ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងនៅតែបន្តបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគំនិតផ្តួចផ្តើមកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR) ទោះបីសកម្មភាពកីឡាត្រូវបានពន្យារពេលដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ក្តី។
ប៉ុន្តែការងារមិនត្រូវបានបញ្ចប់សម្រាប់កីឡាករដែលជាម្ចាស់ជើងឯកលីគមួយនេះទេ ខណៈតារាបាល់ទាត់ដូចជាកីឡាករ ប្រាក់ មុន្នីឧត្តម និងកីឡាករ Privat Mbarga បាននាំយកអំណោយសប្បុរសធម៌មួយចំនួនជួយដល់គ្រួសារខ្វះខាតចំនួន ៥៨ គ្រួសារដោយ ១ គ្រួសារទទួលបានអង្ករ ១ បាវទម្ងន់ ៥០ គីឡូក្រាមដែលកំពុងជួបការលំបាក ដោយសារវិបត្តិជំងឺកូវីដ។
ដោយសហការជាមួយអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក Flame Cambodia ក្រុមបាល់ទាត់ដែលឈ្នះពានរង្វាន់ Hun Sen Cup ៤ សម័យកាលមួយនេះក៏បានផ្តល់អំណោយដូចជា មី ប្រេងឆា ត្រីខកំប៉ុង និងទឹកត្រី ព្រមទាំងថវិកាផងដែរ។
ក្លិបបាល់ទាត់មួយនេះក៏បានបរិច្ចាគថវិកាជួយដល់អង្គការ Flame និងការងាររបស់ពួកគេដែលកំពុងធ្វើនៅតាមសហគមន៍នានាក្នុងសង្កាត់បឹងទំពុន បឹងត្របែក សែនសុខ និង សង្កាត់ស្ទឹងមានជ័យជាដើម។
ស្ត្រីវ័យកណ្តាលម្នាក់មកពីខណ្ឌសែនសុខជាអ្នកដើររើសសំរាមដើម្បីផ្គត់ផ្គង់គ្រួសាររបស់គាត់បានបង្ហាញពីអារម្មណ៍ធូរស្បើយ ខណៈគាត់បានទទួលអំណោយនេះកាលពីចុងខែមុន។
«ក្នុងស្ថានភាពបច្ចុប្បន្នជំនួយនេះពិតជាបានជួយខ្ញុំច្រើនណាស់។ អំណោយនេះ យ៉ាងហោចណាស់អាចផ្គត់ផ្គង់គ្រួសាររបស់ខ្ញុំបាន ១ ខែ។ ខ្ញុំពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងអង្គការ Flame Cambodia សម្រាប់ការជួយរបស់ពួកគេ»។
គាត់ថ្លែងទាំងទឹកភ្នែកដោយក្តីរំភើបថា៖ «ខ្ញុំមិនអាចរកពាក្យអ្វីដើម្បីបង្ហាញពីការដឹងគុណរបស់ខ្ញុំឲ្យអស់ទេ។ ខ្ញុំមានសមាជិកគ្រួសារចំនួន ៨ នាក់ ហើយខ្ញុំតែម្នាក់ឯងដែលរ៉ាប់រងរកស៊ីចិញ្ចឹមពួកគេ។ អំណោយនេះបានជួយសម្រាលបន្ទុកខ្ញុំមួយរយៈ»។
លោក Conor Nestor គ្រូបង្វឹកក្លិបព្រះខ័នរាជស្វាយរៀងថ្លែងអំពីរបៀបដែលក្លិបមិនបានខ្ជះខ្ជាយពេលវេលាក្នុងការសម្រេចចិត្តដើម្បីឆ្លើយតបនៅពេលឮអំពីស្ថានភាពគ្រួសារទាំងនេះ។
លោកថ្លែងនៅពេលផ្តល់អំណោយដល់គ្រួសារខ្វះខាតទាំងនោះថាវាជាពេលវេលាដ៏ល្អដែលយើងបានជួយគ្រួសារខ្វះខាត ហើយយើងសូមអរគុណដល់ឯកឧត្តម ឌី វិជ្ជា ដែលជាប្រធានក្លិបរបស់យើងគឺនៅពេលទទួលព័ត៌មាននេះហើយ លោកបានជួយឧបត្ថម្ភដល់គ្រួសារដែលរងផលប៉ះពាល់ទាំងនេះ។
