សហព័ន្ធ​កីឡាវាយកូន​ឃ្លីលើ​តុ​កម្ពុជា ក្រោមការដឹកនាំ​របស់​​លោក គៀត ច័ន្ទថារិទ្ធ ទើបតែ​​បណ្តុះបណ្តាល​បាន​​គ្រូ​បង្វឹក​កម្រិត​១​ចំនួន​២៥​នាក់ ដើម្បី​រួមចំណែក​អភិវឌ្ឍ​វិស័យ​កីឡានេះ តាម​រយៈការ​បណ្តុះ​បណ្តាល​ធនធាន​កីឡាករ​កីឡាការិនី​វ័យក្មេង​ឱ្យ​បានកាន់តែ​ច្រើន ដើម្បី​ត្រៀម​​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី លើក​ទី​៥ ឆ្នាំ​២០២៩ ដែលកម្ពុជា ត្រូវ​ធ្វើ​ម្ចាស់​ផ្ទះ ជា​ប្រវត្តិ​សាស្រ្ត​លើក​ដំបូង។

គ្រូ​បង្វឹក​ទាំង​២៥​នាក់​នេះ គឺជា​សិក្ខាកាម ដែល​ទើប​បាន​បញ្ចប់​វគ្គ​សាមគ្គី​អូឡាំពិក ស្តី​ពី គ្រូ​បង្វឹក​កីឡា​វាយ​កូន​ឃ្លី​លើតុ​កម្រិត​១ ក្រោម​ការ​បង្ហាត់​បង្ហាញពី​គ្រូ​ឧទ្ទេស​មកពី​សហ​ព័ន្ធ​កីឡាវាយ​កូន​ឃ្លី​លើ​តុ​អន្តរ​ជាតិ (ITTF) ​ពីថ្ងៃទី​២ ដល់​ទី​​៩ ខែធ្នូ ហើយ​វគ្គនេះ​ជា​ជំនួយ​ឧបត្ថម្ភ​របស់គម្រោង​សាមគ្គី​អូឡាំពិក ដើម្បី​ជំរុញ​ឱ្យ​វិស័យ​កីឡា​វាយកូនឃ្លី​លើ​តុ​នៅ​កម្ពុជា កាន់តែ​មានការ​រីកចម្រើន។

ជាមួយ​គ្នា​នេះ លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សា​ប្រចាំការ​នៃ​គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិកកម្ពុជា បាន​សម្តែង​ការ​កោត​សរសើរ និង​វាយ​តម្លៃ​ខ្ពស់ ចំពោះ​ការ​ខិតខំ​យក​ចិត្ត​ទុក​ដាក់​របស់សិក្ខាកាម​ទាំង​២៥​នាក់ ក្នុង​ការ​ស្រូប​យក​ចំណេះ​ដឹង​ថ្មីៗ ពី​គ្រូ​ឧទ្ទេស​កម្រិត​អន្តរជាតិ​របស់ ITTF ពាក់ព័ន្ធ​នឹង​គោលការណ៍​គ្រឹះ​នៃ​ការ​បង្វឹក​កីឡា​វាយ​កូន​ឃ្លីលើ​តុ ហើយ​លោកជឿ​ថា វគ្គ​បណ្តុះបណ្តាល​នេះ នឹង​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​កីឡា​វាយ​កូន​ឃ្លី​លើតុ​នៅ​កម្ពុជា។

លោក​បាន​បញ្ជាក់​នៅ​ក្នុង​ពិធី​បិទ​វគ្គ​កាល​ពី​ថ្ងៃ​៩ ខែធ្នូ​​ថា៖ «​ខ្ញុំ​សង្ឃឹម​ថា សិក្ខាកាម​ទាំងអស់​នឹង​យក​ចំណេះ​ដឹង និង​បច្ចេកទេស​ថ្មីៗ ដែល​បាន​សិក្សា​ទៅ​ប្រើ​ប្រាស់ ដើម្បី​អភិវឌ្ឍ​ធនធានអត្តពលិក ឈាន​ឆ្ពោះ​ទៅ​ទទួល​បាន​ជោគជ័យ​ សម្រាប់​ការ​ប្រកួត​កីឡា​កម្រិត​ជាតិ និង​អន្តរជាតិ ជាពិសេស​ការ​ចូល​រួម​ជាមួយ​សហព័​ន្ធ ដើម្បី​អភិវឌ្ឍ​ធនធាន​អត្តពលិក​យុវជន​ថ្នាល ត្រៀម​ការប្រកួត​កីឡា​យុវជន​អាស៊ី ឆ្នាំ២០២៩ នៅ​កម្ពុជា»។

លោក​បន្ថែម​ថា៖ «ក្នុង​នាម​ខ្ញុំ​ជា​អតីត​ថ្នាក់​ដឹក​នាំ​សហព័ន្ធ​កីឡា​វាយ​កូនឃ្លី​លើតុ​កម្ពុជា ១រូប ខ្ញុំ​សូម​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ ជា​ប្រធានសហព័ន្ធ និង​គណៈកម្មាធិការ​ប្រតិបត្តិ ចំពោះ​ការដឹកនាំ​ប្រកប​ដោយ​ភាព​ប៉ិន​ប្រសប់ និង​ឆន្ទៈខ្ពស់ ក្នុងការ​អភិវឌ្ឍ​កីឡាវាយ​កូន​ឃ្លី​លើ​តុ​ឱ្យ​ក្លាយ​ជា​ប្រភេទ​កីឡា​ដ៏​មាន​សក្តានុពល និង​ប្រជា​ប្រិយ​ភាព​នៅ​កម្ពុជា»។

