
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិកក្រុមហ៊ុន MJQE ។
ជាមួយនឹងការប្រកាសឲ្យបើកសាលារៀនឡើងវិញជាបណ្តើរៗនោះលោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន (MJQE) បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងក្រសួងអប់រំចំពោះការដោះស្រាយវិបត្តិជំងឺកូវីដ១៩ និងអនុញ្ញាតកម្មវិធី summer school បើកដំណើរការនៅក្នុងបរិវេណសាលា។
MJQE គឺជាក្រុមហ៊ុនមេនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀនអន្តរទ្វីបអាមេរិកាំង (AIS)។ កម្មវិធី summer school របស់សាលា AIS នឹងចាប់ផ្តើមនៅខែសីហាហើយលោកវេជ្ជបណ្ឌិតគួច ម៉េងលី កំពុងស្នើដល់រដ្ឋាភិបាលឲ្យអនុញ្ញាតឲ្យពួកគេធ្វើកម្មវិធីនេះនៅក្នុងថ្នាក់រៀនដើម្បីធានាថា កម្រិតសុវត្ថិភាពគឺជាអាទិភាពខ្ពស់បំផុតមុនពេលសាលារៀនបើកដំណើរការឡើងវិញ។
ទន្ទឹមនឹងនេះដែរលោកមានប្រសាសន៍ថា ការបិទសាលារៀនដើម្បីប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដបានធ្វើឲ្យប៉ះពាល់វិស័យអប់រំឯកជនយ៉ាងខ្លាំង ដោយស្ថាប័នអប់រំតូចៗជាច្រើននៅទូទាំងប្រទេសបានត្រូវបិទទ្វារ ប៉ុន្តែសេចក្តីប្រកាសនេះបានធ្វើឱ្យមានសុទិដ្ឋិនិយមជាមួយនឹងលក្ខខណ្ឌសម្រាប់កម្មវិធី summer school ដែលនឹងចាប់ផ្តើមនាពេលខាងមុខដ៏ខ្លី។

ប្រកាន់ខ្ជាប់វិធានការគម្លោតនៅពេលសាលាបើកឡើងវិញ។
«ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានធានាសុវត្ថិភាពរបស់ប្រជាជនក្នុងអំឡុងពេលមានវិបត្តិជំងឺរាតត្បាតសកលដែលមិនធ្លាប់មាននេះ ហើយខ្ញុំក៏សូមថ្លែងអំណរគុណដល់ក្រសួងអប់រំផងដែរចំពោះការយកចិត្តទុកដាក់របស់ពួកគេ និងចំពោះការធានាដល់សាលារៀនឪពុកម្តាយ និងសិស្សានុសិស្សដែលបានបើកភ្លើងខៀវដើម្បីឲ្យចាប់ផ្តើមបើកសាលាឡើងវិញ»។
«ការប្រកាសនេះគឺជាដំណឹងល្អសម្រាប់វិស័យនេះ និងសម្រាប់សាលារៀនដូចពួកយើងដែលនឹងចាប់ផ្តើមឆមាសថ្មីនៅខែតុលា ឬខែវិច្ឆិកាខាងមុខ។ សម្រាប់យើង យើងអាចបន្តផ្តល់អាហារូបករណ៍ និងចាប់ផ្តើម summer school នៅក្នុងថ្នាក់រៀន ដើម្បីរៀបចំសម្រាប់ឆមាសថ្មី។ ប្រសិនបើយើងអាចបើកនៅខែសីហានោះយើងអាចដំណើរការកម្មវិធី summer school នៅក្នុងថ្នាក់រៀនដោយឥតគិតថ្លៃដើម្បីត្រៀមឆមាសថ្មី»។
លោកវេជ្ជបណ្ឌិត ម៉េងលី ថ្លែងថា៖ «ខណៈសិស្សចូលចូលរួម summer school តិច នឹងអនុញ្ញាតឱ្យធ្វើនៅក្នុងបរិវេណសាលាបាននឹងធ្វើជាការហាត់សមសម្រាប់ការបើកសាលាឡើងវិញដើម្បីធានាថា វិធានការសុវត្ថិភាពគឺជាអាទិភាពខ្ពស់បំផុត»។
លោកវេជ្ជបណ្ឌិតបន្ថែមថា វិធានការបែបនេះក៏នឹងជួយ «ជំរុញលើកទឹកចិត្ត»សិស្សមុនពេលពួកគេត្រឡប់មកកាន់ថ្នាក់រៀនវិញ។

