ភ្នំពេញ៖ នាពេល​ថ្មីៗ​នេះ ព្រោះ​តែ​សេចក្តី​ស្រឡាញ់​លើ​ផ្នែក​បច្ចេកវិទ្យា និង​គ្រឿង​បញ្ជា​អេឡិចត្រូនិក តាំង​ពី​តូច​គួប​ផ្សំ​នឹង​មាន​ការ​បើក​ចិត្ត​ទូលាយ​ពី​សំណាក់​ឪពុក​ម្តាយ​ផង​ ទើប​​ជំរុញ​ទឹក​ចិត្ត​ឱ្យ​យុវជន​ម្នាក់ ដែល​​កំពុង​តែ​រៀន​ថ្នាក់​ទី១១ នៅ​វិទ្យាល័យ​ជាស៊ីម​សន្ធរម៉ុក អាច​ប្រើ​គំនិត​ខ្លួន​ឯង​ច្នៃ និង​បង្កើត​បាន​ជា​រ៉ូបូត​​ ១ ​គ្រឿង ប្រើ​តេឡេ​បញ្ជា ដើរ​លើ​ផ្លូវ​ក្រាល​កៅស៊ូ​រាប​ស្មើ សម្រាប់​ការ​សាកល្បង​លើក​ដំបូង​ដោយ​ជោគជ័យ។

ក្រោយ​ពី​ប្រើ​ពេល​ប្រមាណ​ជិត ៣ ខែ យុវជន គា ស៊ុនបញ្ញា អាច​បង្កើត និង​​ច្នៃ​បាន​ជា​រ៉ូបូត មាន​កម្ពស់ និង​បណ្តោយ​ប្រវែង ៦៥ សង់ទីម៉ែត្រ និង​ទទឹង​ប្រវែង ៤៥ សង់​ទីម៉ែត្រ ដើរ​ដោយ​​ចរន្ត​អគ្គិសនី​បាន និង​ប្រើ​តេឡេ​បញ្ជា https://www.facebook.com/100001907340579/videos/pcb.5670693353004187/5670600943013428។

សម្រាប់​ឆ្នាំ ២០២១ នេះ យុវជន គា ស៊ុនបញ្ញា ជា​សិស្ស​រៀន​ថ្នាក់​ទី១១ I2 នៃ​វិទ្យាល័យ​ជាស៊ីម​សន្ធរម៉ុក វ័យ ១៦ ឆ្នាំ ជា​កូន​ពៅ ក្នុង​ចំណោម​កូន ២ នាក់ (មាន​បង​ស្រី) នៃ​គ្រួសារ ដែល​​មាន​លោក​ឪពុក​ជា​ជាង​ធ្វើ​តុ ទូ ច្នៃ​ពី​ដែក​អ៊ីណុក និង​មាន​ម្តាយ​ជា​គ្រូ​បង្រៀន​​រូបវិទ្យា និង​គីមីវិទ្យា ថ្នាក់​ទី៧ នៅ​វិទ្យាល័យ​ជា​ស៊ីម​សន្ធរម៉ុក។

យុវជន គា ស៊ុនបញ្ញា ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ពី​ការ​ចាប់​ផ្តើម​ច្នៃ​រ៉ូបូត​នេះ​ថា៖ «​ដោយសារ នេះ​គឺជា​ការ​ចាប់​ផ្តើម​នូវ​​គំនិត​​ច្នៃប្រឌិត​ដំបូង ទៅ​លើ​អ្វី​ដែល​ខ្លួន​ស្រឡាញ់ ក្នុង​វ័យ​ក្មេង កំពុង​រៀន​នៅ​វិទ្យាល័យ​មាន​គំនិត​ខ្ចី​នៅ​ឡើយ ដូច្នេះ​រ៉ូបូត​នេះ វា​មិន​ទាន់​មាន​ភាព​ល្អ​រលូន​ត្រឹមត្រូវ​តាម​បច្ចេកទេស​​​ឡើយ។ ជាពិសេស គឺ​ការ​ច្នៃ​កង់​រត់​របស់​វា​នៅ​មិន​ទាន់​ដើរ​ស្រួល​បាន​ល្អ​ដូច​ជា​រ៉ូបូត​របស់​អ្នក​ច្នៃ​ដែល​ជំនាញ​ទេ។ តែ​វា​ជា​អ្វី​ដែល​ខ្ញុំ​ស្រឡាញ់ ទើប​ខ្ញុំ​ចង់​សាកល្បង​វា​ឡើង ហើយ​ការ​សាកល្បង​បាន​​​​ប៉ុន​នេះ ក៏​ចាត់​ទុក​ជា​ជោគជ័យ​សម្រាប់​ខ្លួន​ឯង​ ១ ជំហាន​ផង​ដែរ នាពេល​នេះ​»។

