការគាំទ្រពីរាជធានី ខេត្ត និងការឧបត្ថម្ភ គាំទ្រថវិកាពី FIFA។
លោកបានបន្តថា គម្រោងនេះពិតជាផ្តល់សារប្រយោជន៍ជាច្រើនដល់សង្គមនិងផ្តល់ឱកាសដល់យុវជនកម្ពុជាយើងឱ្យមានសេចក្តីសង្ឃឹមនាពេលអនាគតគឺចេះលេងកីឡាបាល់ទាត់បានត្រឹមត្រូវតាមក្បួនខ្នាតនិងបច្ចេកទេស ព្រមទាំងទទួលបានសុខភាពល្អទាំងផ្លូវកាយនិងផ្លូវចិត្ត។ក្រៅពីទទួលបានពុទ្ធិពីសាលារៀនហើយបាល់ទាត់ ក៏បានបង្រៀនពួកគេឱ្យចេះបង្កើតទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងអប់រំឱ្យចេះរួមរស់ជាក្រុមនិងរួមចំណែកកាត់បន្ថយភាពអសកម្មក្នុងសង្គមផងដែរ។
លោក សុខ សប្បាយណា បានបញ្ជាក់ថា៖ «ចំពោះយុវជន មានទេពកោសល្យ អាចក្លាយជាកីឡាករ កីឡាការិនីតំណាងជាតិស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលគឺយុវជនម្នាក់ត្រូវលេងកីឡា១ប្រភេទប្រចាំជីវិត និងជាពិសេសសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានត្រៀមលក្ខណៈរួចរាល់សម្រាប់ធ្វើដំណើរឆ្ពោះទៅកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដោយភាពជឿជាក់ និងការទទួលខុសត្រូវខ្ពស់»។
ចំណែកលោក កែវ សារ៉េត អគ្គលេខាធិការ FFC បានឱ្យដឹងថា FFC បានចូលជាសមាជិករបស់ FIFA តាំងពីឆ្នាំ១៩៣៣ ហើយក្នុងរយៈពេល៩០ឆ្នាំមកនេះ FIFA តែងតែគាំទ្រយ៉ាងយកចិត្តទុកដាក់លើការអភិវឌ្ឍបាល់ទាត់គ្រប់កម្រិត ដោយបានឧបត្ថម្ភលើផ្នែកហិរញ្ញវត្ថុ ផ្នែកបច្ចេកទេស ការងាររដ្ឋបាល វគ្គបណ្តុះបណ្ដាលផ្សេងៗ និងសហការជាមួយ FFC ក្នុងការសាងសង់ទីលានបាល់ទាត់ស្មៅធម្មជាតិទូទាំង២៥ រាជធានី-ខេត្ត ក្នុងប្រទេសកម្ពុជាដែលជាផ្នែកមួយក្នុងការបំផុសវិស័យបាល់ទាត់នៅកម្ពុជាឱ្យកាន់តែរីកចម្រើនឡើងដើម្បីចូលរួមយ៉ាងសកម្ម ក្នុងការប្រកួតប្រជែងពានរង្វាន់បាល់ទាត់ នៅក្នុងឆាកអន្តរជាតិ។
លោកបានបន្ថែមថា សមិទ្ធផលការងារនានាដែលFFCទទួលបានកន្លងមកគឺជាការអនុវត្តតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួនទាំង១១ចំណុច រួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ,ការអភិវឌ្ឍបាល់ទាត់ថ្នាលនិងយុវជន, ការរៀបចំការប្រកួតថ្នាក់ជាតិនិងអន្តរជាតិ,ការអភិវឌ្ឍក្រុមជម្រើសជាតិគ្រប់កម្រិត,ការអភិវឌ្ឍធនធានមនុស្ស ដូចជា គ្រូបង្ហាត់អាជ្ញាកណ្ដាល មន្ត្រីបច្ចេកទេស រដ្ឋបាល ពេទ្យ,ការអភិវឌ្ឍបាល់ទាត់ក្នុងសាល និងការអភិវឌ្ឍបាល់ទាត់នារីជាដើម។
អ្នកជំនាញផ្នែកកីឡាបាល់ទាត់ លោក កែវ សារ៉េត បានបញ្ជាក់ថា៖ «តាមរយៈផែនការយុទ្ធសាស្ត្រនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាសង្ឃឹមយ៉ាងមុតមាំថានឹងនាំវិស័យបាល់ទាត់នៅក្នុងប្រទេសកម្ពុជាឱ្យមានភាពរីកចម្រើនកាន់តែខ្លាំងឡើងៗ ទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ»៕