សាលារបស់ក្រុមហ៊ុន MJQE ទាំងអស់ត្រូវបានសម្អាតជាប្រចាំ។
«សិស្សានុសិស្សកំពុងនិយាយថាពួកគេនឹកសាលាហើយពួកគេកំពុងទន្ទឹងរង់ចាំមកជួបជុំមិត្តភក្តិ និងគ្រូរបស់ពួកគេ និងត្រឡប់មកកាន់ការអប់រំបានប្រក្រតីឡើងវិញ»។
«summer school របស់យើងនឹងចាប់ផ្តើមពីថ្ងៃទី ២៤ ខែសីហាដល់ថ្ងៃទី ២ ខែតុលា។ យើងបើកកម្មវិធី summer school ជារៀងរាល់ឆ្នាំដើម្បីត្រៀមសិស្សសម្រាប់ឆ្នាំសិក្សាខាងមុខ។ ប៉ុន្តែឆ្នាំនេះមានការលំបាកដោយសារការបិទសាលាដើម្បីទប់ស្កាត់កូវីដ១៩។ វារឹតតែសំខាន់ទៀតដែលយើងអាចដំណើរការកម្មវិធីនេះបាននៅក្នុងបរិវេណសាលាដើម្បីផ្តល់ឱកាសដល់សិស្សឲ្យទទួលបានផ្នត់គំនិតអប់រំឡើងវិញ និងទទួលបានការបំផុសគំនិតម្តងទៀត ដើម្បីរៀបចំសម្រាប់ឆមាសថ្មី និងដើម្បីធានាដល់ឪពុកម្តាយ»។
ស្ថាបនិកនៃ Aii និង AIS ដែលមានសិស្សចូលរៀនប្រមាណ ១៤ ៥០០ នាក់គិតចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ មកនោះបានថ្លែងថា៖ «ខណៈកម្មវិធី summer school របស់យើងរៀបចំឡើងដោយឥតគិតថ្លៃ ស្ថាប័នអប់រំផ្សេងទៀតអាចប្រើប្រាស់ប្រាក់ចំណូលដើម្បីរក្សាស្ថិរភាពរបស់ពួកគេ បន្ទាប់ពីវាបានប៉ះពាល់ដល់ហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីការបិទទ្វារសាលា»។
ខណៈសាលារៀនកំពុងរៀបចំដំណើរការបើកឡើងវិញនោះ ពួកគេត្រូវតែប្រកាន់ខ្ជាប់គោលការណ៍ណែនាំដែលបានកំណត់ដោយអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល។
«ក្នុងនាមជាវេជ្ជបណ្ឌិត និងជាអ្នកឯកទេសខាងសុខភាពសាធារណៈខ្ញុំតែងតែធានាថា សាលារៀនរបស់ខ្ញុំមានស្តង់ដាអនាម័យតឹងរ៉ឹងបំផុត។ យើងមានគុណសម្បត្តិជាច្រើនរួចហើយ និងបានរៀបចំយ៉ាងល្អ ខណៈសាលាកំពុងរៀបចំបើកដំណើរការឡើងវិញ»។

សាលា AIS មានស្តង់ដាអនាម័យខ្ពស់បំផុត។
«សូម្បីតែមុនពេលផ្ទុះជំងឺកូវីដ១៩ យើងបានអនុវត្តតាមស្តង់ដាអនាម័យតឹងរ៉ឹងបំផុត ហើយបុគ្គលិករបស់យើងក៏ទទួលបានការបណ្តុះបណ្តាលយ៉ាងល្អ។ បន្ទប់ទឹករបស់យើងត្រូវបានសម្អាតរៀងរាល់ម៉ោងខណៈអគារទាំងអស់របស់យើងត្រូវបានសម្អាតយ៉ាងស្អាតជារៀងរាល់សប្តាហ៍»។
លោកវេជ្ជបណ្ឌិតមានប្រសាសន៍ថា៖ «យើងក៏ជាសាលាតែមួយគត់ដែលមានមជ្ឈមណ្ឌលសុខភាពពេញលេញសម្រាប់សិស្ស យើងមានគ្រូពេទ្យ និងគិលានុបដ្ឋាយិកាប្រចាំការជាប្រចាំហើយយើងពិតជាមានមោទនភាពណាស់ចំពោះរឿងនេះ»។
លោកបន្តថា ដោយមានវិធានការបែបនេះរួចជាស្រេច សាលារបស់លោកបានត្រៀមស្វាគមន៍សិស្សត្រឡប់មកវិញរួចរាល់ដើម្បីផ្តល់ឲ្យពួកគេនូវទំនុកចិត្ត ខណៈដែលវិស័យអប់រំនៅកម្ពុជាកំពុងផ្លាស់ប្តូរទៅដំណាក់កាលថ្មី។
«បន្ទាប់ពីមានការផ្ទុះឡើងនៃវីរុសនេះ ថ្នាក់រៀនរបស់យើងទាំងអស់ត្រូវបានបើកឲ្យខ្យល់អាកាសបរិសុទ្ធចេញចូលគ្រប់គ្រាន់ ហើយរក្សាសីតុណ្ហភាពអប្បបរមាគឺ ២៤ អង្សាសេ។ ខណៈការពាក់ម៉ាស់គឺចាំបាច់វិធានការគម្លាតសង្គម និងការលាងដៃដើម្បីរក្សាអនាម័យនឹងត្រូវអនុវត្តយ៉ាងតឹងរ៉ឹងបំផុត»។
លោកវេជ្ជបណ្ឌិត ម៉េងលី បន្តថា៖ «ខ្ញុំគឺជាមនុស្សដំបូងគេដែលចេញវីដេអូដើម្បីផ្តល់ដំបូន្មានដល់ប្រជាជនឲ្យយល់ដឹងអំពីសារៈសំខាន់នៃការធ្វើអនាម័យដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះចាប់តាំងពីមេរោគនេះផ្ទុះឡើង ដំបូងម្ល៉េះហើយការប្តេជ្ញាចិត្តរបស់ខ្ញុំចំពោះសុវត្ថិភាពសាធារណៈគឺនៅដដែលមិនការមានផ្លាស់ប្តូរឡើយ»៕

ក្រុមហ៊ុន MJQE គឺជាក្រុមហ៊ុនមេនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀនអន្តរទ្វីបអាមេរិកាំង (AIS) ដែលមានសិស្សចូលរៀន ១៤ ៥០០ នាក់។