​ភ្នំពេញ: វា​ជា​បទពិសោធ​មួយ​ដែល​មនុស្ស​ភាគច្រើន​លើសលប់​មិនទាន់​ធ្លាប់​ជួបប្រទះ​។ យុវជន ឡុ​ញ វ៉ាន់​សិទ្ធ ក៏បាន​សារភាពថា ខ្លួន​មានការ​ភ័យខ្លាច នៅពេល​ឡើង​ជិះដ្រូន​ដឹក​មនុស្ស​ដំបូង​បំផុត​នៅ​កម្ពុជា បើទោះបីជា​យាន​ហោះ​ដ៏​តូច​នេះ ត្រូវបាន​ធ្វើតេស្ដ​ជាច្រើនលើក​ច្រើន​សា​យ៉ាងណាក៏ដោយ​។

​យុវជន វ៉ាន់​សិទ្ធ បាន​ប្រាប់ ភ្នំពេញ​ ប៉ុស្ដិ៍ ពី​អារម្មណ៍​ពិត​ពេល​អង្គុយ​លើ​យាន​កៅអី​ ១ ដៃ​បែកខ្នែង​ជា​ ៤ បំពាក់​ស្លាប​ចំនួន​ ៨ ថា​៖ «​ពីដំបូង​ឡើយ ខ្ញុំ​មាន​អារម្មណ៍​រាង​ភ័យ​បុក​ពោះ​ដែរ​។ ប៉ុន្ដែ​ពេល​បាន​ឡើង​ជិះ ៤-៥ ​ដង​រួចមក ខ្ញុំ​មាន​អារម្មណ៍​ប្រែ​ទៅជា​រំភើប​»​។

​ជា​កិច្ចសហការ​រវាង​និស្សិត​ឆ្នាំ​ទី​៤ ផ្នែក​វិស្វកម្ម​អេឡិចត្រូនិក ឡុ​ញ វ៉ាន់​​សិទ្ធ និង​និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​វិស្វកម្ម​មេកា​និក ជ្រោយ សុធា​រ៉ា ដែល​ពួកគេ​មកពី​​វិទ្យាស្ថានជាតិពហុបច្ចេកវិជ្ជាកម្ពុជា (NPIC) ដ្រូន​ដឹក​មនុស្ស ឬ Human Carrier Drone ត្រូវបាន​ផលិតឡើង​ក្នុង​គោលបំណង​រំលស់​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅលើ​ដី និង​សម្រួល​ដល់​កិច្ចការ​ពន្លត់​អគ្គិភ័យ​លើ​អគារ​ខ្ពស់ៗ​។

​យុវជន សុធា​រ៉ា បាន​និយាយថា​៖ «​ច្បាស់​ណាស់ ក្នុង​បំណង​បង្កើត​ជ្រា​ដូន​តាក់ស៊ី (Drone Taxi) វា​មាន​មនុស្ស​ម្នាក់​ជា​ពី​ឡុ​ត (​អ្នកបញ្ជា​) និង​មនុស្ស​ម្នាក់ទៀត​ជា​ភ្ញៀវ​។ ដូច្នេះ យើង​ត្រូវ​បន្ដ​អភិវឌ្ឍ​បន្ថែមទៀត​»​។

​យុវជន​មកពី​ខេត្ដ​កណ្ដាល​រូបនេះ បានឱ្យដឹងថា​៖ «​នៅពេលដែល​ការ​អភិវឌ្ឍ​ទទួលជោគជ័យ យើង​ចង់ឱ្យ​វា​ក្លាយជា ដ្រូន​តាក់ស៊ី ឬក៏​ហៅថា ប្រភេទ​បម្រើការ​ក្នុង​វិស័យ​ដឹកជញ្ជូន ដើម្បី​ជួយ​សម្រួល​ដល់​បញ្ហា​កកស្ទះ​ចរាចរណ៍​។ មួយវិញទៀត យើង​ចង់​ប្រើប្រាស់​វា​ជា​ជំនួយ​ក្នុងការ​ពន្លត់​អគ្គិភ័យ កើតឡើង​នៅលើ​អគារ​ខ្ពស់ៗ ដែល​ពិបាក​យក​ទុយោ​បាញ់​ពីក្រោម​ទៅ​។ ដូច្នេះ បើដ្រូន​យើង​អាច​លើក​ទម្ងន់​បាន​ច្រើន វា​អាច​យោង​ទុយោ​ពីក្រោម​ទៅក្នុង​ការជួយ​បាញ់​ទឹក​ពន្លត់ភ្លើង​។ ទាំងនេះ​ជា​គោលបំណង ដែល​យើង expected [​រំពឹង​] ទុក​»​។​

​ចាប់ពី​គំនូរ​ម៉ូ​ដែល ការកែសម្រួល​តួ រហូតដល់​ការហោះហើរ​យាន​ទទេ ផ្ទុក​ខ្សាច់​តំណាង​មនុស្ស និង​មនុស្ស​ជិះ​បញ្ជា​ពិតៗ Human Carrier Drone បាន​ចំណាយពេល​ជាង​ ១​ ឆ្នាំ ដែលនាំឱ្យ​និស្សិត​វិទ្យាស្ថាន NPIC ទាំង​ ២​ សម្រេចការ​អភិវឌ្ឍ​ដំណាក់កាល​ទី​១ ​ប្រកបដោយ​ជោគជ័យ​។

