មូលដ្ឋានគ្រឹះនៃប្រព័ន្ធអប់រំដ៏ល្អ គឺពឹងផ្អែកទៅលើការកំណត់គោលដៅដ៏ច្បាស់លាស់នៃលទ្ធផលសិក្សារបស់សិស្ស ដោយយោងទៅលើកម្មវិធីសិក្សាដ៏រឹងមាំ និងការវាយតម្លៃយ៉ាងហ្មត់ចត់។ ប៉ុន្តែបេះដូង និងដួងព្រលឹងនៃប្រព័ន្ធអប់រំដ៏អស្ចារ្យ គឺជាគ្រូបង្រៀន។ គ្រូបង្រៀននាំយកចំណេះដឹងពីក្នុងសៀវភៅទៅបង្រៀនដល់សិស្សតាមរយៈមេរៀនដែលពួកគេបង្រៀន។ គ្រូបង្រៀនយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់សិស្សគ្រប់រូប។
គ្រូបង្រៀនលើកទឹកចិត្តសិស្សឱ្យជម្នះរាល់ឧបសគ្គ ដើម្បីសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ។ មានការសិក្សាស្រាវជ្រាវជាច្រើនបានវិភាគលើចំណុចសំខាន់ៗនៃប្រព័ន្ធអប់រំដែលជោគជ័យនៅជុំវិញពិភពលោក។ ជានិច្ចកាល គេបានរកឃើញថា កត្តាសំខាន់នៃភាពជោគជ័យរបស់ប្រព័ន្ធអប់រំ គឺអាស្រ័យទៅលើសមត្ថភាពនៃគ្រូបង្រៀនផ្ទាល់។ សម្រាប់បណ្តាប្រទេសមួយចំនួនដែលមានសិស្សជាប់ចំណាត់ថ្នាក់ក្នុងកម្មវិធី OECD ដែលជាការប្រឡងស្ទង់សមត្ថភាពខ្នាតអន្តរជាតិហៅកាត់ (PISA) រួមមានដូចជា សិង្ហបុរី និងហ្វាំងឡង់បានចាត់ទុកថា ការបង្រៀន គឺជាវិជ្ជាជីវៈដ៏ទាក់ទាញ និងទទួលបានការផ្តល់តម្លៃខ្ពស់ ស្របជាមួយនឹងឱកាសក្នុងការទទួលបានការរីកចម្រើន និងឱកាសក្នុងការក្លាយខ្លួនជាអ្នកដឹកនាំ។
គ្រូបង្រៀននៅប្រទេសសិង្ហបុរី ត្រូវបានសម្រិតសម្រាំងជ្រើសរើសចេញពីសិស្សពូកែប្រមាណជា ៣០% នៃមុខជំនាញនីមួយៗ ដើម្បីប្រាកដថា ពួកគេមានមូលដ្ឋានគ្រឹះសិក្សារឹងមាំ និងមានជំនាញច្បាស់លាស់ទៅលើមុខវិជ្ជាដែលពួកគេបង្រៀន។
ក្រៅពីការចូលរួមវគ្គបណ្តុះបណ្តាលមុនចាប់ផ្តើមបង្រៀនគ្រូបង្រៀនក៏បានចូលរួមវគ្គបណ្តុះបណ្តាល វិជ្ជាជីវៈជាបន្តបន្ទាប់ ដើម្បីបង្កើនជំនាញគរុកោសល្យ និងពង្រឹងក្រមសីលធម៌នៃវិជ្ជាជីវៈជាគ្រូបង្រៀនរបស់ពួកគេឱ្យកាន់តែប្រសើរ។ កត្តាជោគជ័យដ៏គួរឱ្យកត់សម្គាល់មួយទៀតនៃប្រព័ន្ធអប់រំរបស់សិង្ហបុរី គឺការរៀបចំផែនការទៅថ្ងៃអនាគត។
