ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​កម្ពុ​ជាប្រើ​ឱកាស​នៃ​ការ​ប្រកួត​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ ដែល​កម្ពុជា​ម្ចាស់​ផ្ទះ​នៅ​ឆ្នាំ​នេះ​ឱ្យ​ក្លាយ​ជា​ចលនា​ជាតិ​ដើម្បី​បង្ហាញ​បរទេស​រាប់ម៉ឺន​នាក់ ដែល​នឹង​ត្រូវ​មក​ចូលរួម​ព្រឹត្តិ​ការណ៍​ជា​ប្រវត្តិសាស្ត្រ​​នេះ ​ខណៈ​គណៈ​កម្មាធិ​ការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ី​អាគ្នយ៍​លើក​ទី​៣២ ​ឆ្នាំ​ ២០២៣ (CAMSOC) បាន​បង្ហាញ​ជំហរ​ច្បាស់​លាស់​ដើម្បី​ឈាន​ទៅ​សម្រេច​ក្តី​សុបិន​ ៦៤ ​ឆ្នាំ​ ក្នុង​ការ​រៀបចំ​ធ្វើជា​ម្ចាស់​ផ្ទះ​នេះ​ឱ្យ​ទទួល​បាន​ជោគ​ជ័យ ​​។​

​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញា​បត្រ​ជូន​និស្សិត​ជយ​លាភី​នៃ​សាកល​វិទ្យាល័យ​វេ​ស្ទើ​ននៅថ្ងៃទី​ ២៦ ​ខែមករា​ លោក ​ហ៊ុន សែន បាន​ថ្លែង​ថា​៖ «​ខ្ញុំ​នៅតែ​សុំឱ្យ​ប្រជា​ពលរដ្ឋ​របស់​យើង​ចូលរួម​នៅ​ក្នុង​ដំណើរ​ការ​នៃ​ស៊ី​ហ្គេម ដែល​យើង​បាន​រង់ចាំ​អស់​រយៈ​ពេល​ ៦៤​ ឆ្នាំ​ហើយ​។ សូម​ឱ្យ​ប្រជា​ពលរដ្ឋ​ប្រើប្រាស់​ឱកាស​នៃ​ការ​ប្រកួត​ស៊ី​ហ្គេម​នៅ​កម្ពុជា ​ក្លាយទៅជា​ចលនា​ជាតិ​ មិន​មែន​ជា​បញ្ហា​ដាច់​ដោយ​ឡែក​របស់​វិស័យ​កីឡា នៅ​ក្រុង​ភ្នំពេញ​នោះ​ទេ តែ​ធ្វើ​ម៉េច​ឱ្យ​ប្រទេស​យើង​ស្អាត ​ព្រោះ​ជន​បរទេស​រាប់​ម៉ឺន​នាក់​នឹង​មកកាន់​ក្រុង​ភ្នំពេញគឺ​​គ្រាន់តែ​កីឡាករ ​កីឡា​ការិនី​មក​ប្រកួត ជិត​ម៉ឺន​នាក់​ទៅ​ហើយ អ៊ីចឹង​អ្នក​គាំទ្រ​ដទៃ​ទៀត ​ក៏​គេ​មក​ដែរ​»​។​

​ចំណែក​លោក​ឧបនា​យក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួងកា​រពារ​ជាតិ​ ទៀ បាញ់ ជា​ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​ CAMSOC បាន​ចាត់​ទុកពិធី​រាប់​ថយ​ក្រោយ ​១០០ ​ថ្ងៃ​ នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​មរតក​តេ​ជោកាលពី​យប់​ថ្ងៃទី ​២៥​ ខែមករា​ថា ​ជា​កំណត់​ត្រា​ប្រវត្តិ​សាស្ត្រ​ថ្មី​មួយ​ទៀត​សម្រាប់​កម្ពុជា​ដោយ​លោក​ថ្លែង​ថា«​ព្រឹត្តិ​ការណ៍​ដ៏​អស្ចារ្យ​នេះ​នឹង​ក្លាយ​ជា​ការ​ពិតសម្រាប់​ប្រជា​ជន​កម្ពុជា​ទូទាំង​ប្រទេស​»​។​

​លោក​ ទៀ បា​ញ់ បាន​បញ្ជាក់​ថា​៖ «​កម្ពុជា​បាន​រង់ចាំ​រយៈ​ពេល ​៦៤​ ឆ្នាំ ទើប​បាន​សម្រេច​ចិត្ត​យក​ឆ្នាំ ​២០២៣ ​ធ្វើជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​កីឡា SEA Games-ASEAN Para Games ហើយ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ ​កម្ពុជា​តែង​តែ​ឈរ​លើ​ជំហរ​យ៉ាង​មុតមាំ​លើ​គោល​ការណ៍​កិច្ច​សហ​ប្រតិ​បត្តិកា​រ សន្តិ​សហ​វិជ្ជ​មាន​ ស្មើ​មុខស្មើ​មាត់ និង​បម្រើ​ផល​ប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក​ប្រកបដោយ​សុ​ច្ឆន្ទៈ​រួម ដើម្បី​កសាង​ជោគ​វាសនា​រួមគឺ​សុខ​សន្តិភា​ព និង​ការអភិវឌ្ឍ​ក្នុង​តំបន់​»​។​

