ភាពជឿនលឿននៃផ្នែកបច្ចេកវិទ្យាបានផ្លាស់ប្តូរសង្គមរបស់យើងយ៉ាងច្រើន។ តាមរយៈការប្រើប្រាស់អ៊ិនធឺរណេត និងឧបករណ៍ចល័ត ព័ត៌មានអាចរកបានយ៉ាងឆាប់រហ័ស ដែលធ្វើឲ្យការសិក្សាកាន់តែមានភាពងាយស្រួលជាងមុន។
ការវិវឌ្ឍនេះជំរុញឲ្យមានការផ្លាស់ប្តូរយ៉ាងលឿនដែលមិនធ្លាប់មាន។ ចំណេះដឹង និងជំនាញដែលកំពុងបង្រៀនអាចនឹងមិនមានតម្រូវការនាពេលអនាគត។ ដូច្នេះបេសកកម្មដ៏សំខាន់របស់សាលា គឺរៀបចំឱ្យសិស្សត្រៀមខ្លួនសម្រាប់ពេលអនាគត។
សាលាអន្តរជាតិសិង្ហបុរី (SCIA) ចែករំលែកសមត្ថភាពសតវត្សរ៍ទី ២១ ហើយក៏បង្រៀនឲ្យសិស្សក្លាយជាអ្នកសិក្សាដោយខ្លួនឯង។ ការសិក្សាដោយខ្លួនឯង (SDL) តម្រូវឲ្យចេះស្វែងយល់ដោយខ្លួនឯង និងបន្តររកការរីកចម្រើន។
គ្រូនៅសាលា SCIA ណែនាំសិស្សឱ្យអនុវត្ត SDL តាមរបៀបដែលសមស្របតាមអាយុរបស់សិស្ស។ តាមរយៈការបង្រៀននេះ សិស្សបណ្ដុះការស្រលាញ់ការរៀន បង្កើនភាពជាម្ចាស់ការនៃការលូតលាស់ និងបង្កើនការត្រៀមខ្លួនសម្រាប់អាជីពនាពេលអនាគត។
SDL ត្រូវបានអភិវឌ្ឍតាមរយៈការ កសាងបរិយាកាសសិក្សា បែបសហប្រតិបត្តិការ ដែលតម្រូវឲ្យគ្រូធ្វើជាទីប្រឹក្សាច្រើនជាងលក្ខណៈផ្លូវការ។
ការដាក់ដំណើរការកម្មវិធីសិក្សានៅផ្ទះ (HBL) បច្ចុប្បន្ននេះ ដោយសារការបិទសាលា គឺជាឱកាសមួយសម្រាប់សិស្សក្នុងការអនុវត្តកម្មវិធី SDL។
កម្មវិធីសិក្សានៅផ្ទះរបស់សាលា SCIA ត្រូវបានរៀបចំឡើងដោយទាក់ទាញតាមរយៈកម្មវិធីផ្សេងៗដូចជា Class Dojo និង Microsoft Teams។ គ្រូបង្រៀនមេរៀនតាមរយៈវីដេអូដែលបានថតទុក ការបង្រៀនដោយផ្ទាល់ និងការដាក់កិច្ចការឲ្យសិស្សធ្វើ។
គ្រូជំរុញនិងដឹកនាំបទពិសោធន៍នៃការសិក្សារបស់សិស្ស ជួយសម្រួលដល់គំនិតផ្តួចផ្តើមក្នុងការរៀន ហើយក៏ទទួលពិគ្រោះយោបល់ផងដែរ។
សិស្សអនុវត្តតាមកាលវិភាគកម្មវិធី HBL។ ថ្នាក់មត្តេយ្យនៅសាលា SCIA គ្រូនិទានរឿងគួរឱ្យទាក់ទាញ។ ថ្នាក់បឋមសិក្សា និងវិទ្យាល័យ គ្រូផ្នែកវិទ្យាសាស្ត្រ ថតបង្ហាញការធ្វើពិសោធន៍ និងណែនាំសិស្សឱ្យអនុវត្តនៅផ្ទះដោយខ្លួនឯងដោយសុវត្ថិភាព។
