ខេមើរ៉ុន​ ហាយឡេន៖ ចម្ការ​តែ​ដ៏​ធំ​បាន​រាលដាល​ពាសពេញ​តំបន់​ខ្ពង់រាប​ដ៏​ស្រស់ត្រកាល​នៃទឹកដី​​ម៉ាឡេស៊ី​ ជា​កន្លែង​រួមចំណែក​បន្ថយ​ឧស្ម័ន​​ផ្ទះ​កញ្ចក់​ ជាទី​ប្រមូល​ផល​បន្លែបង្កា​​ ផ្លែឈើ​ បុប្ផា ​និង​ដំណាំ​​នានា​នៅតាម​ជួរ​ភ្នំ។

​ក្រឡេកមើល​មួយភ្លែត ​​រូបភាព​ដ៏​ស្រស់ត្រកាល​នៃ​ដំណាំ​កំពុង​ពេញ​ប្រមូលផល​នេះ ម្ល៉េះ​សម​នឹង​ធ្វើ​ឱ្យ​ម្ចាស់​ចម្ការ​​​​​សប្បាយ​ពេក​ក្រៃ នៅ​តំបន់​ខ្ពង់រាបទេសចរណ៍​ខេមើរ៉ុន ហាយឡេន ដែលជា​ស្ថានីយ៍តំបន់​​ភ្នំ​មួយ​នៅក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​ ​បង្កើតឡើង​ក្នុង​កំឡុង​អាណានិគម​អង់គ្លេស។

ជាក់ស្ដែង ម្ចាស់​ចម្ការ​ក្នុង​តំបន់​​​មានទេសភាព​សែន​ត្រជាក់ភ្នែកនេះ កំពុង​តស៊ូ​នឹង​វិបត្តិ​ដោយសារ​​ការរីក​រាល​ដាល​​នៃ​ជំងឺឆ្លង​សកល​ដែល​កាន់តែ​យ៉ាប់យឺន​ទៅៗនៅអាស៊ីអាគ្នេហ៍​ និង​​បាន​បំផ្លាញ​ឧស្សាហកម្ម​ទេសចរណ៍​សំខាន់ៗ ហើយ​បណ្តាលឱ្យមាន​ការខ្វះខាត​កម្លាំង​ពលកម្ម​ក្នុងការ​ប្រមូលផល។

លោក​ ឆៃ ​កុក​លីម​ ប្រធាន​អង្គការ​កសិកម្ម​បន្លែ​តំបន់​ខ្ពង់​រាបបាន​និយាយប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា៖ «ខ្ញុំ​បានធ្វើ​កសិកម្ម​អស់​រយៈពេល ៤០​ឆ្នាំ​មកហើយ​ ហើយកំឡុងពេល​ផ្ទុះ​វិរុស​នេះ​​​ជា​វិបត្តិ​ដ៏​អាក្រក់​បំផុត​ដែល​​ខ្ញុំ​បាន​ជួបប្រទះក្នុង​ឆាកជីវិតជំនួញ»។

នៅ​តំបន់​ខ្ពង់រាបទេសចរណ៍​ខេមើរ៉ុន ហាយឡេន ដែលជា​ស្ថានីយ៍តំបន់​​ភ្នំ​មួយ​នៅក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​។ AFP

ការផ្ទុះ​ឡើង​នៃ​ប្រទេស​ម៉ាឡេស៊ី​ត្រូវបាន​ជំរុញ​ដោយ​​ដែលតា​វ៉ា​រ្យ៉​ង់​។ រហូតមកដល់​បច្ចុប្បន្ន​នេះ​អាជ្ញាធរ​បាន​រាយការណ៍​​អំពី​ការ​ឆ្លង​ជំងឺ​កូវីដ ១៩ ចំនួន ៨៨០ ០០០ ករណី ​និង​មាន​មនុស្ស​ស្លាប់​ជាង ៦ ៦០០ នាក់។

រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​វិធានការបិទ​ខ្ទប់​​ទូទាំងប្រទេស​នៅ​ដើមខែ​មិថុនា​ដោយ​ជះឥទ្ធិពល​​​ដល់​សេដ្ឋកិច្ច​ដែល​​កំពុង​ជួប​ការលំបាកស្រាប់​។

ចម្ការ​កា​មេ​រូ​ន​បា​ហារ​ ដែលមាន​ផ្ទៃដី​តែ ២៤០ ហិកតា បាន​​លាត​សន្ធឹង​លើ​​​កូនភ្នំ​ កំពុង​ប្រឈមមុខ​នឹង​បញ្ហា​អត់​ភ្ញៀវ​ទេសចរ ខ្វះ​ពលករ​ប្រមូលផល និង​តម្រូវការ​ទីផ្សារ។

ចំនួន​អ្នកទេសចរ​​បាន​ធ្លាក់ចុះ​ស្ទើរតែ​ដល់​កម្រិត​សូន្យ​ ដោយសារតែ​វិធានការ​ទប់ស្កាត់​អ្នកដំណើរ​ចូល​មក។

