ក្រុង​ស៊ាងហៃ៖ សណ្ឋាគារ​ប្រណីត​ខ្ពស់បំផុត​មួយ​នៅលើ​ពិភពលោក ជាមួយ​​ភោជនីយដ្ឋាន​មួយ​របស់ខ្លួន​មាន​​បម្រើ​អាហារ​​នៅ​ជាន់​ទី ១២០ និង​សេវាកម្ម​យ៉ាង​ដិត​ដល់​ ២៤​ម៉ោង ​បាន​បើក​សម្ពោធ​នៅ​ទីក្រុង​ស៊ាងហៃ ​តម្រូវ​ចិត្ត​ភ្ញៀវ​ហ៊ាន​ជះ​ប្រាក់​ដុំ និង​មិន​ញញើត​ទី​ខ្ពស់។

ជណ្តើរយន្ត​ដ៏​ចែងចាំ​បាន​នាំ​ភ្ញៀវ​ទៅ​កាន់​​ជាន់​ខ្ពស់​​នៃ​អគារ​កប់ពពក ក្នុង​ល្បឿន ១៨​ម៉ែត្រ​ក្នុង១​​វិនាទី​ ទៅ​កាន់​ ​បន្ទប់​ប្រណីត​ចំនួន ១៦៥ នៃ​​សណ្ឋាគារ J ។

សណ្ឋាគារ J ស្ថិត​នៅ​ជាន់​ខាងលើ​នៃ​អគារ​ស៊ា​ង​ហៃ​ដែលមាន​កម្ពស់ ៦៣២​ម៉ែត្រ ​ក្នុង​សង្កាត់​បណ្ដុំ​ដោយ​ពាណិជ្ជកម្ម​ហិរញ្ញវត្ថុ​ និង​ជា​អគារ​ខ្ពស់​ជាង​គេ​ក្នុង​លោក​លំដាប់​ទី ២ បន្ទាប់ពីអគារ​ Burj Khalifa នៅ​ក្រុង​ឌូ​បៃ ដែន​ដី​អារ៉ាប់។

សណ្ឋាគារ​ប្រណីត​ខ្ពស់បំផុត​មួយ​នៅលើ​ពិភពលោក ជាមួយ​​ភោជនីយដ្ឋាន​មួយ​របស់ខ្លួន​មាន​​បម្រើ​អាហារ​​នៅ​ជាន់​ទី ១២០។ AFP

ការបើក​ដំណើរការ​របស់សណ្ឋាគារ J ​ត្រូវបាន​ពន្យារ​ពេល​មួយផ្នែក​ដោយសារ​វិបត្តិ​កូវីដ​ ​ប៉ុន្តែ​បច្ចុប្បន្ន​វា​ បាន​ចាប់​ផ្តើម​​ទទួលយក​ភ្ញៀវ​ ដែល​អាច​ហៅ​បុគ្គលិក​បម្រើ​មិន​ឱ្យ​ទាស់​ចិត្ត​​​២៤​ម៉ោង​។

ភ្ញៀវ​​ក៏​អាច​រីករាយ​នឹង​ភោជនីយដ្ឋាន​មួយ​ក្នុងចំណោម​ភោជនីយដ្ឋាន​ទាំង​ប្រាំ៧ របស់សណ្ឋាគារ ដែល​​មាន​ទាំង​បារ៍ ​ស្ប៉ា​ អាង​ហែល​ទឹកជា​ន់ទី ៨៤ និង​ទីតាំង​ប្រណីត​ផ្សេង​ទៀត​តាមបែនផែន​​នៃ​សណ្ឋាគារ​លំដាប់​កំពូល។