ចំណែក​លោក Trevor James ជាគ្រូឧទ្ទេសអន្តរជាតិ​របស់ ITTF បាន​ឱ្យ​ដឹង​ថា មេរៀន​ដែល​បាន​សិក្សា​ក្នុង​​វគ្គនេះ រួម​មាន ការ​បង្វឹក​កម្រិត​ដំបូង និង​តាម​សាលា​រៀន​, មគ្គុទ្ទេសក៍​ជំនួយអំពី​ការ​សង្គ្រោះ​បឋម​កម្រិត​ស្រាល, សកម្មភាពសប្បាយៗ​សម្រាប់​បង្ហាត់​កីឡា​វាយ​កូន​ឃ្លី​លើ​តុ, ដំណាក់​កាល​មូល​ដ្ឋាន និង​កម្រិតខ្ពស់, បច្ចេកទេស​ចេញសេវា, មូល​ដ្ឋាន​គ្រឹះ​នៃ​ការ​បម្លាស់​ទី, បច្ចេកទេស​បោះ​បាល់​ច្រើន, ប្រវត្តិ និង​ច្បាប់​កីឡា​វាយ​កូន​ឃ្លី​លើតុ​សម្រាប់​ប៉ារ៉ា, ការ​អប់រំកាយកម្រិត​មូល​ដ្ឋាន, ការ​រៀបចំ​ផ្លូវ​ចិត្ត​ជា​មូល​ដ្ឋាន/ដំណើរ​ការ​ចិត្ត​សាស្ត្រ​កីឡា, ការ​ចាត់​ថ្នាក់​កីឡា​វាយកូន​ឃ្លី​លើ​តុ​សម្រាប់​ប៉ារ៉ា, ការ​រៀបចំ និង​គ្រប់​គ្រង​ការ​ប្រកួត។

ប្រតិភូកីឡាប្រដាល់​គុនខ្មែរ ពេលធ្វើដំណើរ​ទៅកាន់ប្រទេស​អូស្ត្រាលី ដើម្បី​ចូលរូមការ​ប្រកួត KSF Kun Khmer Super Fight នៅទី​នោះ។ រូប​ថត សហព័ន្ធ

ជាលទ្ធផល​ក្រោយ​បញ្ចប់​ការ​សិក្សា លោក Trevor James បានបញ្ជាក់​ថា៖ ​«សរុប​សិក្ខាកាម ដែល​ជាប់​មាន​ចំនួន​២៣​នាក់ ក្នុង​ចំណោម​២៥​នាក់ ស្មើ​នឹង​៩២​ភាគ​រយ ដែល​ជា​ចំនួន​ដ៏​ល្អសម្រាប់​វគ្គ​សិក្សា​នេះ ប៉ុន្តែ​តួរ​លេខ​មិនអាច​បង្ហាញ​ពី​រឿងរ៉ាវបាន​ពេញលេញ​នោះ​ទេ គឺ​ជារួមបុគ្គល​ម្នាក់ៗ សុទ្ធតែ​មាន​គុណភាព​ខ្ពស់»។

ជាមួយ​គ្នា​នេះ លោក Trevor James មាន​ភាព​​ស្ញប់ស្ញែង និង​កោត​សរសើរ​ចំពោះអាកប្ប​កិរិយា​របស់​សិក្ខាកាម​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​របស់​កម្ពុជា​ទាំង​អស់ ដែល​ចង់​រៀន​បន្ថែម  នៅ​វគ្គ​ក្រោយៗ​ទៀត ដើម្បី​ពង្រឹង​សមត្ថ​ភាព​របស់​ខ្លួន​ឱ្យ​កាន់​តែ​ប្រសើរ និង​មាន​មូល​ដ្ឋាន​គ្រឹះ​ក្នុងការ​បង្វឹក​ដល់​កីឡាករ កីឡាការិនីជំនាន់​ក្រោយ​កាន់តែ​ច្បាស់ ក្នុងដំណើរទៅ​​បង្កើតបាន​ធនធាន​អត្តពលិក​ឆ្នើម​ជំនាន់​ក្រោយ សម្រាប់​ប្រកួត​តំណាង​ឱ្យ​ជាតិ នៅលើ​ឆាក​អន្តរជាតិ។

លោក Trevor James បាន​បញ្ជាក់​នៅ​ចំពោះ​មុខ​សិក្ខាកាម​ទាំង​អស់បែប​នេះ​ថា៖​ «អ្នកនឹង​ទទួល​បាន​ការ​ជំរុញ​ទឹក​ចិត្ត​ពី​អត្តពលិក​របស់​អ្នក នៅ​ពេល​អ្នក​បន្ត​បោះ​ជំហាន​ទៅ​មុខ​ក្នុង​បទពិសោធន៍​បង្វឹក​របស់​អ្នក។ ប្រសិន​បើ​អ្នក​បន្ត​ខិតខំប្រឹង​ប្រែង នោះខ្ញុំ​ប្រាកដ​ថា អ្នក​នឹង​រក​ឃើញ អត្ថប្រយោជន៍ និង​រង្វាន់​ពី​ការ​មើល​ឃើញ​អត្តពលិក​របស់​ខ្លួន មានភាព​រីក​ចម្រើន​រហូត​ឈាន​ដល់កម្រិត​ប្រកួត​ប្រជែង ទោះ​លទ្ធផល​ចុង​ក្រោយ​ទៅ​ជា​បែបណា!»៕