​ដើម្បី​ធានា​ឱ្យ​ការ​រៀបចំ​ព្រឹត្តិ​ការណ៍​នេះ​ទទួល​បាន​ជោគ​ជ័យនិ​ង​បន្សល់​កេរ្តិ៍ឈ្មោះ​ល្អ​ដល់​កម្ពុជា​ លោក​ ទៀ បាញ់ បាន​អះ​អាង​ថា រាជ​រដ្ឋាភិ​បាល ​ក្រសួង ស្ថា​ប័ន​ពាក់ព័ន្ធ ​បាន​ផ្ដុំ​កម្លាំង​មហា​សាមគ្គី​ជាតិ​ប្តេជ្ញា​ចិត្ត​ប្រកប​ដោយ​ឆន្ទៈ និង​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ ​ក្នុងការ​រៀបចំ​ធ្វើជា​ម្ចាស់​ផ្ទះ ដោ​យ​គោរព​យ៉ាង​ម៉ឺង​ម៉ាត់​តាម​បទ​ប្បញ្ញត្តិ​ស្ដង់​ដា​កីឡា​អន្តរ​ជាតិ​។​

លោក​បាន​បន្ថែម​ថា៖ «​កម្ពុ​ជា​មាន​មហិច្ឆ​តា​ទទួល​ស្វាគ​មន៍​ប្រក​បដោយ​ភាព​កក់ក្តៅ​ធ្វើ​បដិ​សណ្ឋារ​កិច្ច និង​ផ្តល់​សេវា​ល្អ​ដល់​គ្រប់​ប្រតិភូ​កីឡា​និង​ភ្ញៀវ​ជាតិ​ អន្តរ​ជាតិ លើ​ការងារ​ពិធី​ការ​ ដឹក​ជញ្ជូន ស្នា​ក់នៅ ហូប​ចុក ការពារ​សន្តិ​សុខ សណ្តាប់​ធ្នាប់ សុខា​ភិបា​ល និង​ផ្ដល់​ភាព​សប្បាយ​រីក​រាយ​ ភាព​រួស​រាយ​រាក់​ទាក់​ ពោរ​ពេញ​ដោយ​ស្នាម​ញញឹម​ចេញ​ពី​បេះ​ដូង ​របស់​ប្រជា​ជន​ខ្មែរ​គ្រប់​រូប​ ដើម្បី​ផ្ដល់​នូវភាព​កក់​ក្តៅ​ដល់​ភ្ញៀវ​កីឡា ​មក​ពី​គ្រប់​ទិសទី​​ជុំវិញ​ពិភព​លោក និង​បន្សល់​ទុក​នូវ​មរតក​ SEA Games- ASEAN Para Games ដល់​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​»​។ ​

​យ៉ាង​ណា​ក៏​ដោយ ​លោក​ ទៀ បាញ់ បាន​ស្នើ​សុំឱ្យ​បណ្តា​ប្រទេស​ជា​មិត្ត​ទាំង​អស់​ ពិសេស​នាយ​បេសក​កម្ម​គ្រប់​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ដែល​មាន​វត្តមាន​នៅក្នុង​ពិធី​រាប់​ថយ​ក្រោយ​១០០​ថ្ងៃនេះ ​សូម​ផ្តល់នូវ​ស្មារតី​មិត្ត​ភាព សាមគ្គី​ភាព ​និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ឱ្យ​បាន​ជិត​ស្និទ្ធ​ក្នុង​ការ​ឈានទៅ​បំពេញ​កាត​ព្វកិច្ច​ការងា​រ​កីឡាដោ​យ​ការ​យោគ​យល់​គ្នា​ទៅ​វិញ​ទៅ​មកដើ​ម្បី​រក្សា​មរតក​កីឡា ​SEA Games ដ៏​ល្អ​នេះ​ឱ្យ​កាន់តែ​ជោគ​ជ័យ​យូរអង្វែង​ ​។​

​លោក​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​សូម​ថ្លែងអំណ​រគុណ​ដល់​ប្រតិភូនាយ​បេសក​កម្ម​គ្រប់​ប្រទេ​សដែល​បានម​ក​ផ្ដល់​កិត្តិ​យស​ធ្វើជា​សាក្សីនិង​មើល​ឃើញ​ច្បាស់​នឹង​ភ្នែក​នូវ​កា​រខិតខំ​ប្រឹង​ប្រែង និង​វឌ្ឍន​ភាពកា​រងារ​របស់​កម្ពុជា​ជា​ម្ចាស់​ផ្ទះហើ​យ​សូម​ពាំនាំ​អ្វីៗ​ដែល​កម្ពុជា​បាន​បង្ហាញ​ក្នុង​ពេ​លនេះ​និង​ទៅ​ ១០០ ​ថ្ងៃ​ទៀត​ ពិត​ជា​បញ្ជាក់​ថា «​កម្ពុជា​ត្រៀម​ខ្លួន​រួចរាល់​»​ ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ចាប់​ពី​ថ្ងៃទី​៥​ ដល់​ថ្ងៃទី​១៧ ខែឧសភា ​និង​ការ​ប្រកួត​កីឡា ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ​លើក​ទី​១២ ​ចាប់​ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី ​៩​ ខែមិថុនា​ ឆ្នាំ ​២០២៣»​។​