ទោះបីជា​ផ្កា​ត្រូវបាន​​ប្រមូលផល​​ក៏ដោយ​ ក៏​លោក​នៅតែ​បារម្ភ​មិនអាច​លក់​វា​ចេញ​បានដែរ ព្រោះ​ពិធីសាសនាត្រូវ​បាន​ផ្អាក។ AFP

អ្នកគ្រប់គ្រង​លោក ហ្វ្រង់ស៊ីស ហ្សាវីយើរ បាន​និយាយថា​ចម្ការ​នេះ​ក៏​កំពុង​រង​ការខ្វះខាត​កម្លាំង​ពលកម្ម​ចំណាក​ស្រុក​ផងដែរ​ ដោយសារ​ការ​រឹតត្បិត​ការធ្វើដំណើរ​ចូល មានន័យថា​ លោក​​មិនអាច​នាំយក​កម្មករ​ថ្មី​មក​​ជួយ​ប្រមូល​ផល​បានទេ។

លោក​បាន​និយាយថា​ ប្រជាជន​ម៉ាឡេស៊ី​ភាគច្រើន​មិន​ធ្វើ​ការងារ​ប្រើកម្លាំង​ហត់នឿយ និង​ប្រលាក់ប្រឡូក​ខោអាវ​នោះទេ។

លោក​​លើកឡើង​ទៀត​ថា៖ «ប្រសិនបើ​យើង​មិនមាន​កម្លាំង​ពលកម្ម​គ្រប់គ្រាន់​ទេវា​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​កាលវិភាគ​ផលិតកម្ម​របស់​យើង ​និង​ប៉ះពាល់​ដល់​ប្រាក់ចំណូល​របស់​យើង»។

កសិករ​ដាំ​បន្លែ​ផ្លែឈើ​ និង​ផ្កា​នៅ​តំបន់​ខ្ពង់រាប​ក៏​ត្អូញត្អែរ​ពី​ការធ្លាក់ចុះ​នៃ​តម្រូវការ​ បញ្ហា​ក្នុងការ​ស្វែងរក​កម្មក​រ​ និង​ការកើនឡើង​ថ្លៃដើម​នៃ​វត្ថុធាតុដើម​ដូចជា​ជីរ។

លោក ផាវីន គុមា​មូហាន់ ​កំពុង​ឈរ​ក្នុង​ចម្ការ​ផ្កា​ស្បៃរឿងរីក​​ដ៏​ស្រស់ត្រកាល ល្មម​នឹង​កាត់​លក់​ប្រើប្រាស់​ ក្នុងការ​ប្រារព្ធ​ពិធី​​សាសនា​ដោយ​ជនជាតិភាគតិច​ឥណ្ឌា​។

កសិករ​ដាំ​បន្លែ​ផ្លែឈើ​ និង​ផ្កា​នៅ​តំបន់​ខ្ពង់រាប​ក៏​ត្អូញត្អែរ​ពី​ការធ្លាក់ចុះ​នៃ​តម្រូវការ។ AFP

ប៉ុន្តែ​ម្ចាស់​ចម្ការ​វ័យ ៣១ ​ឆ្នាំ​រូបនេះ​បាន​និយាយថា​ លោក​​មិនមាន​កម្មករ​គ្រប់គ្រាន់​ដើម្បី​កាត់​ផ្កា​​នោះ​ទេ។

​ទោះបីជា​ផ្កា​ត្រូវបាន​​ប្រមូលផល​​ក៏ដោយ​ ក៏​លោក​នៅតែ​បារម្ភ​មិនអាច​លក់​វា​ចេញ​បានដែរ ព្រោះ​​មិនមាន​តម្រូវការ​។

​លោក​បាន​ពន្យល់ថា៖ «លក់​ផ្កា​ឱ្យ​នរណា បើ​បណ្ដា​វិហារ និង​ប្រាសាទ​ត្រូវបាន​បិទអស់​​ហើយ​ មិនមាន​ភ្ញៀវទេសចរ​ទៀត​ទេ»។

លោក​ ឆៃ ​ប្រធាន​អង្គការ​កសិកម្ម​បន្លែ​តំបន់​ខ្ពង់​រាបបាន​​​និយាយថា ​អតិថិជន​របស់​ម៉ាឡេស៊ី​នឹងរង​ផលប៉ះពាល់​ពី​វិបត្តិ​នេះ។

លោកនិយាយថា៖ «ប្រសិនបើ​មានកម្ម​ករ​តិច យើង​សុខ​ចិត្ត​ដាំ​បន្លែ​តិចជាង​មុន ​ហើយ​អតិថិជន​នឹងត្រូវ​ចំណាយ​ថ្លៃដើម​ខ្ពស់»៕ AFP/HR

ចំនួន​អ្នកទេសចរ​​បាន​ធ្លាក់ចុះ​ស្ទើរតែ​ដល់​កម្រិត​សូន្យ​ ដោយសារតែ​វិធានការ​ទប់ស្កាត់​អ្នកដំណើរ​ចូល​មក។ AFP