ដើម្បីធានាឱ្យបានថា សិស្សពីមួយជំនាន់ទៅមួយជំនាន់បានរៀបចំខ្លួនសម្រាប់ពេលអនាគត សាលារៀនទាំងអស់នៅក្នុងប្រទេសសិង្ហបុរី បានវិវត្តជាច្រើនដំណាក់កាលចាប់ពីដំណាក់កាលឧស្សាហូបនីយកម្មក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ រហូតដល់ដំណាក់កាលបច្ចុប្បន្ន ដែលការសិក្សាផ្តោតលើគុណតម្លៃ និងសិស្សជាចម្បង។
បើទោះបីជាការផ្លាស់ប្តូរនៃដំណាក់កាលនីមួយៗមានភាពខុសគ្នាយ៉ាងណាក៏ដោយ ឧត្តមគតិដ៏មានតម្លៃមួយចំនួននូវតែរក្សាមកដល់ពេលបច្ចុប្បន្នការបង្រៀនប្រកបដោយវិជ្ជាជីវៈ និងការប្តេជ្ញាចិត្តនឹងអាចឱ្យគ្រូសម្របខ្លួនបានយ៉ាងល្អ និងអាចដឹកនាំសិស្សឱ្យដើរលើផ្លូវត្រឹមត្រូវ។ ក្រៅពីចំណេះដឹងនៃការបង្រៀនគ្រូបង្រៀនក៏តម្រូវឱ្យមានគោលដៅ និងស្មារតីទទួលខុសត្រូវខ្ពស់ផងដែរ។
លោក លី ក្វាន់យូ ដែលជានាយករដ្ឋមន្ត្រីទី១ នៃប្រទេសសិង្ហបុរី បានថ្លែងនៅក្នុងសុន្ទរកថាក្នុងឆ្នាំ ១៩៦៦ ទៅកាន់នាយកសាលាថា៖ «គ្មានគ្រូបង្រៀនណាម្នាក់អាចបំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អនោះទេ លុះត្រាតែគាត់យល់ថាអ្វីដែលគាត់កំពុងធ្វើ គឺមានតម្លៃ។ “រាល់គ្រូបង្រៀននៅក្នុងថ្នាក់ត្រូវតែយល់ហើយនៅជាមួយ [សិស្ស]។ ប្រសិនបើគាត់មិនធ្វើដូច្នោះទេ គ្រូមិនអាចផ្តល់អ្វីមួយឱ្យសិស្សបាននោះទេ”។
ជំនឿដែលថា គ្រូបង្រៀនដើរតួនាទីយ៉ាងសំខាន់នៅក្នុងភាពជោគជ័យរបស់សាលារៀនបានផ្តល់ជាពន្លឺនៃការជ្រើសរើសបុគ្គលិកការវាយតម្លៃ និងការបណ្តុះបណ្តាលបុគ្គលិកសិក្សានៅសាលាអន្តរជាតិ SCIA។ ចក្ខុវិស័យរបស់សាលាគឺជាការ “ជំរុញភាពជាអ្នកដឹកនាំសម្រាប់យុគសកល“។
ដើម្បីហ្វឹកហាត់សិស្សពីភាពជាអ្នកដឹកនាំគ្រូបង្រៀនផ្ទាល់ត្រូវតែធ្វើជាគំរូអ្នកដឹកនាំល្អ។ រួមជាមួយគ្នានេះដែរ សាលាអន្តរជាតិ SCIA ក៏បានស្វែងរកគ្រូបង្រៀនដែលយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍជារួមរបស់សិស្សរាល់គ្នាផងដែរ។ ក្រៅពីចំណាត់ថ្នាក់គ្រូក៏ត្រូវដឹកនាំការអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់សិស្សនីមួយៗផងដែរ ដោយបណ្ដុះបណ្តាលគុណតម្លៃត្រឹមត្រូវ និងមានឆន្ទៈចូលរួមការងារសង្គម៕