ក្រុង​ប៊េន៖ មិន​ចូលចិត្ដ​សាច់​គោមែន​ទេ​​? ឧស្សាហកម្ម​ប៊ឺហ្គឺរ​បន្លែ​​ដ៏​ពេញ​និយម​កំពុង​​​​តែ​ប្រើប្រាស់​​បច្ចេកវិទ្យា​វៃ​ឆ្លាត​​បង្កើត​​​ជម្រើស​អាហារ​នានា​។

សម្ព័ន្ធ​ ហ្វឺមមីនិច ​(Firmenich) របស់​ស្វ៊ីស​ ​ដែល​ជា​ក្រុមហ៊ុន​ផលិត​បង្កើន​​រសជាតិ​អាហារ​​ឈាន​មុខ​គេ​ក្នុង​លំដាប់​ពិភព​លោក​បាន​​ប្រាប់​ឱ្យ​ដឹង​ថា ​ភាព​​វិសេស​របស់​​សាច់​គោ​មិន​ត្រឹម​តែ​អាស្រ័យ​លើ​​រសជាតិ រូបរាង ​និង​ពណ៌​ប៉ុណ្ណោះ​​ទេ ​ប៉ុន្តែ​វា​ក៏​ជា​របៀប​នៃ​បម្រែ​បម្រួល​ពេល​​ចម្អិន​ និង​​​អារម្មណ៍​​ពេល​ទំពា​នៅ​ក្នុង​មាត់​។ ​

អេម៉ាញូអែល ប៊ុតស្ត្រេន ជា​ប្រធាន​ផ្នែក​រសជាតិ​នៃ​ក្រុមហ៊ុន​​ហ្វឺមមីនិច បាន​​និយាយ​ប្រាប់ AFP​ នៅ​ទីស្នាក់ការ​កណ្ដាល​របស់​ក្រុមហ៊ុន​នៅ​ក្រុង​​​សាតិកនី ​ក្រៅ​ក្រុង​ហ្ស៊ឺណែវ​​ថា៖ «ការ​ស្វែងរក​ប្រូតេអ៊ីន​​​ដូច​សាច់​ពី​ប្រូតេអ៊ីន​បន្លែ​ ពិត​ជា​​ស្មុគស្មាញ​ណាស់​»។

លោក​បាន​និយាយ​ថា បញ្ហា​​​លំបាក​​បំផុត​មួយ​ គឺ​អារម្មណ៍​ក្រោយពេល​​​ភ្លក្ស​អាហារ​រួច​។ ​ប្រូតេអ៊ីន​សណ្ដែក ​​បញ្ចេញ​នូវ​រសជាតិ​ល្វីង​ដែល​ឆាប់​ទាក់​ជាប់​​អណ្ដាត​។

ដើម្បី​បំបាត់​រសជាតិ​ទាំង​នេះ ​ឬ​ក៏​ជំនួស​រសជាតិ​ផ្សេង​ទៀត ​បច្ចេកវិទ្យា​វៃ​ឆ្លាត (AI) ​អាច​បង្កើត​នូវ​លទ្ធភាព​រសជាតិ​រាប់​លាន​ប្រភេទ​​​។

ប៊ឺហ្គឺរ​បន្លែ​រសជាតិសាច់​ផលិត​ឡើង​​ដោយបច្ចេកវិទ្យា​វៃ​ឆ្លាត (AI) បំពេញ​តម្រូវការ​ខ្ពស់​។ រូបថត AFP

វា​មិន​ត្រឹមតែ​អាច​បង្កើត​នូវ​​រសជាតិ​ប្លែកៗ​ចម្រុះ​ដ៏​សម្បូបែប​​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​​វា​ថែម​ជា​ផ្នែក​មួយ​ក្នុង​ការប្តូរ​ចំណូល​ចិត្ត​អ្នក​បរិភោគ​ស្រប​ទៅ​តាម​គោលការណ៍​ច្បាប់​ និង​បច្ចេកទេស។

ការ​វិភាគ​របស់​បច្ចេកវិទ្យា​វៃឆ្លាត​​អាច​ធ្វើ​ការ​បង្ហាញ​ពី​​រសជាតិ​ចម្រុះ​ច្រើន​យ៉ាង ដែល​អ្នក​ជំនាញ​ខាង​ក្លិន​មិន​អាច​ធ្វើ​បាន​។ ​

លោក ហ្គៀលប៊ឺត ហ្គូសស្ទីន ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ហ្វឺមមីនិច បាន​ប្រាប់​​ឱ្យ​ដឹង​​ថា៖ «អាហារ​ដែល​ប្រើ​​បន្លែជា​មូលដ្ឋាន​​ជា​​គន្លឹះ​នៃ​ការ​​ផ្លាស់ប្ដូរ​​ទម្លាប់​​​ទទួលទាន​ដ៏​សំខាន់​​»។

យោង​តាម​ការ​សិក្សា​របស់​ធនាគារ Credit Suisse បាន​បង្ហាញ​ថា ទីផ្សារ​អាហារ​បន្លែ​រសជាតិ​​​​សាច់​សត្វ និង​ទឹក​ដោះ​គោ ​មាន​តម្លៃ​ប្រហែល ១៤ ​ពាន់​លាន​ដុល្លារ ​នៅ​ក្នុង​ទូទាំង​ពិភព​លោក​ នឹង​ឈាន​ដល់ ១៤៣ ​ពាន់​លាន​ដុល្លារ ​នៅ​ឆ្នាំ ២០៣០ និង ១,៤ ពាន់​ពាន់​លាន​ដុល្លារ​ ​នៅ​ឆ្នាំ ២០៥០៕ AFP/RS