យុវជន គា ស៊ុនបញ្ញា ក៏​បាន​ប្រាប់​ពី​រយៈពេល និង​ការ​ចំណាយ​ប្រាក់​ទៅ​លើ​ការ​ច្នៃ​រ៉ូបូត​របស់​ខ្លួន​នេះ​ថា៖ «​ចំពោះ​ការ​គិត​វិញ គឺ​ខ្ញុំ​បាន​គិត​វា​ជា​យូរ​​យារ​មក​ហើយ​ដែរ តែ​សម្រាប់​ការ​ចាប់​​ផ្តើម​ច្នៃតែ​ម្តង​នោះ គឺ​បាន​ប្រើ​ពេល​​វេលា​ជិត ៣ ខែ និង​បាន​ចំណាយ​​ប្រាក់​ប្រមាណ ៣០០-៤០០ ដុល្លារ ក្នុង​​ការ​ទិញ​គ្រឿង​នានា ដើម្បី​យក​មក​ច្នៃ​រ៉ូបូត​នេះ។ ខ្ញុំ​គ្រាន់​តែ​ចំណាយ​ប្រាក់​ទៅ​ទិញ​ម៉ូទ័រ កង់​រ៉ូបូត និង​ខ្សែ​ពាន​សម្រាប់​ភ្ជាប់​ពី​ម៉ូទ័រ និង​កង់ ហើយ​វា​ជា​​​ប្រភេទ​រ៉ូបូត ដែល​ប្រើ​តេឡេ​បញ្ជា​ឱ្យ​​ដើរ។ ពេល​ដំបូង គ្រាន់​តែ​គិត​ថា ​ចង់​ច្នៃ​វា [រ៉ូបូត] អាច​ដឹក​អ្វី​មួយ​ជំនួស​ការ​ប្រើ​កម្លាំង​មនុស្ស​បាន»។

បើ​តាម​ការ​រៀបរាប់ និង​​ការ​តាំង​​ចិត្ត​ចំពោះ​មហិច្ឆតា ចង់​បង្កើត​ឱ្យ​បាន​សម្រេច​ជា​រ៉ូបូត https://www.facebook.com/100000607842901/videos/pcb.4403347903028761/4403340829696135 តាម​ស្តង់ដា​នៃ​បច្ចេក​ទេសវិស្វកម្ម​នោះ យុវជន គា ស៊ុនបញ្ញា ក៏​ត្រូវ​តែ​រង់ចាំ​ពេល​​ខ្លួន​មាន​ចំណេះដឹង​បន្ថែម​ទៀត​សិន ដ្បិតអី រូប​ខ្លួន​នៅ​មាន​ចំណេះដឹង​ក្មេង​ខ្ចី​នៅ​ឡើយ និង​ម្យ៉ាង​ទៀត​ខ្លួន ក៏​ត្រូវ​​ត្រៀម​សម្រាប់ការ​សិក្សា​បញ្ចប់​ថ្នាក់​​ទី ១២ ឆ្នាំ​ក្រោយ [ឆ្នាំ​ ២០២២] សិន​ដែរ ទើប​បន្ត​គិត​ពី​ច្នៃ​រ៉ូបូត​នេះ។

សិស្សវិទ្យាល័យជាស៊ីម​សន្ធរម៉ុក គា ស៊ុនបញ្ញា ប្ដេជ្ញាថា នឹងបន្តច្នៃរ៉ូបូតឱ្យ​បានសម្រេច ក្រោយរៀនចប់វិទ្យាល័យ​​។ រូបថត សហ​ការី

យុវជន គា ស៊ុនបញ្ញា មាន​គំនិត​សុទិដ្ឋិនិយម​សម្រាប់​ក្តី​សង្ឃឹម​បន្ត​ការ​​​ច្នៃ​រ៉ូបូតខ្លួន​នៅ​ពេល​ខាង​មុខ​​ដែរ​ថា៖ «ចំពោះ​ពេល​​ទៅ​ថ្ងៃ​ខាង​មុខ អាច​​បន្ទាប់​ពី​ខ្ញុំ​រៀន​ចប់​វិទ្យាល័យ និង​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​លើ​ជំនាញ​នេះ​បន្ថែម​សិន ដើម្បី​ធ្វើ​​យ៉ាង​ណា​ឱ្យ​ខ្លួន​ឯង​អាច​មាន​ចំណេះដឹង​ច្រើន​ទៅ​លើ​ផ្នែក​វិស្វកម្ម។ ខ្ញុំ​គិត​ថា នឹង​​​បន្ត​ការ​ច្នៃ​រ៉ូបូត​របស់​ខ្ញុំ​ឱ្យ​បាន​​សម្រេច​ជា​រ៉ូបូត​មួយ​ ដែល​អាច​ប្រើប្រាស់​បាន និង​អាច​ដើរ​ដោយ​រលូន​បាន​​​​ គឺ​អាច​រត់​ដើរ​នៅ​លើ​ផ្លូវ​រាប​ស្មើ​​សម្រាប់​ការ​ដឹក​អីវ៉ាន់​ពីផ្សារ​ទំនើប​តូចៗ​ នៅ​ក្នុង​តំបន់​នានា​នៅ​ក្នុង​តំបន់​នៃ​ផ្ទះ​បុរី​របស់​យើង​រស់នៅ​បាន ដើម្បី​ជួយ​សម្រួល​កម្លាំង​មនុស្ស​ពេល​យួរ ឬ​​ដឹក​ទំនិញ​ក៏​ដូចជា​អីវ៉ាន់​ជាដើម»។

