ភ្នំពេញៈ ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី៣២និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ដែល​មាន​កម្ពុជា​ជា​ម្ចាស់​ផ្ទះ នឹង​ត្រូវ​ប្រារព្ធ​ឡើង​ក្នុង​រយៈ​ពេល​ ១០០ ​ថ្ងៃ​ទៀត​។ ដើម្បី​ជាកា​​ពញ្ញាក់​ស្មារតី គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍លើក​ទី​៣២ ឆ្នាំ​ ២០២៣ (CAMSOC) និង​ស្ថាប័ន​ពាក់​ព័ន្ធ បាន​បង្កើត​ចលនា​រាប់​ថយ​ក្រោយ​ ១០០​ ថ្ងៃ ​ឆ្ពោះ​ទៅ​កាន់​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​។​

​ព្រឹត្តិ​ការណ៍​នៃ​ការ​រាប់​ថយ​ក្រោយ​នេះ​បាន​បើក​ជា​ផ្លូវការ​នៅ​ល្ងាច​ថ្ងៃទី​ ២៥​មករា​ នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​មរ​ត​តេ​ជោ ព្រម​ទាំង​មាន​ការ​សម្ដែង​សិល្បៈ​បុរាណ ​សម័យ ចម្រៀង ការ​សម្ដែង​គុណ​ល្បុក្កតោ ​ក៏ដូច​ជា​កម្មវិធី​កម្សាន្ដ​ជាច្រើន​ទៀត​ផង​​ដែរ​។ ទាំង​នេះ​ជា​អ្វីដែល​ថ្នាក់​ដឹក​នាំ និង​អ្នក​ទទួល​ខុសត្រូវ​លើ​ការងារ​រៀបចំ​បាន​ និង​កំពុង​ធ្វើ​យ៉ាង​សកម្ម​។

​យុវតី វ៉ាន់ គីម​សល់ ដែ​ល​កំពុ​ងតែ​បម្រើ​ការឱ្យ​ក្រុម​ហ៊ុន​ឯកជន​១កន្លែង​ បាន​ឱ្យដឹង​ថា ខ្លួន​ក៏បាន​ចូល​រួម​ក្នុង​យុទ្ធនា​ការ​រាប់​ថយ​១០០​ថ្ងៃ​សម្រាប់​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​ផង​ដែរ​ ដើម្បី​បង្ហាញពី​ភាព​សកម្ម​ក្នុង​កិច្ច​ការងារ​សង្គម​។​

​កញ្ញា​ បាន​រៀប​រាប់ថា​៖ «ជា​យុវជន និង​ជា​ធនធាន​មនុស្ស​ដ៏​ចាំ​បាច់ យើង​គួរតែ​តាម​ដាន​រាល់​ព្រឹត្តិ​ការណ៍​ផ្សេងៗ ​ដើម្បី​ស្វែង​យល់​ពី​កីឡា​ស៊ី​ហ្គេម​នេះ​ឱ្យ​បាន​ច្បាស់ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​»​។​

​យុវតី​ រូបនេះ​បាន​បន្តថា​៖ «​យើង​ត្រូវ​ចូលរួម​ផ្សព្វ​ផ្សាយ​អំពី​ព្រឹត្តិការណ៍​នេះ​ឱ្យបាន​កាន់តែ​ទូលំ​ទូលាយ ហើយ​យើង​ត្រូវតែ​ពង្រឹង​ចំណេះ​ដឹង​យើង​ដូច​គ្នា ទាំង​ចំណេះ​ដឹង​ទូទៅ​អំពី​ព្រឹត្តិ​ការណ៍នេះ និង​ចំណេះ​ដឹង​ទៅ​លើ​ភាសា​ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​​ទំនាក់​ទំនង​នៅ​ថ្ងៃ​ខាង​មុខ​»​។​

​កញ្ញា​បាន​បញ្ជាក់​ផងដែរ​ថា ៖«​រឿង​សីល​ធម៌​ក៏​ជា​រឿង​សំខាន់​ផងដែរ​ក្នុង​នាម​ជា​យុវជន​ ព្រោះ​យើង​គឺជាអ្នក​បង្ហាញ​ទៅ​កាន់​ប្រទេស​ក្នុង​អាស៊ាន ​ដើម្បី​ឱ្យគេ​បាន​ដឹង​ថា ​កម្ពុជា​យើង​មាន​លក្ខណៈ​បែប​ណា ហើយ​យើង​ក៏​ជា​ពលរដ្ឋម្នាក់​ដែល​តំណាង​ឱ្យ​កម្ពុជា​ដូច​គ្នា ​ដូច្នេះយើង​គួរ​ធ្វើយ៉ាង​ណា​ចូលរួម​ថែរក្សា​សន្តិ​សុខ​នៅក្នុង​ប្រទេស​យើង​ទាំង​អ​ស់​គ្នា​»​។​

​ម្យ៉ាង​ទៀត កញ្ញា​បាន​បង្ហាញ​ការយល់​ឃើញ​ថា​ យុវ​ជន​គួរ​ចាប់​ផ្ដើម​លេង​កីឡា ​ព្រោះ​វា​មិន​ត្រឹមតែ​ជួយ​សុខ​ភាព​ តែ​កីឡា​ក៏បាន​លើក​កម្ពស់​ទំនាក់​ទំនង និង​បង្កើត​ស្មារតី​រួបរួម​គ្នាទុកជា​អនុ​ស្សាវ​រីយ៍​ដ៏​មាន​តម្លៃ​មួយ​ផងដែរ​។

ការប្រារព្ធពិធី ១០០ ថ្ងៃ កម្ពុជាដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ ២០២៣។ ហុង មិនា

