​ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​​ CAMSOC ព្រមទាំង​សហព័ន្ធ​កីឡា​គុន​ខ្មែរ​អន្តរជាតិ និង​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បានទទួល​ជោគជ័យ​ស​ម្រា​ប់​ការដាក់​ប្រភេទ​កីឡា «​គុន​ខ្មែរ ឬ Kun Khmer» ទៅក្នុង​ការប្រកួត​ស៊ី​ហ្គេម​លើក​ទី៣២ លើ​ទឹកដី​ខ្លួនឯង ជាមួយគ្នា​នឹង​មហិច្ឆតា​ពង្រីក​វិសាលភាព​គុន​ខ្មែរ ទៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​នៅលើ​ពិភពលោក​ផ្សេងទៀត ខណៈ​ថៃ​ក៏​សម្រេច​ចូលរួម​ប្រកួត​វិញ បន្ទាប់ពី​បដិសេធ​ថ្មីៗ​នេះ​។​

​តាម​ខ្លឹមសារ​សម្រេចបាន​ក្នុង​កិច្ចប្រជុំ​ពិសេស​ថ្នាក់ដឹកនាំ​កីឡា​គុន​ខ្មែរ​អន្តរជាតិ ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​នៅ​សណ្ឋាគារ​ហ្គា​ឌិន​ស៊ី​ធី​ពីថ្ងៃ​ទី​ ២៦ ខែមករា គឺមាន​ប្រទេស​វៀតណាម ហ្វីលីពីន ឡាវ មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី ឥ​ណ្ឌ​នេ​ស៊ី នៅតែ​បន្ត​គាំទ្រ និង​ចូលរួម​ការប្រកួត​គុន​ខ្មែរ​នៅ​ស៊ី​ហ្គេម លើក​នេះ ចំណែក​ប្រទេស​ថៃ​ក៏បាន​សម្រេច​ថា​នឹង​បញ្ជូន​ប្រតិភូ​ប្រដាល់​របស់ខ្លួន​ឱ្យមក​ប្រកួត​នៅ​ស៊ី​ហ្គេម លើក​នេះ​វិញ​ផងដែរ បន្ទាប់ពី​ថ្មីៗ​នេះ បានសម្រេច​ដកខ្លួន ក្រោយពេល​កម្ពុជា​ប្រើពាក្យ «Kun Khmer» ដោយ​លុប​ពាក្យ​ «Muay»​ ចោល​។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​ថ្លែង​ក្នុង​សន្និសីទ​ក្រោយ​កិច្ចប្រជុំ​ពិសេស​នេះ​ថា​៖ «​ការចូលរួម​របស់​ភា​គី​ថៃ​ក្នុងន័យ​ថា គាត់​ជា​អ្នក​ស្រឡាញ់​ក្បាច់គុន​ទាំងអស់​នៅលើ​ពិភពលោក ទោះ​គុន​ខ្មែរ ឬ​ប្រភេទ​កីឡា​អ្វី​ទៀត​ក៏ដោយ ហើយ​គាត់​ជា​អ្នកបច្ចេកទេស​ខាង​យុទ្ធ​គុន​ហ្នឹង​ដែរ អ៊ីចឹង​គាត់​មកនេះ ដើម្បី​គាំទ្រ និង​ជួយ​ដល់​យើង ព្រោះ​យើង​បើកទ្វារ​ចំហ អត់​មាន​បិទទ្វារ​ទេ​»​។​

​លោក​ថា​៖ «​កាលណា​បិទទ្វារ យើង​អត់​មាន​ស្មារតី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ទូលំទូលាយ​ទេ ដូច្នេះ​ដើម្បី​ក្លាយជា​ម្ចាស់​ក្បាច់គុន បើកទ្វារ​ទៅ​ពិភពលោក ឱ្យគេ​ចូលមក​បាន ទាល់តែ​យើង​មានការ​ទទួលយក​គ្រប់​ទាំងអស់​។ ចំណែក​ខាង​ថៃ គាត់​ធ្លាប់មាន​បទពិសោធន៍​រៀបចំ​ការប្រកួត​ធំៗ នៅ​ស្រុក​គាត់ ៣០​ ទៅ​ ៤០​ ឆ្នាំ​មកហើយ អ៊ីចឹង​គាត់​មក​គាំទ្រ​យើង វា​ជា​រឿង​ល្អ​មួយ ដែល​យើង​ទទួលបាន​នូវ​ការចូលរួម​នេះ​»​។