ក្រោយ​ពី​អាច​សម្រេច​បាន​នូវ​ក្តី​ស្រមៃ​ជា​លើក​ដំបូង​នៅ​ក្នុង​គ្រា​ចាប់​ផ្តើម​កិច្ចការ​ដែល​ខ្លួន​ស្រឡាញ់ បើ​ទោះបី​ជា​យើង​​មាន​វ័យ​ក្មេង​ខ្ចី និង​រៀន​នៅ​កម្រិត​សិក្សា​ថ្នាក់​វិទ្យាល័យ​ក្តី ក៏​យុវជន គា ស៊ុនបញ្ញា មាន​សំណូមពរ និង​ចង់​ឃើញ​យុវជន​ផ្សេង​​ពី​ខ្លួន​អាច​សម្រេច​ក្តី​សុបិន​តាម​ចំណូល​ចិត្ត​ដូចជា​រូប​ខ្លួន​ផង​ដែរ https://www.facebook.com/100000607842901/videos/pcb.4403347903028761/4403340566362828។

សិស្ស​​វិទ្យាល័យ ជាស៊ីមសន្ធរម៉ុក ​ថ្នាក់​​ទី​១១ E2 គា ស៊ុនបញ្ញា ក៏​បាន​បង្ហើប​​​ជា​សារ​ផ្តាំ​ផ្ញើ​ទៅ​ដល់​ក្រុម​យុវជន​​ខ្មែរ ដែល​មាន​វ័យ​ស្របាលៗ​ខ្លួន​ថា​៖ «​ខ្ញុំ​គិត​ថា ទោះបី​ជា​យើង​​ក្មេង​មែន តែ​ប្រសិន​បើ​យើង​មាន​គំនិត​គិត​ចង់​​ច្នៃ​អ្វី​មួយ ឬ​ចង់​បង្កើត​អ្វី​មួយ​តាម​ក្តី​ស្រឡាញ់​យើង​នោះ គឺ​យើង​អាច​សាកល្បង​វា​ទៅ ហើយ​កុំ​គិត​ថា ខ្លាច​ខ្លួន​​​ឯង​ធ្វើ​វា​មិន​បាន​ឱ្យ​សោះ​។ ហើយ​ការ​​សាកល្បង​នេះ ទោះបី​ជា​វា​​បាន​សម្រេច ឬ​មិន​​​បាន​សម្រេច​ក្តី គឺ​យើង​ត្រូវ​​​ចាត់​ទុក​វា​ថា គឺ​ជា​ការ​បង្កើត​បាន​នូវ​​​បទពិសោធ៍​សម្រាប់​ទុក​ឱ្យ​ខ្លួន​ឯង​​​ផង​ដែរ​»។

ចំពោះ​ភាព​ភ្ញាក់​ផ្អើល​លើ​​ការ​ច្នៃ​ជា​រ៉ូបូត​ ដែល​ដើរ​ដោយ​ចរន្ត​អគ្គិសនី ប្រើ​តេឡេ​បញ្ជា​ជា​លើក​ដំបូង​ពី​សំណាក់​​យុវជន គា ស៊ុនបញ្ញា ជា​សិស្ស​កំពុង​តែ​រៀន​ថ្នាក់​ទី​១១ នៅ​វិទ្យាល័យ​ជាស៊ីម​សន្ធរម៉ុក ​បាន​ផុស​ចេញ​​បណ្តាញ​សង្គម​ហ្វេសប៊ុក​មួយ ដែល​មាន​​ឈ្មោះ​ថា Sunrangsey Kea កាល​​​ពី​ដើម​ខែ​មិថុនា ឆ្នាំ​ ២០២១ កន្លង​ម​ក​ថ្មីៗ​នេះ៕​