សហព័ន្ធកីឡាបាល់ទះកម្ពុជា បានសម្រេចផ្លាស់ប្តូរលក្ខន្តិកនៃការប្រកួតកីឡាបាល់ទះ ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៣ រដូវកាល ឆ្នាំ២០២៤ ដោយមិនអនុញ្ញាតិឱ្យកីឡាករជម្រើសជាតិ ឬកីឡាករមានសមត្ថភាពកម្រិតAក្នុងក្រុមតែមួយ ចូលលេងនៅលើទីលានលើសពី២នាក់នោះទេ។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានថ្លែងក្នុងពិធីចាប់ពូល នៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល កាលពីថ្ងៃទី២៨ ខែវិច្ឆិកាថា លោកមិនខ្វល់ថា ក្រុមណាចុះបញ្ជីកីឡាករកម្រិតA បានប៉ុន្មាននាក់ និងផ្លាស់ប្តូរឱ្យចូលលេងបែបណានោះទេ ប៉ុន្តែសំខាន់ពេលបាល់វិល នៅលើទីលាន នៃការប្រកួតពានសម្តេចក្រឡាហោម ស ខេង ឆ្នាំនេះ គឺក្រុមនីមួយៗអាចដាក់កីឡាករកម្រិតA ឱ្យចូលលេងបានត្រឹម២នាក់ប៉ុណ្ណោះ និងកីឡាករបរទេស១នាក់ ចំណែកកីឡាករ៣នាក់ទៀត ត្រូវតែជាកីឡាករកម្រិតB ឬជាយុវជន។
ចំពោះការកែប្រែលក្ខន្តិកប្រកួតនេះ លោក សិរីពិសិដ្ឋ បានបញ្ជាក់ថា៖ «ជាទូទៅកីឡាករជម្រើសជាតិភាគច្រើនស្ថិតនៅក្នុងក្លិបវិសាខា ហើយពានបង្កើតមក គឺភាគច្រើនក្រុមវិសាខាយកអស់ហើយ អ៊ីចឹងយើងមិនចង់ឱ្យទៅជាបែបហ្នឹងទេ។ យើងចង់បើកឱកាសឱ្យបានច្រើនទៅដល់បណ្តាក្លិបផ្សេងៗទៀត ឱ្យគាត់មានឱកាសឈោងចាប់យកពានរង្វាន់ហ្នឹងបានដែរ»។
ជាមួយការកែប្រែលក្ខខណ្ឌប្រកួត ដោយកំណត់ចំនួនកីឡាករកម្រិតA ឱ្យចូលលេងនៅលើទីលានបានតែ២នាក់ក្នុង១ក្រុមនេះ ក៏ជាការកែប្រែនូវផ្នត់គំនិតរបស់ថ្នាក់ដឹកនាំ ឬគ្រូបង្វឹកនៅតាមក្លិបមួយចំនួនផងដែរ ដែលកន្លងមក ផ្តល់ឱកាសឱ្យតែកីឡាករមានបទពិសោធន៍ច្រើន ចូលលេង ហើយមិនបានមើលឃើញពីសម្ទុះ និងឆន្ទៈចង់បង្ហាញសមត្ថភាពរបស់កីឡាករវ័យក្មេង ដែលជាអ្នកបន្តវេន។
នៅត្រង់ចំណុចនេះ លោក អាំង សិរីពិសិដ្ឋ បានថ្លែងថា៖ «ចំពោះទំនោរដឹកនាំវិស័យបាល់ទះ កាលពីដើម គឺទោះបីជាកីឡាករជើងចាស់របស់គាត់ មានគុណផលធ្លាក់ចុះទៅហើយ ប៉ុន្តែគាត់នៅតែទុកចិត្ត ដោយមិនផ្តល់ឱកាសឱ្យយុវជនចូលលេងទេ អ៊ីចឹងក្រោយការកែប្រែនៅឆ្នាំនេះ ខ្ញុំជាក់ថា កីឡាករយុវជនរបស់យើង នឹងមានឱកាសបានលេងច្រើន ដើម្បីបង្កើនសមត្ថភាពថែមទៀត»។
ការប្រកួតកីឡាបាល់ទះពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤នេះ មានក្រុមចំនួន៣១ បានដាក់ពាក្យចូលរួម ដោយចែកជា៨ពូល ហើយការប្រកួតជម្រុះតាមពូលនីមួយៗ នឹងចាប់ដំណើរការពីថ្ងៃទី១០ ខែធ្នូតទៅ ដើម្បីស្វែងរកក្រុមលេខ១ និងលេខ២ តាមពូលទាំង៨ ឡើងទៅប្រកួតវគ្គ១៦ក្រុម នៅថ្ងៃទី១៨ រួចទើបយកក្រុមឈ្នះឡើងទៅប្រកួតវគ្គខ្វែង នៅថ្ងៃទី២០ ហើយបន្តយកក្រុមឈ្នះឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃទី២១ និងឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី២២ ខែធ្នូ។
សម្រាប់ការចុះឈ្មោះចូលរួមរបស់ក្រុមបាល់ទះទាំង៣១នេះ ត្រូវបានលោក អាំង សិរីពិដ្ឋ ចាត់ទុកថា ជាចំនួនដ៏ច្រើន មិនធ្លាប់មាន ហេតុនេះការកែប្រែលក្ខន្តិកប្រកួត ដើម្បីធ្វើឱ្យគ្រប់ក្រុម សុទ្ធតែមានឱកាសប្រជែងយកពាននេះ វាជាការលើកទឹកចិត្តដ៏សំខាន់ ក្នុងការជំរុញឱ្យថ្នាក់ដឹកនាំ នៅតាមក្លិបនីមួយៗ កាន់តែមានទំនុកចិត្ត និងក្តីសង្ឃឹម ក្នុងការពង្រឹងគុណផលកីឡាករនៅក្នុងក្លិបរបស់ខ្លួន ដើម្បីជាប្រយោជន៍ដល់វិស័យកីឡាមួយនេះ ក្នុងការជ្រើសរើសបានធនធានកាន់តែល្អ សម្រាប់ប្រកួតតំណាងឱ្យជាតិ។
លោក សិរីពិសិដ្ឋ បានបញ្ជាក់ថា៖ «យើងចង់ឱ្យក្លិបទាំងអស់ នៅតាម២៥រាជធានី-ខេត្ត មានឱកាសស្មើៗគ្នា ក្នុងការដណ្តើមយកពានមួយនេះ ហើយនៅពេលក្លិបមានឱកាសកាន់តែធំ ខ្ញុំជឿជាក់ថា គាត់នឹងកាន់តែដាក់ចិត្តដាក់កាយអភិវឌ្ឍក្លិបរបស់ខ្លួន ហើយនៅពេលណាក្លិបខ្លាំង យើងក៏អាចជ្រើសរើសកីឡាករខ្លាំងៗមកថែមទៀត»។
លោកបន្ថែមថា៖ «នៅពេលយើងយកកីឡាករទាំងនោះ មកបំពាក់បំប៉នចំណេះជំនាញបន្ថែម នៅក្នុងជំរំហ្វឹកហាត់ជម្រើសជាតិ គឺគុណផលរបស់ពួកគាត់ នឹងមានការកើនឡើងគុណនឹង២ ហើយនេះជាទស្សនៈដ៏វែងឆ្ងាយរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ពាក់ព័ន្ធនឹងយុវជនបន្តវេន នៅក្នុងវិស័យបាល់ទះរបស់យើង»៕