ដ្រូនទម្ងន់ ១២៥ គីឡូក្រាម អាច​លើក​ទម្ងន់​ក្រោម​ ៦០ គីឡូក្រាម​។ សហការី

​លោក សុធា​រ៉ា បាន​បន្ដ​ឱ្យដឹងថា​៖ «​ក្រោយពី​តេស្ដ​សាកល្បង​ច្រើនលើក​ច្រើនសា តាំងពី​ការហោះ​ទទេ និង​ផ្ទុក​ទម្ងន់​ខ្សាច់ ៤៦ ​ដង យើង​អាច​ធានាថា វា​អាច​លើក​ទម្ងន់​មនុស្ស​បាន ៦០ ​គីឡូក្រាម​ចុះក្រោម​។ មកទល់នឹង​ពេលនេះ ការធ្វើ​តេស្ដ​សាកល្បង វា​ចូល​ប្រហែល ៧០ ​ដង​ហើយ​»​។

ដ្រូន​ទម្ងន់​សរុប ១២៥​ គីឡូក្រាម ដែល​អភិវឌ្ឍ​ដោយ​និស្សិត​ទាំង ​២ និង​ទទួល​ជំនួយ​ពី​ជំនួយការ​ប៉ុន្មាន​នាក់​ទៀត គឺជា​គំនិត​ផ្ដួចផ្ដើម​ពី​វិទ្យាស្ថាន និង​ឧបត្ថម្ភ​ដោយ​វិទ្យាស្ថាន ដែលមាន​ឯកទេស​ខាង​បច្ចេកវិទ្យា​នេះ​។

​លោក វ៉ាន់​សិទ្ធ ដែល​មកពី​បន្ទាយ​មានជ័យ បាន​និយាយថា ចំពោះ​គម្រោងដ្រូន​នេះ ទាំង​ការឧបត្ថម្ភ និង​ទំនុកបម្រុង គឺជា​បន្ទុក​ទាំងស្រុងរ​បស់​សាលា ដោយ​ខាង​សាលា​ស្វែង​​រក​និស្សិត​ស្ម័គ្រចិត្ដ​មកពី​គ្រប់​មហា​​វិទ្យាល័យ​ទាំងអស់ ដែល​ចង់​សិក្សា និង​ស្រាវជ្រាវ​គម្រោង​ផលិតដ្រូន​។

​លោក​បន្ដថា​៖ «​ពួក​ខ្ញុំ​សម្រេច​ចិ​ត្ដ​ចូលរួម​ក្នុង​គម្រោង​នេះ ដែល​ធ្វើឱ្យ​ពួក​ខ្ញុំ​មានឱកាស​ចំណេះដឹង​ខ្លួនឯង និង​ចូលរួម​លើកស្ទួយ​នៅក្នុង​វិស័យ​ឧស្សាហកម្ម ៤.០ នេះ​»​។

ដ្រូន​ដឹក​មនុស្ស ដែល​ធ្វើ​ការហោះ​ហើរ​សាកល្បង​ក្នុង​បរិវេណ​វិទ្យាស្ថាន NPIC ប្រើប្រាស់​ម៉ូ​ទ័​រ គួប​នឹង​ស្លាប ដោយ​ទទួល​ថាមពល​ពី​ថ្ម ឬ​អាគុយ និង​ចំណាយ​អស់​ថវិកា​ផលិត​ជាង ២៧ ០០០​ ដុល្លារ​។

​បច្ចុប្បន្ន វា​មាន​សមត្ថភាព​ផ្ទុក​ទម្ងន់​មនុស្ស ៦០​ គីឡូក្រាម​ចុះក្រោម និង​អាច​ហោះ​ត្រឹម​កម្ពស់​ពី ៥-៦ ​ម៉ែត្រ និង​ចម្ងាយ​ប្រមាណ ១០០ ​ម៉ែត្រ​ ខណៈ​វា​ស្ថិតក្នុង​ដំណាក់កាល​សាក​​ល្បង និង​បន្ដ​អភិវឌ្ឍ​បន្ថែមទៀត​។

​លោក សុធា​រ៉ា បាន​លើកឡើងថា​៖ «​គោលដៅ​របស់​យើង គឺ​ចង់ឱ្យ​វា​ហោះ​បាន​កម្ពស់ ១០០​ ម៉ែត្រ និង​រយៈ​ចម្ងាយ ១៥​ គីឡូម៉ែត្រ ជាមួយ​ទម្ងន់​ផ្ទុក គឺ​មនុស្ស ២​ នាក់​»​។

