ភ្នំពេញៈ កំពង់ផែស្វយ័តភ្នំពេញដែលចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជាបានចុះកិច្ចព្រមព្រៀងជួលដីទំហំ ៩,២៥ ហិកតាតាមបណ្តោយទន្លេសាបឲ្យទៅក្រុមហ៊ុនចិនក្នុងតម្លៃ ១៦,៥ លានដុល្លារសម្រាប់រយៈពេល ៥០ ឆ្នាំ ដើម្បីអភិវឌ្ឍទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយកាលពីម្សិលមិញ។
កិច្ចព្រមព្រៀងនេះបានធ្វើឡើងតាំងពីថ្ងៃទី ២៩ ខែមិថុនាដោយសម្រេចជួលដីនៅតាមបណ្តោយមាត់ទន្លេរបស់កំពង់ផែចាប់ពីគល់ស្ពានជ្រោយចង្វារដល់ផ្សាររាត្រីទៅឲ្យក្រុមហ៊ុនចៀន ឈឹង ថៃគ្រុប ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Yuetai Group។
Yuetai Group ជាក្រុមហ៊ុនអភិវឌ្ឍន៍របស់ចិនកំពុងមានប្រតិបត្តិការលើគម្រោងជាច្រើននៅកម្ពុជាដូចជា East One និង East View។
សេចក្តីប្រកាសព័ត៌មានរបស់កំពង់ផែភ្នំពេញបានឲ្យដឹងថា៖ «ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម និងចូលរួមអភិវឌ្ឍទីក្រុងតាមដងទន្លេសាប កំពង់ផែស្វយ័តភ្នំពេញបានចុះហត្ថលេខាជាមួយក្រុមហ៊ុនចៀន ឈឹង ថៃ គ្រុប លើកិច្ចសន្យាជួលដី [ឲ្យចៀន ឈឹង ថៃ គ្រុប] ដោយគិតចាប់ពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៨ រហូតដល់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០៦៨»។
កិច្ចព្រមព្រៀងជួលនេះធ្វើឡើងបន្ទាប់ទីតាំងនេះទើបត្រូវបានធ្វើអនុបយោគពីដីសាធារណៈរបស់រដ្ឋទៅជាដីឯកជនរបស់រដ្ឋ ដែលបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០១៨ កន្លងមក។
មិនអាចទាក់ទងលោក ហ៊ឺ បាវី អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានទេកាលពីម្សិលមិញ។
អ្នកនៅក្នុងវិស័យអចលនទ្រព្យបានឲ្យដឹងថា គម្រោងដ៏ធំនេះនឹងជួយធ្វើឲ្យវិស័យអចលនទ្រព្យនៅកម្ពុជា ពិសេសរាជធានីភ្នំពេញកាន់តែមានភាពទាក់ទាញបន្ថែមទៀត។
លោក សន សៀប នាយកក្រុមហ៊ុន ឃី រៀលអ៊ីស្ទេត បានឲ្យដឹងថា បើគម្រោងនេះលេចចេញជារូបរាងវាគឺជារឿងល្អ។ លោកថ្លែងថា៖ «ការសាងសង់អគារដែលមានកម្ពស់ខ្ពស់ និងច្រើនបែបនេះនៅតាមមាត់ទន្លេ ក៏អាចមានផលអវិជ្ជមានខ្លះផងដែរ ប្រសិនបើការរចនាប្លង់អគារមិនបានគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយទៅលើលំហ និងបរិស្ថាន»។
តាមកិច្ចព្រមព្រៀងកំពង់ផែភ្នំពេញនៅតែបន្តប្រតិបត្តិការលើទីតាំងនេះជាចំណតផែលើកដាក់ទំនិញ ចំណតផែទេសចរណ៍ជាតិ និងអន្តរជាតិដដែល។
ក្នុងកិច្ចសន្យាជួលនេះបានតម្រូវឲ្យក្រុមហ៊ុន ចៀន ឈឹង ថៃ គ្រុប អភិវឌ្ឍលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចជាការសាងសង់ច្រាំងទន្លេពីគល់ស្ពានជ្រោយចង្វារមកដល់ផ្សាររាត្រីដែលត្រូវចំណាយទឹកប្រាក់ ១៩ លានដុល្លារ ការសាងសង់ផ្លូវថ្មើរជើង និងផ្លូវសម្រាប់រថយន្តធុនតូចស្របតាមមាត់ទន្លេពីគល់ស្ពានជ្រោយចង្វារមកដល់ផ្សាររាត្រីដែលនឹងចំណាយ ១១ លានដុល្លារ ការចំណាយលើការសាងសង់អគាររដ្ឋបាលថ្មីរបស់កំពង់ផែដែលមានតម្លៃ ១១ លានដុល្លារ និងការសាងសង់ចំណតផែពហុបំណងថ្មីចំនួន ២ ដែលគ្រោងចំណាយ ៣០ លានដុល្លារ។
គម្រោង The City Gate រួមមាន ការិយាល័យពាណិជ្ជកម្ម មជ្ឈមណ្ឌលសិល្បៈ វប្បធម៌ ទីធ្លាសម្រាប់កម្សាន្ត អគារស្នាក់នៅរួម សណ្ឋាគារលំដាប់ផ្កាយ ៥ សាលតាំងពិព័រណ៍ និងសួនច្បារសាធារណៈជាដើម។
អ្នកជំនាញផ្នែកអចលនទ្រព្យម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា តម្លៃជួលនេះមានកម្រិតទាបខ្លាំងបើគិតទៅលើទីតាំង។
លោកបានថ្លែងថា៖ «សម្រាប់ខ្ញុំគឺ Broken heart ពេលឮតម្លៃនេះ។ ដីក្នុងទីតាំងខាងលើ បើជួលរយៈពេលវែងបែបនេះ យ៉ាងតិចក៏មានតម្លៃជាង ៣ ដុល្លារដែរក្នុង ១ ម៉ែត្រការ៉េសម្រាប់រយៈពេល ១ ខែ ហើយការអនុវត្តជាទូទៅតម្លៃនេះនឹងកើនឡើង ១០ ភាគរយរៀងរាល់ ៥ ឆ្នាំម្តង»។
តាមការគណនាដោយភ្នំពេញ ប៉ុស្តិ៍ បើផ្អែកលើតម្លៃដែលលើកឡើងដោយអ្នកជំនាញរូបនេះតម្លៃជួលក្នុង ១ ខែយ៉ាងហោចណាស់ជាង ២៧០ ០០០ ដុល្លារ ឬច្រើនជាង ១៦៦ លានដុល្លារសម្រាប់រយៈពេល ៥០ ឆ្នាំ៕LA