«ក្នុងនាមគ្រួសារ ក្លិបព្រះខ័នរាជស្វាយរៀង យើងសូមជូនពរបងប្អូនទាំងអស់គ្នាឲ្យជួបតែសេចក្តីសុខនៅក្នុងគ្រាលំបាកនេះ។ យើងសង្ឃឹមថាថ្ងៃនេះប្រសើរជាងថ្ងៃម្សិលមិញ ហើយថ្ងៃស្អែកនឹងល្អប្រសើរជាងថ្ងៃនេះ»។
បុរសសញ្ជាតិអៀរឡង់រូបនេះថ្លែងមុនពេលកីឡាករ និងបុគ្គលិកលើកបាវអង្ករដែលមានទម្ងន់សរុបជាង ៣ តោនដាក់លើម៉ូតូកង់បីដែលកំពុងរង់ចាំថា៖ « យើងនឹងបន្តគាំទ្រការងារល្អរបស់អង្គការ Flame Cambodia»។
Flame Cambodia គឺជាអង្គការក្រៅរដ្ឋាភិបាលមួយដែលមានគោលបំណងជួយកុមារក្រីក្រឲ្យចាកផុតពីភាពក្រីក្រ។ តាមរយៈការស្រាវជ្រាវបង្ហាញថាកីឡាជួយកុមារឲ្យផ្តោតលើការសិក្សារបស់ពួកគេ និងអភិវឌ្ឍជំនាញសង្គម និងការងារជាក្រុម។ អង្គការ Flame បានធ្វើការជាមួយក្លិបព្រះខ័នរាជស្វាយរៀងអស់រយៈពេលជិត ១ ឆ្នាំហើយ។
លោក នូ វ៉ាន់ដេត មន្ត្រីមកអង្គការ Flame Cambodia លើកឡើងថាកីឡាករពិតជាចង់ជួយខណៈដែលកីឡាករមួយចំនួនធ្លាប់មានជីវភាពខ្វះខាតកាលពីកុមារភាពដែរ។
លោក វ៉ាន់ដេត ថ្លែងថា៖ « កីឡាកររបស់ក្លិបព្រះខ័នរាជស្វាយរៀងមួយចំនួនធ្លាប់ជួបការលំបាកក្នុងវ័យកុមារភាពរបស់ពួកគេ ហើយពួកគេមិនបានភ្លេច និងចង់ជួយអ្នកដទៃ ខណៈពេលនេះពួកគេគឺជាម្ចាស់ជើងឯក»។
លោក Nestor ថ្លែងថា៖ «ខ្ញុំបានទទួលសារពន្យល់ពីស្ថានភាពដែលបច្ចុប្បន្នអង្គការ Flame Cambodia មានគ្រួសារចំនួន ១៥ ត្រូវបានបណ្តេញចេញ ហើយមនុស្សមួយចំនួនទៀតកំពុងប្រឈមហានិភ័យ។ ភ្លាមៗខ្ញុំបានដឹងច្បាស់ថា អ្វីដែលត្រូវការបន្ទាន់។
«នៅពេលខ្ញុំដឹងរឿងនេះខ្ញុំបានខលទូរស័ព្ទទៅប្រធានក្លិបរបស់ខ្ញុំ ឯកឧត្តម ឌី វិជ្ជា ហើយគាត់បានឆ្លើយតបថា «តើយើងត្រូវធ្វើអ្វី?» សម្រាប់ខ្ញុំវាគឺជាពេលវេលាដ៏អស្ចារ្យ។
«ខ្ញុំជាគ្រូបង្វឹកបាល់ទាត់ ហើយខ្ញុំតែងតែគិតអំពីការឈ្នះការប្រកួត ប៉ុន្តែខ្ញុំពិតជារីករាយណាស់ដែលម្ចាស់ក្លិបរបស់យើងបានសម្លឹងមើលក្លិបបាល់ទាត់ ដូចជាក្រុមគ្រួសារមួយ។ សព្វថ្ងៃយើងជាផ្នែកមួយដែលបានធ្វើអ្វីៗកាន់តែច្រើនគឺការជួយគ្នាទៅវិញទៅមកចេះទទួលខុសត្រូវចំពោះសហគមន៍ដែលនៅជុំវិញយើង»។
លោក Nestor ថ្លែងដោយរីករាយថា៖ « ជានិច្ចកាលនៅពេលក្រុមលេង ខ្ញុំនិយាយអំពីកីឡាករ និយាយជាមួយពួកគេថាយើងជាក្រុមដែលមានបេះដូងធំ ហើយថ្ងៃនេះខ្ញុំយើងបានបង្ហាញវា។ ក្នុងនាមជាគ្រូបង្វឹកម្នាក់ វាពិតជាបានធ្វើឲ្យខ្ញុំមានមោទនភាពណាស់»៕