កំពង់ឆ្នាំងៈ សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ នន់ សារ៉េត ពី​បទ​ឃាតកម្ម​គិតទុក​ជាមុន ដោយ​ដាក់​ពន្ធនាគារ​អស់​មួយជីវិត ដែល​បាន​សម្លាប់​ប្រពន្ធ​កូន​ខ្លួនឯង និង​កូនចុង​សរុប​ទាំងអស់​ចំនួន ៥ នាក់​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទះ ដែល​បង្កឡើង​ដោយ​បុរស​ជា​ប្តី កាលពី​យប់​ថ្ងៃទី ៩ ឧសភា។

ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​លោក​ អ៊ិត សុធា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ចៅ​ក្រុម​ជំនុំជម្រះ​សាលា ដំបូង​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃទី ១៣ ឧសភា នេះ​បានសម្រេច​ផ្តន្ទាទោស ឈ្មោះ នន់ សារ៉េត អាយុ ៣៨ ឆ្នាំ និង​ត្រូវជា​ប្តី​ជនរងគ្រោះ​ពី​បទឃាតកម្ម​គិតទុក​ជាមុន និង​បាន​បញ្ជូន​ជនជាប់ចោទ​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ។

លោក​បញ្ជាក់ថា៖ «ជនជាប់ចោទ​ត្រូវបាន​បញ្ជូន​ទៅ​ឃុំខ្លួន​ហើយ ព្រោះ​ចៅក្រម​គាត់​សម្រេច​ចោទប្រកាន់ ២ បទល្មើស គឺ ឃាតកម្ម​គិតទុក​ជាមុន​ក្នុង​មាត្រា ២០០ នៃ​ក្រមព្រហ្មទណ្ឌ និង​បទល្មើស លុបបំបាត់​វត្ថុតាង»។

លោក​បន្ថែមថា ការចោទប្រកាន់​នេះ​ផ្អែកលើ​ភ័ស្តុតាង​គ្រប់គ្រាន់ និង​ការទទួល​សារភាព​កំហុស​ពី​សំណាក់​ជនសង្ស័យ​ផងដែរ។

មាត្រា ២០០ នៃ​ក្រមព្រហ្មទណ្ឌ​ចែងថា៖ «ឃាតកម្ម​គិតទុក​ជាមុន គឺ​អំពើ​សម្លាប់​មនុស្ស​ដោយ​គិតទុក​ជាមុន ឬ​ដោយ​ការពួនស្ទាក់....ឃាតកម្ម​គិតទុក​ជាមុន ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​មួយជីវិត»។

ក្នុង​សំណុំរឿង​ឃាតកម្ម​នេះ បណ្តាល​ឱ្យ​ប្រពន្ធ និង​កូនតូចៗ​ចំនួន ៤ នាក់ ដែលមាន​អាយុ​ចន្លោះ​ពី ៣ ឆ្នាំ ដល់ ៩ ឆ្នាំ ត្រូវបាន​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទះ​ដែល​បង្កឡើង​ដោយ​បុរស​ជា​ស្វាមី។

លោក ឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរង និង​ជា​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ឆ្នាំង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ១៣ ឧសភា​នេះ​ថា បុរស​ដែលជា​ជនល្មើស​នោះ​មានកូន​ជាមួយ​ស្ត្រី​រងគ្រោះ​តែ​ម្នាក់​ទេ​គឺ​កូនប្រុស​អាយុ ២ ឆ្នាំ សល់​ប៉ុន្មាន​កូន​ប្តី​មុន។

អង្គភាព​ការពារ​កុមារ (Child Protection Unit) ដែល​ធ្វើការ​លើ​រឿងនេះ បាន​ធ្វើ​កំណត់​ហេតុថា នៅវេលា​ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែ​ឧសភា ឆ្នាំ ២០២១ ជនល្មើស​បាន​មាន​ជម្លោះ​យ៉ាងខ្លាំង​ជាមួយ​ប្រពន្ធ​របស់​ខ្លួន​នៅផ្ទះ​របស់​ពួកគេ ដែល​ស្ថិតនៅ​ឃុំ​ខុនរ៉ង ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង។

កំណត់ហេតុ​បង្ហាញថា៖ «នៅពេលនោះ​ក៏​ជនល្មើស​បាន​យក​កន្ត្រៃ​ទៅ​ចាក់​ប្រពន្ធ​របស់ខ្លួន​ជាច្រើនលើក​នៅលើ​ផ្នែក​ទ្រូង បង្ក​ឲ្យ​គាត់​រងរបួស​ធ្ងន់ធ្ងរ បន្ទាប់មក​ជនល្មើស​បាន​បន្ត​ហិង្សា​ទៅលើ​កូន​របស់ខ្លួន​ដែល​មាន​អាយុ ៣ ឆ្នាំ បង្ក​ឲ្យ​បាត់បង់​ជីវិត»។

