ភ្នំពេញ៖ អ្នកស្រឡាញ់ផ្នែកបច្ចេកវិទ្យាដោយអត់មានបទពិសោធ ដែលអាចជួបការលំបាកក្នុងការក្លាយខ្លួនជាអ្នកអភិវឌ្ឍន៍សូហ្វវែរ គួរដាក់ពាក្យសិក្សានៅក្នុងកម្មវិធីបណ្ដុះបណ្ដាល bootcamp ក្នុងការចាប់យកក្ដីស្រមៃត្រឹមរយៈពេល ១២ ខែ។
សិស្ស-និស្សិត និងបុគ្គលិកដែលមាន ឬក៏មិនមានបទពិសោធផ្នែកបច្ចេកវិទ្យា តែស្រឡាញ់វិស័យនេះ អាចដាក់ពាក្យសុំអាហារូបករណ៍សិក្សាជាមួយ Sabai Code ដែលបានទទួលការឧបត្ថម្ភពីក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុកមួយ ដើម្បីជ្រើសរើសបេក្ខភាពសក្ដានុពលសម្រាប់វគ្គសិក្សានេះ។
លោក ឡេង ពិសិដ្ឋ ជាសហស្ថាបនិក Sabai Code បាននិយាយថា៖ «សម្រាប់អ្នករៀនចប់យូនី (University) ឬចង់ចូលយូនី ដើម្បីក្លាយខ្លួនជា Software Developer គាត់អាចមករៀនជាមួយនឹងយើង។ នៅពេលដែលរៀនចប់ យើងជួយរកការងារឱ្យគាត់ទៀត ពីព្រោះយើងមានបណ្ដាញរបស់យើងច្រើនដែលត្រូវការបុគ្គលិកផ្នែកនេះ»។
លោក ពិសិដ្ឋ បានមើលឃើញពីតម្រូវការកើនឡើងចំពោះអ្នកអភិវឌ្ឍន៍ផ្នែកសូហ្វវែរនៅប្រទេសកម្ពុជា ជាទីដែលមានអ្នកជំនាញផ្នែកនេះតិចតួចនៅឡើយ។ លោកបានសម្រេចចិត្ដបង្កើតកម្មវិធីសិក្សាវគ្គខ្លី ដើម្បីចូលរួមចំណែកបង្កើតធនធានមនុស្ស។
លោក ពិសិដ្ឋ ជាអ្នកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុនៅ Sabai Code ផងនោះ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «គោលបំណងរបស់យើង គឺចង់អភិវឌ្ឍ software developers ជំនាន់ថ្មី។ ប៉ុន្ដែការសិក្សាវគ្គខ្លីៗតម្រូវពេលវេលាយូរក្នុងការបញ្ចប់ មុនពេលពួកគេអាចស្វែងរកការងារធ្វើបាន»។
លោកបន្ដថា៖ «អ៊ីចឹង យើងនឹកឃើញបង្កើតជាគំនិតមួយហៅថា bootcamp ជាកម្មវិធីបណ្ដុះបណ្ដាលសម្រាប់រៀនពេញម៉ោង ដោយមិនមែនជាការរៀនក្រៅម៉ោង ឬវគ្គខ្លីដូចមុននោះទេ។ ១ អាទិត្យ ៥ ថ្ងៃ ១ ថ្ងៃរៀនពេញម៉ោងពី ៣ ទៅ ៤ ម៉ោងដូចនៅមហាវិទ្យាល័យដែរ»។
Sabai Code ជ្រើសរើសបេក្ខភាពតែ ១៥ នាក់ សម្រាប់វគ្គសិក្សា ១ ចប់ និងមានតម្លៃ ១ ២០០ ដុល្លារ សម្រាប់សិស្សម្នាក់។ bootcamp ទទួលបានការចាប់អារម្មណ៍ពីក្រុមហ៊ុន សែលកាត ដោយសារក្រុមហ៊ុននេះតែងតែយកចិត្ដទុកដាក់ចំពោះបច្ចេកវិទ្យា។
ចំពោះអ្នកចង់ឆាប់រៀនចប់ និងឆាប់បានចូលធ្វើការ លោក ពិសិដ្ឋ និយាយថា៖ «សែលកាតបានឧបត្ថម្ភដល់សិស្ស ១០ នាក់ ហើយក្រុមហ៊ុនកាន់តែមានមុខមាត់ ពេលសិស្សបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ»។
នាយកប្រតិបត្ដិក្រុមហ៊ុន សែលកាត លោក Ian Watson មើលឃើញកម្មវិធីសិក្សា bootcamp គឺជាកម្លាំងចលករក្នុងការលើកទឹកចិត្ដដល់យុវជនឱ្យចាប់យកឱកាសការងារក្នុងវិស័យឌីជីថល។