គ្រូផ្នែកកីឡាផ្តល់លំហាត់ប្រាណប្រចាំសប្តាហ៍ ដើម្បីឱ្យសិស្សបន្តមានភាពសកម្ម។ នៅពេលដែលគ្រូដើរតួជាអ្នកសម្របសម្រួល ពួកយើងសង្កេតឃើញថា សិស្សជាច្រើនមានភាពជាម្ចាស់ការ និងទំនួលខុសត្រូវកាន់តែខ្ពស់ក្នុងការសិក្សា។
ក្នុងពេលដែលសាលាផ្អាកដំណើរការនេះ គឺជាពេលដែលចាំបាច់បំផុតដែលពួកយើងត្រូវរួមគ្នាជាសហគមន៍តែមួយ។ ក្នុងរយៈពេលជាច្រើនសប្តាហ៍មកនេះ បុគ្គលិករបស់សាលា SCIA រក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសិស្ស និងឪពុកម្តាយ ដើម្បីជួយពួកគេក្នុងការផ្លាស់ប្តូរមករៀនកម្មវិធី HBL។
បន្ថែមពីលើនេះ លោក Brenton Toh ព្រឹទ្ធបុរសផ្នែកបឋមសិក្សានៅសាលា SCIA ចែករំលែកគន្លឹះមួយចំនួនដូចខាងក្រោម៖ បង្កើតទម្លាប់ឱ្យកូនរបស់អ្នកមានរចនាសម្ព័ន្ធក្នុងការរៀនសូត្រនៅផ្ទះ។ ពិភាក្សាជាមួយគាត់ ពីរបៀបដែលគាត់ចង់រៀនសូត្រ។ រៀបចំកន្លែងជាក់លាក់នៅផ្ទះ សំរាប់ឲ្យគាត់បំពេញកិច្ចការជាប្រចាំ។
ដាក់កំណត់ពេលវេលាជាក់លាក់ ដែលកូនរបស់អ្នកអាចប្រើប្រាស់កុំព្យូទ័របាន។ ប្រាប់ពួកគាត់ពីការរំពឹងទុករបស់អ្នក។ គោលការណ៍ណែនាំសាមញ្ញៗ គឺមិនឲ្យលើសពី ៤ ម៉ោង ក្នុងមួយថ្ងៃសម្រាប់សិស្សថ្នាក់បឋមសិក្សា និងមិនឲ្យលើសពី ៥ ម៉ោងសម្រាប់សិស្សធំ។
អនុញ្ញាតឲ្យកូនរបស់អ្នករៀនដោយឯករាជ្យ។ វាអាចសាមញ្ញដូចជាអនុញ្ញាតឱ្យពួកគាត់ដោះស្រាយល្បែងផ្គុំរូបភាពដោយខ្លួនឯង។ បង្រៀនឲ្យពួកគាត់ស្វែងរកដំណោះស្រាយ។ កុំផ្តល់ចម្លើយភ្លាមៗ។ ភ្ញោចគំនិតពួកគាត់ដោយផ្តល់ពេលវេលាឱ្យពួកគាត់គិត។
ការត្រៀមខ្លួនសម្រាប់ពេលអនាគតមានន័យថា ត្រូវមានភាពរឹងមាំ ជម្នះរាល់ការលំបាក និងចេះដោះស្រាយជាមួយភាពមិនប្រាកដប្រជា។ ខណៈដែលសាលាអន្តរជាតិ SCIA បានផ្អាកការបង្រៀននៅសាលាដោយសារជំងឺកូវីដ ១៩ សាលាជឿជាក់ថា សិស្សានុសិស្សនឹងទទួលបាននូវបទពិសោធន៍ដ៏មានតម្លៃមួយ គឺការក្លាយជាអ្នករៀនសូត្រដោយខ្លួនឯង៕