ភ្នំពេញៈ ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិគុនដាវកម្ពុជា ដែលទើបបានបំបែកកំណត់ត្រាឈ្នះមេដាយ ជាលើកដំបូង ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ នេះ ត្រូវបានសហព័ន្ធកីឡាគុនដាវកម្ពុជា កោះហៅឱ្យប្រមូលផ្តុំហ្វឹកហាត់ឡើងវិញ ដើម្បីពង្រឹងសមត្ថភាពបន្ថែម ត្រៀមចូលរួមការប្រកួតអន្តរជាតិធំៗ ក្នុងឆ្នាំ ២០២៣ នេះ ជាពិសេសការប្រកួតកីឡាសាកលវិទ្យាល័យពិភពលោក លើកទី៣១ នៅទីក្រុងឈិនឌូ និងការប្រកួតកីឡាអាស៊ី លើកទី១៩ នៅទីក្រុងហានចូវ ប្រទេសចិន។
កីឡាករចំនួន៩នាក់ និងកីឡាការិនី ៤នាក់ ត្រូវបានកោះហៅឱ្យចូលហ្វឹកហាត់ឡើងវិញលើកនេះ ខណៈការធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ដែលទើបបានបញ្ចប់ កាលពីថ្ងៃទី១៧ ខែឧសភា កន្លងមកនេះ ក្រុមជម្រើសជាតិគុនដាវកម្ពុជា បានបំបែកកំណត់ត្រាឈ្នះមេដាយសំរឹទ្ធ ចំនួន២ ជាលើកដំបូង ដែលរកបានកីឡាការិនី ឆ័យ លីនលីលើវិញ្ញាសាដាវកាប់ឯកត្តជន និងប្រកួតដាវកាប់ ជាក្រុមនារីរបស់កីឡាការិនី ឆាយ លីនលី,យីលីហ្សា, ស៊ន និច និង ប៉ែន ណារីតា។
យ៉ាងណាក៏ដោយ ទាំង ឆាយ លីនលី, យី លីហ្សា និង សន និច មិនបានចូលរួមហ្វឹកហាត់ជាមួយក្រុមគុនដាវបន្តទៀតនោះទេ ដោយសារពួកគេបានកំណត់គោលដៅប្រកួតរបស់ខ្លួនត្រឹមស៊ីហ្គេម ឆ្នាំ២០២៣នេះ ខណៈបេក្ខភាពផ្សេងទៀត បានចូលមកហ្វឹកហាត់វិញទាំងអស់ ចំណែកកីឡាករ រស់ រិទ្ធី និង រ៉ាវីស រ័ង្គវីលលីក្សក៏ត្រូវបានដាក់ឱ្យចូលរួមហ្វឹកហាត់ផងដែរ បន្ទាប់ពីអ្នកទាំង២ បានខកខានចូលរួមប្រកួតស៊ីហ្គេម នៅលើទឹកដីខ្លួនឯង ដោយសារលើសចំនួនកំណត់នោះ។
ចំពោះក្រុមអត្តពលិកទាំង១៣នាក់នេះត្រូវបានដាក់ឱ្យហ្វឹកហាត់ ដោយផ្តោតសំខាន់ទៅលើវិញ្ញាសាចំនួន៣ គឺវិញ្ញាសាដាវកាប់ មានកីឡាករ ហេង ឬទ្ធី, អ៊ិន សុវណ្ណសេរីពេជ្រកីឡាការិនី ប៉ែន ណារីតាវិញ្ញាសាដាវតូច មានកីឡាករ រឿន មករា, រស់ រិទ្ធី, ភន ឈាងហ័ន កីឡាការិនី ហៃ ស្រីស្រស់ និងវិញ្ញាសាដាវធំ មានកីឡាករ ថុង តាំងជីង, រ៉ា ណាថាន់, សាវឿន ស័កនុ, រ៉ាវីស រ័ង្គវីលលីក្ស, កីឡាការិនី សម រដ្ឋាដារីម និងកីឡាការិនី ម៉ែន ម៉ូនីកា។
លោក សុខ អាង អគ្គលេខាធិការសហព័ន្ធកីឡាគុនខ្មែរកម្ពុជា បានចាត់ទុកការប្រមូលផ្តុំឡើងវិញនេះ ជាចំណុចដ៏សំខាន់ ដើម្បីត្រៀមចូលរួមការប្រកួតអន្តរជាតិធំៗ ទៅតាមផែនការសកម្មភាពការងារ សម្រាប់ឆមាសទី២ ឆ្នាំ២០២៣ របស់សហព័ន្ធ ក្នុងនោះមានការប្រកួតកីឡាសាកលវិទ្យាល័យពិភពលោក លើកទី៣១ (31st World Universaide Games) នៅទីក្រុងឈិនឌូប្រទេសចិន ពីថ្ងៃទី២៨ កក្កដា ដល់ថ្ងៃទី៨ សីហា ដោយព្រឹត្តិការណ៍នេះ បានទទួលការអនុញ្ញាតពីក្រសួងអប់រំយុវជន និងកីឡា រួចហើយ។
បន្ថែមលើនេះ ក្រុមគុនដាវកម្ពុជា ក៏ត្រៀមចូលរួមការប្រកួតកីឡាអាស៊ី លើកទី១៩ (19th Asian Games)នៅទីក្រុងហានចូវប្រទេសចិន ពីថ្ងៃទី២៣ កញ្ញា ដល់ថ្ងៃទី៨ តុលា, ការប្រកួតកីឡាយុទ្ធគុន និងក្នុងសាល លើកទី៦ នៅទីក្រុងបាងកក-ឈុនបូរី ប្រទេសថៃ នាខែវិច្ឆិកានិងការប្រកួតពានរង្វាន់ពិភពលោកយុវជនដាវតូច នៅទីក្រុងបាងកក ក្នុងខែធ្នូ ឆ្នាំ២០២៣។