​ចំណែកឯ​ យុវតី ​សៀន សុ​លឿ​ក ដែលជា​និស្សិត​កំពុង​សិក្សា​ឆ្នាំ​ទី​៤ បាន​រៀបរាប់​ថា ខ្លួន​មិនសូវ​ជា​ចូល​ចិត្ត​ការ​លេង​កីឡា​នោះ​ទេ ទើបបា​នជា​មិនសូវ​ដឹង​អំពី​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​ច្រើន​ ប៉ុន្តែ​យ៉ាង​ហោច​ណាស់ ​កញ្ញា បាន​ដឹង​ថា នៅ​ថ្ងៃទី​២៥​ មករា គឺ​នឹង​ចាប់​ផ្ដើម​រាប់​ថយ​ក្រោយ​១០០​ថ្ងៃ​។​

​កញ្ញា ​សៀន សុ​លឿ​ក​ ថ្លែងថា៖ «​រឿង​មួយ​ដែល​យើង​គ្រប់​គ្នា​អាចធ្វើ​បាន​ដោយ​មិន​ចំណាយ​ពេល​ច្រើន គឺ​ចូលរួម​យុទ្ធនា​ការ​រាប់​ថយ​ក្រោយ ១០០​ថ្ងៃ ដោយ​ប្រើ​ប្រាស់​ប្រព័ន្ធ​ឌីជីថល ​ព្រោះ​យើង​ដឹង​ស្រាប់ហើយ​ថា យុវ​ជន​ស្ទើរតែ​ទាំង​ស្រុង​ហើយ​ ដែល​មាន​ទូរស័ព្ទ​ប្រើ​ប្រាស់​»​។​

​កញ្ញា​បន្តថា​៖ «​ព្រឹត្តិ​ការណ៍​កីឡា​នេះ​ធំ​ណាស់ ​ហើយ​ក៏បាន​ធ្វើឡើង​យូរ​មក​ហើយ​ដែរ ​ដូច្នេះ​មាន​រឿងច្រើន​ដែល​យើង​ត្រូវ​ដឹង​...​បន្ទាប់ពី​ដឹង​ហើយ ត្រូ​វ​ចែក​រំលែក​បន្តទៀត​ទៅកាន់​មិត្ត​ភ​ក្ដិ ឬ​ក្រុម​គ្រួសារ​ ដូច្នេះ​ទើប​ជា​ការ​ល្អ​»​។​

​យុវតី ​វ័យ ​២១​ឆ្នាំ​រូបនេះ ​ក៏បាន​លើក​ឡើង​ដែរ​ថា បច្ចុប្បន្ន​ខ្លួន​បាន​សង្កេត​ឃើញ​ប្រជា​ជន​ចូលចិត្ត​ធ្វើ​អ្វីឈូឆរ​តាម​គ្នា ​ពេល​ខ្លះ​ក៏​ប្រើ​ប្រាស់​ពាក្យ​សម្ដី ឬ​កាយវិការ​មិន​សមរម្យ​ក៏មាន​។ កញ្ញា​ បន្តថា យុវជន​គួរ​កែប្រែ​នូវ​ចំណុច​នេះ​ចេញ ហើយចាប់​ផ្ដើម​សិក្សា​ស្រាវ​ជ្រាវ​មុននឹង​បញ្ចេញ​មតិ​ទៅលើ​រឿង​អ្វី១ ចៀស​វាង​មាន​រឿង​បែប​នេះ​កើត​ឡើង នៅ​ពេល​កម្ពុជា​ប្រារព្ធ​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​។​

​អគ្គលេ​ខាធិ​ការគណៈ​កម្មាធិ​ការ​ជាតិ​ CAMSOC​ លោក វ៉ា​ត់ ចំរើន ក៏បាន​មាន​ប្រសាសន៍​​ផង​ដែរ អំពី​ការ​តៀម​ខ្លួន​របស់​កម្ពុជា​សម្រាប់​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​លើក​ទី៣២​ ខាង​មុខ​។

​លោក​បាន​បញ្ជាក់​ថា​៖ «​យើង​ទាំង​អស់​គ្នាបាន​និងកំពុង​ប្តេជ្ញា​ចិត្ត​ខ្ពស់ក្នុង​ការ​ត្រៀម​រៀបចំ​គ្រប់​ផែន​ការ​សកម្ម​ភាព​ទាំង​អស់​ឱ្យបាន​គ្រប់​ជ្រុងជ្រោ​យ ​ដើម្បី​ជំរុញ​ឱ្យ​ព្រឹត្តិ​ការណ៍​កីឡា​ជា​ប្រវត្តិ​សាស្ត្រ​លើក​ដំបូង​របស់​កម្ពុជា ​ក្រោយ​រង់ចាំ​អស់​រយៈ​ពេល​៦៤​ឆ្នាំនេះ​ ទទួល​បាន​ជោគ​ជ័យ​ដ៏​ធំធេង​ជូន​ជាតិ ​និង​កំណត់​ត្រា​ជា​ប្រវ​ត្តិសាស្ត្រ​អាស៊ាន​ផង​ដែរ​»​។​

​គួរ​បញ្ជា​ក់ថា ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ នឹង​ត្រូវ​ធ្វើឡើង​ក្រោម​បាវច​នា ”​កីឡា​រស់​ក្នុង​សន្ដិភាព​-Sports Live in Peace”​​ហើយ​នេះ​គឺជា​លើក​ទី​១ហើយ​ក្នុង​រយៈ​ពេល​៦៤​ឆ្នាំ​នៃ​កីឡា​ស៊ី​ហ្គេម ដែល​កម្ពុជា​ក្លាយ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​៕