កំណត់ហេតុ​បញ្ជាក់ថា៖ «ភ័ស្តុតាង​បានបង្ហាញ​យើង​ថា ជនល្មើស​បាន​បន្ត​ប្រហារ​ទៅលើ​កូនចុង​របស់ខ្លួន អាយុ ៩ ឆ្នាំ ដោយ​ច្របាច់ក។ ចំណែក​កូនភ្លោះ ២ នាក់​ទៀត​ដែលមាន​អាយុ ៧ ឆ្នាំ​បាន​ប្រទះឃើញ​អំពើ​ទាំងនេះ ក៏​រត់​ចូល​ទៅ​ក្នុង​បន្ទប់​គេង ហើយ​ឱប​គ្នា​ដោយ​មាន​ការភ័យខ្លាច ហើយ​ជនល្មើស​បាន​ខ្ទាស់​សោ បន្ទប់​គេង​ពី​ខាងក្រៅ»។

បន្ទាប់មក​ជនល្មើស​បាន​ដុត​ពូក និង​ខោអាវ ដើម្បី​ផ្តើម​អគ្គិភ័យ ដោយ​ជនល្មើស​បាន​រង់ចាំ​នៅក្នុង​ផ្ទះ​រហូត​ដល់ពេល​អគ្គិភ័យ​ចាប់ផ្តើម​រីករាលដាល​ទាំង​ដឹងថា កូនភ្លោះ ២ នាក់​នៅមាន​ជីវិត​នៅឡើយ ហើយ​ជាប់សោ​នៅក្នុង​បន្ទប់​គេង។ ពេល​អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​ទាំងស្រុង ជនល្មើស​បានចេញ​ក្រៅ​ផ្ទះ និង​រង់ចាំ​រហូតដល់​អ្នកជិតខាង​ប្រទះឃើញ។

ផ្អែក​តាម​កំណត់ហេតុ​ដដែល ជនរងគ្រោះ​ខ្លះ​បាន​ស្លាប់​ដោយ​រងរបួស​មុនពេល​អគ្គិភ័យ និង​មួយចំនួន​ទៀត​បាន​ស្លាប់​នៅក្នុង​អគ្គិភ័យ ខណៈ​សាកសព​កូនភ្លោះ​ត្រូវ​បាន​រកឃើញ​ក្នុង​ស្ថានភាព​ឱប​គ្នា។

ចំណែក ជនល្មើស​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​យប់កើតហេតុ ហើយ​បានផ្តល់​សេចក្តី​បំភ្លឺ​មួយចំនួន​ទៅ​កម្លាំង​សមត្ថកិច្ច​រៀបរាប់​អំពី​ការផ្តើម​នូវ​អគ្គិភ័យ​នេះ។

ក្នុង​កំណត់​ហេតុថា៖ «ក្នុងពេលនោះ ក្រុម​ការងារ​ជំនាញ​ក៏បាន​ចាប់ផ្តើម​ធ្វើ​កោសល្យវិច័យ​ទៅលើ​សាកសព និង​កន្លែងកើតហេតុ​ទាំងស្រុង។ ពេលដែល​ក្រុមការងារ​បាន​រៀបរាប់ និង​សួរ​អំពី​ភ័ស្តុតាង​វិទ្យាសាស្ត្រ​មួយចំនួន​ទៅ​កាន់​ជនល្មើស ជនល្មើស​ក៏​ចាប់ផ្តើម​សារភាព​ពី​អំពើ​ឃាតកម្ម និង​អគ្គិភ័យ»។

គួរ​រំឭក​ផងដែរ​ថា នៅពេល​ក្រុមបច្ចេកទេស​ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​ករណី​ភ្លើង​ឆេះ​ផ្ទះ​នេះ បាន​ប្រទះ​ឃើញ​វត្ថុ​បុរាណ​ប្រភេទ​កងជើង មាន​តម្លៃ​ប្រវត្តិសាស្ត្រ​ផងដែរ ហើយ​បាន​ប្រគល់​វត្ថុ​បុរាណ​នេះ ជូន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​កំពង់ឆ្នាំង​រក្សាទុក​ក្នុង​សារមន្ទីរ៕

វីដេអូ៖