ក្រុងញូវយ៉ក៖ ប៉ុន្ដែក្រុមអ្នកជំនាញបានព្រមានថា ខណៈឧបករណ៍ទំនើបៗអាចផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋអាមេរិកទ្រព្យស្ដុក ពលរដ្ឋរាប់លាននាក់ទៀតពិបាកលៃលករកលទ្ធភាពធ្វើការពីចម្ងាយជាមួយឧបករណ៍ទាំងនេះ។
Facebook បានបង្ហាញ «បន្ទប់ធ្វើការ» តាមអនឡាញសម្រាប់អ្នកប្រើប្រាស់ឧបករណ៍ចក្ខុទស្សន៍ Oculus ហើយ Google បង្ហាញសម្ភារទំនាក់ទំនងជាសន្និសីទ ដោយប្រកាសការប្របាច់បញ្ចូលគ្នារវាងជំនួបបុគ្គលផ្ទាល់ និងការងារពីចម្ងាយតាមបែបផែន «កូនកាត់»។
ប៉ុន្ដែនៅខាងក្រៅ Silicon Valley និងមជ្ឈមណ្ឌលទីក្រុងជាច្រើនទៀត មូលដ្ឋានគ្រឹះមួយចំនួន ដូចជា ការភ្ជាប់ទំនាក់ទំនងអ៊ីនធឺណិតរហ័ស បច្ចេកវិទ្យាសម្រាប់ធ្វើការងារពីចម្ងាយ គឺជាបំណងប្រាថ្នារបស់ពលរដ្ឋរាប់សិបលាននាក់ក្នុងសហរដ្ឋអាមេរិក។
មីឆែល បូររីស មន្ដ្រីនយោបាយជាន់ខ្ពស់មកពីមូលនិធិ The Century Foundation បាននិយាយថា៖ «ចំពោះមនុស្សជាច្រើន លទ្ធភាពធ្វើការពីផ្ទះនៅតែអាចស្វែងរកភាពប្រណីត»។
មូលហេតុមួយគឺការប្រើប្រាស់អ៊ីនធឺណិតល្បឿនលឿន ជាមួយក្រុមគាំទ្រពីក្រុមហ៊ុន Broadband Now ដោយបានឱ្យដឹងក្នុងរបាយការណ៍ខែឧសភាថា ពលរដ្ឋអាមេរិក ៤២ លាននាក់ ប្រមាណ ១៣ ភាគរយនៃចំនួនប្រជាជនសរុប មិនអាចប្រើអ៊ីនធឺណិតបានស្រួលឡើយ។
បញ្ហាមួយទៀត គឺសម្ភារប្រើប្រាស់ ដោយសារបុគ្គលិកជាច្រនត្រូវទិញខ្លួនឯង។
ជាក់ស្ដែង អ្នកស្រី Patricia McGee នៅរដ្ឋតិចសាស់ អ្នកម្ដាយកូន ៤ អាយុ ៣៩ រូបឆ្នាំ ដែលប្ដូរពីការងារនៅក្រុមហ៊ុន Amazon ទៅជាធ្វើការបម្រើអតិថិជនពីចម្ងាយឱ្យក្រុមហ៊ុនផ្សេង ពេលការបិទខ្ទប់ដោយសារវិបត្ដិកូវីដ បានកើតឡើងតាំងពី ១៨ ខែមុន។
អ្នកស្រីត្រូវចាយប្រាក់ ២ ០០០ ដុល្លារទិញកុំព្យូទ័រ ដោយមិនគិតពីតម្លៃសេវាកម្មអ៊ីនធឺណិត ក៏ដូចជាការតម្លើងឧបករណ៍ប្រើប្រាស់ និងធ្វើបច្ចុប្បន្នភាព។
អ្នកស្រីបានប្រាប់ AFP ថា៖ «មិនមែនមនុស្សគ្រប់រូបសុទ្ធតែអាចមានលទ្ធភាពទិញកុំព្យូទ័រនោះទេ។ ដូច្នេះអ្នកគ្មានលទ្ធភាពអាចបាត់បង់ការងារ ឬក៏អត់ជំនាញប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា»។
ប៉ុន្ដែមនុស្សជាច្រើនចេះបត់បែន និងចាប់យកជម្រើស «កូនកាត់» ដែលពួកគេអាចធ្វើពីផ្ទះបានម្ដងកាល។
អ្នកស្រី ម៉ូនីកា សាន់ឌ័រ សាស្ដ្រាចារ្យសាកលវិទ្យាល័យ Georgetown University បាននិយាយថា៖ «ឧបករណ៍ទាំងនោះជាផលរំខាន បង្កើតជាអសមភាព ទោះវាមិនប៉ះពាល់ប្រាក់ចំណូល ឬទីកន្លែងរស់នៅ ឬរបៀបនៃការធ្វើការយ៉ាងណាក៏ដោយ»។
អ្នកនិពន្ធ និងអ្នកជំនាញការងារពីចម្ងាយ រីយ៉ាន់ណុន ផេណេ បានឱ្យដឹងថា បច្ចេកវិទ្យាចក្ខុទស្សន៍ នឹងក្លាយជាឧបករណ៍ប្រចាំថ្ងៃស្ដីពីរបៀបធ្វើការងាររបស់មនុស្ស មិនខុសពីទូរស័ព្ទ និងកុំព្យូទ័រយួរដៃនោះទេ។
អ្នកស្រីបានយល់ស្របថា ហានិភ័យនៃបុគ្គលក្រៅបច្ចេកវិទ្យាមិនអាចត្រូវបានព្រងើយកន្ដើយ តែក៏និយាយថា ឧបករណ៍បច្ចេកវិទ្យាទំំនើបអាចជួយឱ្យជីវិតកាន់តែប្រសើរ៕ AFP/HR