ផ្តោតលើការប្រកួត World Universaide Gamesលោក សុខ អាង បានឱ្យដឹងថា នឹងមានក្រុមអត្តពលិក មកពីជុំវិញពិភពលោក ចូលរួម អ៊ីចឹងអ្វីដែលក្រុមគុនដាវកម្ពុជា អាចធ្វើបាន គឺពួកគេ អាចឆ្លងផុតការប្រកួតជម្រុះ ពី៣ទៅ៤ដំណាក់កាល ដើម្បីឡើងទៅដល់វគ្គ៣២នាក់ចុងក្រោយ ដែលជាកម្រិតល្អបំផុតហើយ បើប្រៀបធៀបទៅនឹងកម្រិត ឬចំណាត់ថ្នាក់របស់ប្រទេសនីមួយៗ នៃប្រភេទកីឡាគុនដាវនេះ។
លោក សុខ អាង បានបន្ថែមថា៖«ការចេញទៅប្រកួតឱ្យបានច្រើន នៅក្នុងព្រឹត្តិការណ៍ធំៗ បានផ្តល់បទពិសោធន៍យ៉ាងល្អដល់ក្រុមគុនដាវរបស់យើង ព្រោះបើយើងប្រកួតតែក្នុងកម្រិតអាស៊ាន គឺកម្រិតប្រកួតប្រជែង មិនលើសខ្វះគ្នាប៉ុន្មានទេ ដោយសារក្នុងតំបន់អាស៊ាននេះ មានតែសិង្ហបុរី និងវៀតណាម ដែលខ្លាំង អ៊ីចឹងនៅពេលពួកគាត់បានយកឈ្នះអ្នកខ្សោយ គាត់នឹងមានមោទនភាពថា ខ្លួនឯងខ្លាំង ប៉ុន្តែធាតុពិត មិនដូច្នេះឡើយ គាត់ខ្លាំង ក្នុងចំណោមអ្នកខ្សោយទេ តែយើងចង់ជំរុញឱ្យគាត់ខ្លាំង ក្នុងចំណោមអ្នកខ្លាំង ទើបពូកែ»។
ជាមួយគ្នានេះ លោក សុខ អាង បានអះអាងថា ក្រុមសិង្ហបុរី និងវៀតណាម ដែលមានសមត្ថភាពលេចធ្លោជាងគេ នៅអាស៊ាននេះ ដោយសារគេបានបញ្ជូនក្រុមអត្តពលិករបស់គេ ទៅហ្វឹកហាត់ និងប្រកួតកម្រិតអាស៊ី និងពិភពលោក បានញឹកញាប់ ហើយជាលទ្ធផលនៃការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣នេះ ប្រទេសទាំង២នេះ ពិតជាធ្វើបានល្អ ដោយក្នុងនោះ សិង្ហបុរី ឈរនៅលេខ១ ដោយឈ្នះបានមេដាយមាស៧ ប្រាក់៣ សំរឹទ្ធ៦ និងវៀតណាម ឈរនៅលេខ២ ដោយបានមាស៤ ប្រាក់៣ និងសំរឹទ្ធ៣។
លោក សុខ អាង បញ្ជាក់ថា៖ «កីឡាគុនដាវនេះ កម្លាំងបានពីការហ្វឹកហាត់ គ្រាន់តែជាផ្នែកមួយ ដែលធ្វើឱ្យគាត់មានភាពអំណត់ ប៉ុន្តែការប្រកួតយើងត្រូវការចាំបាច់នូវកលល្បិច និងយុទ្ធសាស្រ្ត ថាតើគាត់ត្រូវបំបែកក្បាច់បែបណា និងមានយុទ្ធវិធីអ្វី ក្នុងការយកឈ្នះលើដៃគូ ហើយដើម្បីទទួលបានបទពិសោធន៍ទាំងនេះ វាលុះត្រាតែយើងបានចេញទៅប្រកួត នៅក្រៅប្រទេសញឹកញាប់»។
ជាមួយគ្នានេះ លោក សុខ អាង បានបង្ហើបថា ការផ្តល់ឱកាសឱ្យក្រុមអត្តពលិក ចេញទៅប្រកួត នៅក្រៅប្រទេសឱ្យបានច្រើន ក៏ស្ថិតនៅក្នុងផែនការយុទ្ធសាស្រ្តរបស់សហព័ន្ធកីឡាគុនដាវកម្ពុជា ដើម្បីឈានទៅសម្រេចគោលដៅ ដណ្តើមបានមេដាយមាស ក្នុងស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃផងដែរ ខណៈស៊ីហ្គេម ឆ្នាំ២០២៣នេះ យើងមិនអាចដណ្តើមបានមេដាយមាសនោះ។
លោកបញ្ជាក់ថា៖ «កាលប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ យើងមិនបានបញ្ជូនអត្តពលិកទៅចូលរួមការប្រកួតព្រឹត្តិការណ៍ធំៗ នៅក្រៅប្រទេសនោះទេ ប៉ុន្តែសម្រាប់ផែនការរបស់សហព័ន្ធ សម្រាប់ការឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ គឺយើងត្រូវចេញទៅប្រកួតនៅក្រៅ ឱ្យបាន៤ទៅ៥ដង ក្នុង១ឆ្នាំ ហើយផែនការនេះត្រូវចាប់ផ្តើមពីពេលនេះទៀត ទើបយើងអាចមើលឃើញច្បាស់ពីគុណផល នៃការឈានទៅសម្រេចតាមគោលដៅរបស់យើងបាន»៕