​យុវជន​ទាំង ​២ ដែល​ទទួល​បានការ​សាទរ​យ៉ាងខ្លាំង​ចំពោះ​សមត្ថភាព​អភិវឌ្ឍន៍​បច្ចេកវិទ្យារ​បស់​ខ្លួន បាន​អះអាងថា​៖ «​នា​ថ្ងៃ​ខាងមុខ ពួកយើង​អភិ​វ​ឌ្ឍ្រ​ដូន​ប្រសើរ​ជាង​មុន​កាន់តែច្រើន និង​ធ្វើឱ្យ​ទម្ងន់​ន្រៃ​ដូន​ទាំងមូល​កាន់តែ​ស្រាល​ជាង​មុន លើក​ទម្ងន់​កាន់តែច្រើន​។ ម្យ៉ាងវិញទៀត យើង​អភិវឌ្ឍ​ប្រព័ន្ធ​ខួរក្បាល និង​ប្រព័ន្ធ​បញ្ជា​ឱ្យ​កាន់តែ​ល្អ​»​។

ដ្រូនដឹកមនុស្ស​ដំណាក់កាលទី១ បាន​​ចំណាយ​ពេល​ធ្វើ​ជាង ​១ ​ឆ្នាំ​​។ សហការី

​ការអភិវឌ្ឍ​បច្ចេកទេស​ដ៏​ថ្មី​បំផុត​នៅ​កម្ពុជា ស្របពេល​នៃ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​កូ​វីដ កាន់តែ​ជួប​ឧបសគ្គ​ជាច្រើន ដោយ​សាលា​ត្រូវ​បិទទ្វារ ហើយ​ឧបករណ៍ និង​សម្ភារ​ប្រើប្រាស់ ដែល​ត្រូវ​នាំចូល​ពី​បរទេស ក៏មាន​តម្លៃ​ថ្លៃ និង​អូស​បន្លាយពេល​យូរ​។

​ពួកគេ​បាន​បន្ថែមថា​៖ «​វា​បាន​ជួប​បញ្ហា​ច្រើន​ដែរ អំឡុងពេល​ធ្វើតេស្ដ​សាកល្បង​ដំបូងៗ ដោយសារតួដ្រូន​មិនសូវ​រឹងមាំ និង​ឆ្លងកាត់​ការកែ​កុន​តួ ដើម្បី​ស្វែងយល់​ពី​រូបរាង និង​ទំហំ​នៃ​តួ​ឱ្យ​វា​មាន​លំនឹង​ល្អ​។ ពេលខ្លះ វា​ក៏មាន​បញ្ហា​ស្លាប​ផងដែរ ដែល​វា​ខូច និង​បាក់បែក​»​។

​ដើម្បី​សម្រេច​មហិច្ឆតា យាន​ហោះ​ដឹកជញ្ជូន​លើ​អាកាស និង​ជួយ​កិច្ចការ​កង​ពន្លត់​អគ្គិភ័យ​នាពេល​អនាគត Human Carrier Drone ត្រូវ​ឆ្លងកាត់ ​២ ​ដំណាក់​ទៀត ដែល​អាច​ប្រើពេល​ពី ៤-៥​ ឆ្នាំ​ទៅមុខទៀត ដើម្បី​បន្ដទៅ​ដំណាក់កាល​ទី​២ និង​ទី​៣​។

​លោក សុធា​រ៉ា បញ្ជាក់ថា​៖ «​ចំពោះ​ដំណាក់កាល​ទី​២ យើង​បន្ដ​អភិវឌ្ឍ​រូបរាង Drone ឱ្យ​ល្អប្រសើរ​ជាង​មុន ក៏ដូចជា​ការប្ដូរ​ពី aluminum profile ទៅជា Carbon fibre ស្វិត និង​ស្រាល​ជាង​មុន ដែល​ចំណេញ​គីឡូ មក​ផ្ទុក​ទម្ងន់​មនុស្ស​បន្ថែម និង​រយៈ​ពេល​ហោះហើរ​ផងដែរ​»​។

​បើទោះបីជា​គម្រោងដ្រូន​តាក់ស៊ី នៅសល់​ពេល​ជាច្រើន​ឆ្នាំ​ខាងមុខ​ទៀត​យ៉ាងណាក៏ដោយ ក៏​និស្សិត​ឆ្នាំ​ទី៣ និង​ឆ្នាំ​ទី​៤ ទាំង​ ២ ​នាក់​ មិនបាន​បារម្ភ​ពី​ការ​បង្ហើយ​គម្រោង​នេះឡើយ ដោយសារតែ​សាលា​មាន​ផែនការ​សម្រាប់​អ្នក​បន្ដវេន​រួចជាស្រេច​។

​លោក សុធា​រ៉ា បាន​និយាយថា​៖ «​ដូច្នេះ​នៅពេល​យើង​មាន​បន្ដវេន អ្វី​គ្រប់យ៉ាង​ដែល​ពួកយើង​បានធ្វើ គឺមាន​ភាពប្រសើរ​ក្នុងការ​ចែករំលែក​ចំណេះដឹង​បន្ដបន្ទាប់​គ្នា​។ ពួកយើង​ប្ដេជ្ញា​ចិ​ត្ដ​ថា នឹងធ្វើ​យ៉ាង​មេ​៉​ច​ ដើម្បីឱ្យ​សម្រេច​ដូច​ការគ្រោងទុក​»៕