​ចំណែក​លោក ​ថោង ខុន ជា​អនុ​ប្រធាន​​អចិន្ត្រៃយ៍​ CAMSOC ​បាន​ថ្លែង​ក្នុងនាម​លោក​ជា​ប្រធាន​ក្រុម​ប្រឹក្សា​កីឡា​អាស៊ី​អាគ្នេយ៍​ដោយ​បាន​ស្នើ​ឱ្យ​គណៈ​កម្មាធិ​ការ​ជាតិ​អូឡាំពិក​ទាំងអ​ស់​ចុះឈ្មោះ​អត្ត​​ព​លិ​ករប​ស់ខ្លួន​ឱ្យបាន​គ្រប់​ប្រភេទ​កីឡា និ​ង​វិញ្ញាសា​សម្រាប់​ត្រៀម​ចូលរួម​ការប្រកួត​ក៏ដូចជា​ការផ្ដល់​ឱកាស​ឱ្យ​អត្ត​ព​លិ​ក​បាន​ចូល​រួម​ដោយ​ស្មើភា​ពដែ​លនឹង​បង្ហាញ​ពី​ការ​អបអរ​ជា​ប្រវត្តិ​សាស្ត្រ​សម្រាប់​ការរៀបចំ​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២​ដែល​បន្សល់ទុ​ក​នូវ​មរតក​ជា​វិជ្ជ​មាន​ដ៏​សំខាន់ ​សម្រាប់​ចលនា​អូឡាំ​ពិក​នៅ​កម្ពុជា និង​ក្នុង​តំបន់​។​

​លោក​រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍ ថោង ខុន ដែលជា​ប្រធាន NOCC ផង​នោះ បាន​បញ្ជាក់​ថា​៖ «​ពិធី​រាប់​ថយ​ក្រោយ​១០០​ថ្ងៃ​នៅ​ពេល​នេះ​បង្ហាញ​ថា​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួចជា​ស្រេច ដើម្បី​ស្វាគមន៍​កីឡាក​រ កីឡាកា​រិនី មន្ត្រី​កីឡា និង​អ្នក​ទស្សនា​ទាំង​អស់​ដែល​មក​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេមលើ​ក​ទី​៣២​។ ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា CAMSOC នឹង​អាច​រៀបចំ​បដិ​សណ្ឋារ​កិច្ច​ដ៏​កក់​ក្ដៅ និង​រាក់​ទាក់​បំផុត​ ដល់​ប្រតិភូ​គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​ទាំង​អស់ ​តាម​រយៈ​ការខិត​ខំ​ប្រឹង​ប្រែង​រួមគ្នា​របស់​ថ្នាក់​ដឹកនាំ​ រដ្ឋាភិ​បាល មន្ត្រី​រាជកា​រ មន្ត្រី​កីឡា បុគ្គលិក​ពេញ​ម៉ោង ​និង​អ្នក​ស្ម័គ្រ​ចិត្ត​»​។​

លោក ថោង ខុន បាន​បញ្ជាក់​បន្ថែម​ថា៖ ​«​នៅ​សល់​ត្រឹម​រយៈ​ពេល​ ១០០ ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ​កម្ពុជា​នឹង​សម្រេច​ក្តី​ស្រមៃ​ក្នុង​ការ​បង្កើត​ប្រវត្តិ​សាស្ត្រ​ថ្មីក្នុង​វិស័យ​កីឡា​តាមរយៈ​ការ​ទទួល​ធ្វើជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល ​៦៤ ​ឆ្នាំ​។ «​កីឡា​រស់ក្នុង​សន្តិ​ភាព​» ត្រូវបាន​ជ្រើស​រើស​ជា​បាវចនា​នៃ​ព្រឹត្តិ​ការណ៍​ប្រកួត​នេះ​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​សារៈ​សំខាន់​នៃ​សន្តិ​ភាព​សម្រាប់​កា​រអភិវឌ្ឍ​វិស័យ​កីឡា​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​ដែល​ប្រជា​ជន​កំពុង​រស់នៅ​​ប្រក​បដោយ​ភាព​សុខដុ​មរម​នា​ជាមួយ​នឹង​សុខ​សន្តិភា​ព ស្ថិរភាព​ពេញ​លេញ ​និង​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​»​។ ៕