យ៉ាងណាមិញ តម្លៃ​វា​ច្បាស់​ជា​មិនថោក​នោះទេ។ ដើម្បី​អបអរសាទរ​ការបើក​សណ្ឋាគារ J របស់ខ្លួន​គឺ​ផ្តល់ជូន​ភ្ញៀវ​នូវ​​តម្លៃ​ទទួល​បទ​ពិសោធ​សាកល្បង​​ពិសេសត្រឹមតែ​ ចំនួន ៣​០៨៨ យ័ន (៤៥០ ដុល្លារ) ក្នុង​១​​យប់​ ប៉ុន្តែ​តម្លៃ​សម្រាប់​បន្ទប់ប្រណីតចំនួន​ ៣៤​បន្ទប់​​វិញ​គឺ​ថ្លៃ​ជាង​នេះ​ឆ្ងាយណាស់។

ការបើក​ដំណើរការ​របស់សណ្ឋាគារ J ​ត្រូវបាន​ពន្យារ​ពេល​មួយផ្នែក​ដោយសារ​វិបត្តិ​កូវីដ​។ AFP

ការ​ស្នាក់នៅ​បន្ទប់ J Suite មួយ​យប់​​ក្រោម​ពន្លឺ​​ភ្លើង​រំយោល​គ្រីស្តាល់ និង​បន្ទប់សូណា​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មាន​តម្លៃ​ជាង ៦៧០០០​យន់ (ប្រមាណ ១០៣៥២​ដុល្លារ)។

សណ្ឋាគារ​នេះ​គឺជា​មែកធាង​មួយ​ ​នៃ​សម្ព័ន្ធ​សណ្ឋាគារ​ជិន​ជាំ​ង​អន្តរជាតិ​ ដែលជា​ជំនួញ​​គ្រប់គ្រង​ដោយ​រដ្ឋ​ដ៏​ធំ​មួយ​នៅ​​ចិន​ ហើយ​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​សៅរ៍។

ប្រធាន​ផ្នែក​លក់​ និង​ទីផ្សារសណ្ឋាគារ អ្នកនាង រីនី វូ បាន​និយាយ​ថា៖ «​នៅ​ថ្ងៃ​ដែល​យើង​បើក​គេហទំព័រ​កក់​ដំបូង ​សូម្បីតែ​ចំនួន​​​អ្នក​ចូល​​មើល និង​​ចាប់អារម្មណ៍​​ច្រើន​មែនទែន ​ហើយ​ពួកគេ​មាន​ឆន្ទៈ​ខ្ពស់​ក្នុងការ​មក​ទទួលយក​បទ​ពិសោធ​ពី​​សណ្ឋាគារ​របស់​យើង»។

អ្នក​នាង​បន្ត​ថា៖ «នេះ​ជាការ​លើកទឹកចិត្ត​ដល់​យើងទាំងអស់គ្នា​ ប៉ុន្តែ​ទន្ទឹមនឹង​នេះដែរ ​យើង​ក៏​ប្តេជ្ញា​ធ្វើ​យ៉ាងណា​​ឱ្យ​ភ្ញៀវ​ទាំងអស់​ត្រូវមើល​ថែ​យ៉ាង​ល្អ​ឥត​ខ្ចោះ​បំផុត»៕ AFP

សណ្ឋាគារ​ប្រណីត​ខ្ពស់បំផុត​មួយ​នៅលើ​ពិភពលោក ជាមួយ​​ភោជនីយដ្ឋាន​មួយ​របស់ខ្លួន​មាន​​បម្រើ​អាហារ​​នៅ​ជាន់​ទី ១២០។ AFP

ការ​ស្នាក់នៅ​បន្ទប់ J Suite ១​យប់​មាន​តម្លៃ​ដល់ទៅ ៦៧០០០​យន់ (ប្រមាណ ១០៣៥២​ដុល្លារ)។ AFP

សណ្ឋាគារ​នេះ​គឺជា​មែកធាង​មួយ​ ​នៃ​សម្ព័ន្ធ​សណ្ឋាគារ​ជិន​ជាំ​ង​អន្តរជាតិ​ ដែលជា​ជំនួញ​​គ្រប់គ្រង​ដោយ​រដ្ឋ​ដ៏​ធំ​មួយ​នៅ​​ចិន​។ AFP