ក្រុង​ប្រ៊ីសបាន៖ ក្រុម​អ្នក​ស្រាវជ្រាវ​អូស្ដ្រាលី​កំពុង​សិក្សា​ «​ការ​ទទួល​ស្គាល់​មុខ​» សត្វ​កូអាឡា ដែល​មាន​បំណង​អង្កេត​ពី​អត្ដចរិត​​របស់​ថនិកសត្វ​នេះ​ ក៏ដូចជា​ការ​ផ្ដល់​ជំនួយ​អភិរក្ស​ពួកវា។

ក្រុម​ការងារ​មក​ពី​សាកលវិទ្យាល័យ​ Griffith University ព្យាយាម​ប្រើ​ប្រាស់​បច្ចេកវិទ្យា​វៃ​ឆ្លាត​ដើម្បី​សង្ខេត​មើល​មុខ​សត្វ​កូអាឡា​នីមួយៗ​ ពេល​ពួកវា​ឆ្លង​កាត់​ផ្លូវ​ព្រៃ​ក្នុង​រដ្ឋ​ឃ្វីន​លែន។

ផ្លូវ​ក្រោម​ដី និង​ស្ពាន​ពិសេស​សម្រាប់​សត្វ​ត្រូវបាន​តម្លើង​នៅ​តាម​វិថី​មមាញឹក​នានា​ក្បែរ​ជម្រក​សត្វ​កូអាឡា ដើម្បី​ឱ្យ​ពួកវា​ធ្វើដំណើរ​ដោយ​សុវត្ថិភាព​ចៀស​ឆ្ងាយ​ពី​កង់​រថយន្ដ។

ជំនួយ​ការ​សាស្ដ្រាចារ្យ ជុន ហ៊្សូ ដែល​ដឹក​នាំ​ការ​សិក្សា បាន​និយាយ​ថា គេ​ជឿថា បច្ចេកវិទ្យា​វៃ​ឆ្លាត AI នឹង​បញ្ចប់​តម្រូវ​ការ​ត្រួត​ពិនិត្យ​កាមេរ៉ា​ដោយ​ដៃ​ ដើម្បី​កំណត់​ពូជ​ណា​ដែល​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​ផ្លូវ។

លោក​បាន​និយាយ​ថា​៖ «​បច្ចុប្បន្ន ជាមួយ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​​វៃ​ឆ្លាត​យ៉ាង​ឆាប់​រហ័ស​រយៈ​ពេល ១០​ ឆ្នាំ​ចុង​ក្រោយ​នេះ វា​មាន​ប្រសិទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​ជួយ​ឱ្យ​ស្គាល់​មុខ​សត្វ​កូអាឡា​នីមួយៗ​ពេល​ពួកវា​ឆ្លង​ផ្លូវ​»។

ក្រុម​អ្នក​ស្រាវជ្រាវ​អូស្ដ្រាលី​សិក្សា​ «​ការ​ទទួល​ស្គាល់​មុខ​» សត្វ​កូអាឡា ដែល​មាន​បំណង​អង្កេត​ពី​អត្ដចរិត​​របស់​ថនិកសត្វ​នេះ​។ AFP

ក្រុម​អ្នក​ស្រាវជ្រាវ​ធ្លាប់​បាន​ប្រើ​ស្លាក​ឈ្មោះ និង​បច្ចេកវិទ្យា​​ GPS ដើម្បី​តាមដាន​កូអាឡា។ សាកលវិទ្យាល័យ Griffith University បាន​ឱ្យដឹង​ថា ក្រុម​ការងារ​នឹង​ធ្វើ​ការ​ជាមួយ​ក្រុម​អភិរក្ស​លើ​ការ​បណ្ដុះ​បណ្ដាល​ AI ក្នុង​ការ​បែង​ចែក​រវាង​សត្វ​នីមួយៗ​ដោយ​អាស្រ័យ​លើ​រូបរាង និង​ចលនា​របស់​ពួកវា។

ពួកគេ​សង្ឃឹម​ថា ទិន្នន័យ​នេះ​នឹង​បង្ហាញ​លទ្ធផល​កាន់តែ​ច្បាស់​ពី​របៀប​សត្វ​កូអាឡា​ឆ្លង​ផ្លូវ​ប្រសព្វ​ក្នុង​ព្រៃ ហើយ​ថាតើ​ផ្លូវ​ប្រសព្វ​ទាំង​នោះ​អាច​ការពារ​ដល់​សត្វ​ពី​បញ្ហា​របួស​ស្នាម​បង្កើ​តឡើង​​ដោយ​យានយន្ដ។

គម្រោង​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​កំពុង​ត្រូវបាន​ស្ថាបនិក​នៅ​តំបន់​បំពាក់​កាមេរ៉ា​ចំនួន ២០​ក្បែរ​ទីក្រុង​ប្រ៊ីសបាន ក្នុង​ខែ​កក្កដា។

កូអាឡា រស់​នៅ​តា​មឆ្នេរ​ភាគ​ខាង​កើត​ប្រទេស​អូស្ដ្រាលី តែ​ត្រូវបាន​ចាត់​ទុក​ជា​សត្វ​ងាយ​រង​គ្រោះ​ចំពោះ​ការ​ផុត​ពូជ និង​ប្រឈម​ការ​គំរាម​កំហែងជា​ច្រើន​ រួមទាំង ការ​បាត់​បង់​ជម្រក​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ការ​អភិវឌ្ឍ​ និង​ភ្លើង​ឆេះ​ព្រៃ​ ដែល​បំផ្លាញ​ព្រៃ​ឈើ​អស់​ជា​ច្រើន​ចន្លោះ​ឆ្នាំ​ ២០១៩ ឆ្នាំ​ ២០២០​៕ AFP/HR

ក្រាហ្វិក​បង្ហាញ​​ព័ត៌មានសង្ខេបពី​សត្វ​កូអាឡា នៅ​ប្រទេសអូស្ត្រាលី។ AFP