​ទន្ទឹមនឹងនេះ លោក វ៉ា​ត់ ចំរើន ដែលជា​អគ្គលេខាធិការ NOCC ផង​នោះ បានចាត់ទុក​ការសហការ និង​ចូលរួម​ប្រកួត​គុន​ខ្មែរ របស់​ឥណ្ឌូនេស៊ី វៀតណាម ហ្វីលីពីន ឡាវ មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី និង​ប្រ​ទស​ថៃ​នេះ​ថា ជា​កិត្តិយស​សម្រាប់​គុន​ខ្មែរ ដែលមាន​ប្រទេស​ជា​សមាជិក​នៅ​អាស៊ាន បាន​ចូលរួម​គាំទ្រ​ច្រើន គឺ​មានន័យថា គុន​ខ្មែរ ទទួលបាន​ការគាំទ្រ​ ៨ ​ប្រទេស ក្នុងចំណោម​ ១១ ​ប្រទេស ដែល​ចូលរួម​ក្នុង​ស៊ី​ហ្គេម ឆ្នាំ ២០២៣​ នេះ​។​

​លោក វ៉ា​ត់ ចំរើន បញ្ជាក់ថា​៖ «​អ្វីដែល​យើង​ទទួល​ជា​ផ្លែ​ផ្លា​ទៀត​នោះ គឺ​ប្រទេស​ទាំងអស់នោះ បាន​ឯកភាព ទៅលើ​បទបញ្ជា​ការប្រកួត​រប​ស់​កម្ពុជា ដែលមាន​លក្ខណពិសេស ដោយ​បន្ទាប់ពី​ការប្រកួត​គុន​ខ្មែរ នៅ​ស៊ី​ហ្គេម​នេះ​ទៅ យើង​អាច​នឹង​យក​បញ្ជាការ​ប្រកួត​នេះ ទៅប្រើ​ប្រាស់​សម្រាប់​ការប្រកួត​នៅ​ប្រទេស​ផ្សេងៗ​ទៀត​បាន​»​។​

​បើតាម​លោក វ៉ា​ត់ ចំរើន ប្រទេស​ដែល​បាន​ចូល​រួមទាំង​ ៨ បាន​ឯកភាពគ្នា​រួចហើយ​នូវ​ចំនួន​វិញ្ញាសា ហើយ​ដើម្បី​ជាការ​លើក​ចិត្ត​ទៅដល់​កីឡា​គុន​ខ្មែរ ជា​អត្តសញ្ញាណ​ជាតិ​របស់​បុព្វបុរស កម្ពុជា​បាន​បញ្ចូល​ឱ្យមាន​ការប្រកួត លើ​វិញ្ញាសា​គុណគ្រូ ទាំង​ឯកត្តជន​បុរស និង​នារី ផងដែរ​។ «​ប្រទេស​ទាំងអស់ បាន​ឯកភាពគ្នា​ថា គាត់​នឹង​ហាត់​របៀប​គុណគ្រូ​ពី​កម្ពុជា ដើម្បី​មក​ប្រកួត ក្នុង​ស៊ី​ហ្គេម​នេះ ដោយ​ប្រើ​ភាសា​របស់​យើង និង​សិល្បៈ​របស់​យើង​»​។​

បន្ថែម​លើ​នេះ កម្ពុជា​បានកំណត់​ចំណុច​ពិសេស​ទៅលើ​សម្លៀកបំពាក់ និង​ការតុបតែង​ខ្លួន​របស់​កីឡាប្រដាល់​គុន​ខ្មែរ ដើម្បី​បញ្ជាក់​អត្តសញ្ញាណ​ជាតិ ពី​ឥឡូវ​ទៅ ក្នុងនោះ​កម្ពុជា​បានកំណត់​ប្រើ​ក្រមា​ជួតក្បាល ដោយមាន​រូប​ទង់ជាតិ​តំណាង​របស់​ប្រទេស​នីមួយៗ​នៅ​ចំ​ពីមុខ​។

​ជាមួយ​ការកំណត់​នេះ លោក ចំរើន បាន​បញ្ជាក់ថា​៖ «​គ្រប់​ទូរទស្សន៍ និង​គ្រប់​ការប្រកួត​ទាំងអស់ នៅក្នុង​ស្រុក យើង​នឹងធ្វើ​គំរូ​តុបតែង​ខ្លួន​របស់​កីឡាករ​នេះ​ឱ្យ​ដូចៗ​គ្នា ហើយ​អនុវត្ត​ឱ្យបាន​ដូចគ្នា និង​គ្រប់គ្នា​ទាំងអស់ គឺ​គំរូ​ពុម្ព​តែ​ ១ សម្លៀកបំពាក់​តែ​ ១ ការតុបតែង​តែ​ ១»​។​