លោកបានឱ្យដឹងថា៖ «យើងត្រូវការបង្កើនជំនាញឌីជីថល ដូចជា ការសរសេរកូដដើម្បីធានាថា យើងបន្ដដើរឱ្យទាន់បច្ចេកវិទ្យាដូចបណ្ដាប្រទេសជិតខាង និងផ្ដល់ឱកាសឱ្យយុវជនក្លាយជាសហគ្រិន និងធុរកិច្ចផ្គត់ផ្គង់តាមតម្រូវការ។ វាកាន់តែជាឱកាសដ៏ប្រសើរសម្រាប់យុវជនកម្ពុជា ដែលមិនមានទ្រព្យធន តែចង់ចាប់យកអាជីពលើវិស័យឌីជីថលនេះ»។
ក្នុងកិច្ចសហការនេះ Sabai Code ជាអ្នកជ្រើសរើសបេក្ខជន និងចុះកិច្ចសន្យាជាមួយបេក្ខភាពដែលបានដាក់ពាក្យស្នើសុំតាមរយៈការចុះឈ្មោះលើតំណភ្ជាប់ https://sabaicode.com/bootcamp/form។
លោក ពិសិដ្ឋ និយាយថា៖ «យើងមិនដឹងថា មានបេក្ខភាពដាក់ប៉ុន្មាននាក់ទេ តែសង្ឃឹមថា ប្រាកដជាមានច្រើន ដោយសារនេះជាកម្មវិធីល្អ»។
លោកបន្ដថា បើពួកគេបានឆ្លងផុតវគ្គតេស្ដសរសេរ និងសម្ភាសផ្ទាល់មាត់ ពួកគេអាចសិក្សា ១ ចប់វគ្គដោយឥតគិតថ្លៃ។ លោកសង្ឃឹមថា សិស្ស-និស្សិតក្រីក្រ ដែលមានសក្ដានុពលផ្នែកបច្ចេកវិទ្យានឹងដាក់ពាក្យចូលរួមច្រើន។
លោក ពិសិដ្ឋ និយាយថា៖ «ការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុនឹងអាចឱ្យយើងទទួលបាននូវសិស្ស-និស្សិតដ៏មានសក្ដានុពលខ្ពស់ ដែលមិនមានលទ្ធភាពបង់ថ្លែសិក្សាខ្លួនឯង។ ការឧបត្ថម្ភនេះនឹងក្លាយជាយុទ្ធសាស្ដ្រផ្លាស់ប្ដូរជោគវាសនារបស់ពួកគេ»។
ពេលពួកគេបញ្ចប់ការសិក្សា ពួកគេនឹងទទួលបានការងារធ្វើ ក៏ដូចជាប្រាក់ខែខ្ពស់ ដែលអាចផ្គត់ផ្គង់គ្រួសារ។ នោះជាក្ដីសង្ឃឹមដែលកើតឡើងពីកិច្ចសហប្រតិបត្ដិការនេះ។
លោក ពិសិដ្ឋ អះអាងថា៖ «យើងមិនមានលក្ខខណ្ឌច្រើនទេ។ យើងនឹងបង្រៀនពួកគេពីដើមដំបូងរហូតដល់ជំនាញខ្ពស់ ហើយអ្វីដែលយើងចង់បានគឺ ពួកគាត់ត្រូវចាប់អារម្មណ៍ខ្លាំងចំពោះបច្ចេកវិទ្យា និងចង់ក្លាយជា Software Developers»។
លោកបានព្រលយប្រាប់ថា កត្ដា ២ ចំណុច ដែលទាមទារពីបេក្ខភាពនីមួយៗ គឺចំណង់ និងការប្ដេជ្ញាចិត្ដ ដោយមិនចាំបាច់ត្រូវមានសញ្ញាបត្របរិញ្ញាអ្វីឡើយ។
ចុងក្រោយ បេក្ខជននឹងឆ្លងកាត់តេស្ដផ្ទាល់មាត់ដើម្បីបញ្ជាក់ពីការតាំងចិត្ដរបស់ខ្លួនក្នុងការសិក្សាឱ្យចប់តាមកាលវិភាគ។
លោក សោម សារឿន អាយុ ៤៣ ឆ្នាំ ជាសហស្ថាបនិក Sabai Code ដែរនោះ បាននិយាយថា អ្វីដែល Sabai Code បាននិងកំពុងបណ្ដុះបណ្ដាលកុមារអាយុចាប់ពី ៧ ឆ្នាំ ក្នុងវិស័យបច្ចេកវិទ្យា និងរ៉ូបូត ពិតជាស្របនឹងចក្ខុវិស័យរបស់ក្រុមហ៊ុន សែលកាត ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាឧស្សាហកម្ម ៤.០។
លោកថា៖ «វគ្គសិក្សានេះ សិស្សអនុវត្ដគម្រោងជាក់ស្ដែង ជាមួយស្ថាប័នដៃគូរបស់យើង ដែលមានទាំងការលើកគម្រោងរហូតដល់បញ្ចប់គម្រោង»។
ព័ត៌មានលម្អិត សុំចូលទៅទំព័រហ្វេសប៊ុក @sabaicode និងវេបសាយ https://sabaicode.com៕