​បន្ថែម​លើ​នេះ អត្ត​ព​លិ​ក​ទាំងអស់ ក៏​ត្រូវមាន​ទ្រនាប់​រុំ​ដៃ ដោយ​កម្ពុជា​នឹង​ប្រើ​អំបោះ​ស​របស់ខ្លួន រីឯ​ប្រទេស​ផ្សេង អាច​ប្រើ​ពណ៌​ផ្សេង​តាម​ជំនឿ​រៀងៗ​ខ្លួន​បាន​។​

​លោក ចំរើន បាន​សង្កត់ធ្ងន់ថា​៖ «​យើង​បាន​ឯកភាព ក្នុងការ​ប្រើប្រាស់​បទបញ្ជា​ប្រកួត ក្នុង​ទម្រង់​ល្អប្រសើរ​មួយ ហើយ CAMSOC ក៏ដូចជា​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​អន្តរជាតិ និង​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ នឹង​រួមគ្នា​ធ្វើ​បទបញ្ជា​មួយ និង​ទម្រង់​នៃ​ការតុបតែង ដើម្បី​បង្ហាញ​អត្តសញ្ញាណ​ជាតិ​យើង​សម្រាប់​ថ្ងៃ​អនាគត​ទៀត​»​។​

​យ៉ាងណាក៏ដោយ ក្នុងនាម​ជា​ម្ចាស់​គុន​ខ្មែរ កម្ពុជា​នៅមាន​មហិច្ឆតា​ដាក់​គុន​ខ្មែរ​ចូលទៅក្នុង​ការប្រកួត​ស៊ី​ហ្គេម នៅតាម​បណ្តា​ប្រទេស​ផ្សេងទៀត រួមទាំង​ពង្រីក​សក្តានុពល​ទៅកាន់​គ្រប់ការ​ប្រកួត​លើ​ពិភពលោក ខណៈពេល​នេះ សហព័ន្ធ​កីឡា​គុន​ខ្មែរ​អន្តរជាតិ​មាន​ប្រទេស​ជា​សមាជិក​ចំនួន​២៩​ហើយ នៅ​គ្រប់​ទ្វីប​ទាំងអស់​។​

​លោក ចំរើន ថា​៖ «​យើង​បង្កើត​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​នេះ គឺ​ដើម្បី​ឆ្ពោះទៅ​វេទិកា​ប្រកួត​កីឡា​អន្តរជាតិ​ទាំងអស់​។ គេ​ទទួល ឬ​មិន​ទទួល ជា​រឿង​ផ្សេងទៀត ប៉ុន្តែ​ជា​ឆន្ទៈ និង​មហិច្ឆតា​របស់​យើង គឺ​យើង​ត្រូវ​ជំរុញ​ដាក់​គុន​ខ្មែរ​នេះ ទៅគ្រប់​ការប្រកួត លើ​ពិភពលោក អ៊ីចឹង​ស៊ី​ហ្គេម លើក​ក្រោយៗ​ទៀត យើង​តស៊ូ​មតិ​ទៀត ទោះ​ស៊ី​ហ្គេម នៅ​ប្រទេស​ណាក៏ដោយ ក៏​យើង​ត្រូវ​តស៊ូ​មតិ ក្នុងនាម​ជា​ម្ចាស់​ក្បាច់គុន​ហ្នឹង​»​។​

​លោក​បានបញ្ជាក់​បន្ថែម​ថា​៖ «​យើង​ឃើញថា Muay Thai គាត់​ធ្វើបាន វ៉ូ​វី​ណា​ម គាត់​ធ្វើបាន ហើយ​ប្រភេទ​កីឡា​របស់​ហ្វីលីពីន និង​ឥណ្ឌូនេស៊ី ជាដើម ក៏​គេ​ធ្វើបាន ចុះ​ហេតុអ្វី​យើង​ធ្វើ​មិនបាន​? យើង​ធ្វើបាន​ដូច​តែ​គ្នា​ហ្នឹង ឱ្យតែ​យើង​មាន​ឆន្ទៈ​ធ្វើ អ៊ីចឹង​ការសម្រេច​នៅលើ​យើង​ជា​ម្ចាស់​ក្បាច់គុន​ថា យើង​ត្រូវ​ពង្រីក​វា ដោយ​របៀប​ណា មាន​យន្តការ យុទ្ធសាស្ត្រ និង​វិធីសាស្ត្រ​បែបណា ដើម្បី​រុញ​ការផ្សព្វផ្សាយ​និង​រុញ​កីឡា​អត្តសញ្ញាណ​របស់​យើង​នេះ​ឱ្យ​ជ្រួតជ្រាប​ទៅលើ​ពិភពលោក​...»៕