ទីក្រុងធំៗនៅជុំវិញពិភពលោកមានវប្បធម៌ចម្រុះកាន់តែកើនឡើង ដូច្នេះដើម្បីឆ្លើយតបទៅនឹងយុគសកលនេះ យុវជនសព្វថ្ងៃគួរតែបណ្ដុះនូវទស្សនៈឲ្យកាន់តែទូលំទូលាយ ដើម្បីអាចមានសមត្ថភាពធ្វើការជាមួយមនុស្សដែលមានវប្បធម៌ គំនិត និងទស្សនៈខុសៗគ្នា។
ទោះជាយ៉ាងណា មោទនភាពនៃវប្បធម៌របស់ពួកគេធ្វើឲ្យគេយល់ដឹងអំពីបញ្ហាជាតិ និងការចូលរួមយ៉ាងសកម្មដល់សហគមន៍មូលដ្ឋាន ដែលធានាបាននូវឫសគល់នៃមោទនភាពនៃកេរដំណែលរបស់ពួកគេ។
សាលាអន្តរជាតិសិង្ហបុរី (SCIA) ទទួលស្គាល់សារៈសំខាន់នៃការអភិវឌ្ឍសមត្ថភាពចម្រុះវប្បធម៌ ដែលជាផ្នែកមួយនៃបេសកកម្មរបស់ខ្លួន ដើម្បីជំរុញការបំផុសគំនិតអនាគតអ្នកដឹកនាំ។ ក្រៅពីការសិក្សាសាលាអន្តរជាតិ SCIA ក៏ផ្តល់នូវជំនាញទន់តាមរយៈគំរូសិក្សាគ្រប់ជ្រុងជ្រោយ និងកម្មវិធីសំខាន់ៗមួយចំនួនទៀតដូចជាភាពជាអ្នកដឹកនាំ សហគ្រិនភាព និងមុខវិជ្ជា STEM ជាដើម។
ផ្នែកសំខាន់ៗនៃបទពិសោធសិក្សាចម្រុះវប្បធម៌នៅសាលាអន្តរជាតិ SCIA ការសិក្សា ៣ ភាសា៖ សិស្សសាលា SCIA តម្រូវឲ្យរៀនជា ៣ ភាសា គឺភាសាអង់គ្លេស ចិន និងភាសាខ្មែរ។ ការរៀនច្រើនភាសាពីដំបូងនឹងជួយពង្រឹងមូលដ្ឋានគ្រឹះសម្រាប់សិស្សនៅពេលពួកគេបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។ ខណៈភាសាអង់គ្លេស គឺជាភាសាចម្បងសម្រាប់ការបង្រៀនសាលា SCIA ក៏សង្កត់ធ្ងន់ទៅលើការសិក្សាវប្បធម៌អាស៊ី តាមរយៈការរៀនសូត្រជាភាសាខ្មែរ និងភាសាចិនផងដែរ។
សកម្មភាពវប្បធម៌៖ នៅសាលា SCIA សិស្សចូលរួមអបអរពិធីបុណ្យសំខាន់ៗនៃវប្បធម៌ផ្សេងៗគ្នា ក្នុងនោះរួមមានពិធីបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ បុណ្យសែនព្រះខែ បុណ្យចូលឆ្នាំចិន និងបុណ្យណូអែលជាដើម។
ចំពោះសកម្មភាពសហកម្មវិធីសិក្សា គឺក្លិបវប្បធម៌ខ្មែរ ដែលបើកឲ្យសិស្សមកពីគ្រប់ជាតិសាសន៍ឲ្យពួកគេរៀនសូត្រពីប្រពៃណី និងទំនៀមទម្លាប់ក្នុងស្រុក។ តាមរយៈការចូលរួមដោយផ្ទាល់ ដែលសិស្សអាចទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីភាពចម្រុះក្នុងចំណោមមិត្តភក្ដិរបស់ពួកគេ និងសារៈសំខាន់នៃឱកាសពិសេសៗទាំងនេះ។
ដំណើរការរៀនសូត្រ និងការចូលរួម៖ មានឱកាសច្រើនសម្រាប់សិស្សសាលា SCIA ក្នុងការធ្វើដំណើរទស្សនកិច្ចទៅបរទេសសម្រាប់ចូលរួមកម្មវិធីសិក្សាផ្សេងៗហើយក៏មានការចូលរួមការប្រកួតប្រជែងនៅក្រៅប្រទេសផងដែរ។ ក្នុងឆ្នាំសិក្សាកន្លងទៅ សិស្សសាលា SCIA បានធ្វើដំណើរកម្មសិក្សាទៅកាន់ប្រទេស សិង្ហបុរី ចិន ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។
តំបន់គោលដៅជាច្រើននឹងត្រូវបានកំណត់សម្រាប់ ២ ឬ ៣ ឆ្នាំខាងមុខ ដើម្បីពង្រីកការយល់ដឹងរបស់សិស្សឲ្យកាន់តែធំទូលាយ។ សាលា SCIA បានចាប់ដៃគូជាមួយសាលាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (SST) នៅសិង្ហបុរីនៅក្នុងគម្រោងសិក្សាសេវាកម្មសម្រាប់សហគមន៍មូលដ្ឋាននៅលើកោះសូត្រ (Silk Island)។ ដំណើរទស្សនកិច្ចបែបនេះនឹងផ្តល់នូវវេទិកាមួយដ៏ជាក់លាក់សម្រាប់សិស្សចូលរួម និងរៀនសូត្រពីសមភាគីរបស់ពួកគេដែលមកពីប្រទេសផ្សេងៗ។
ក្រុមសាស្ត្រាចារ្យអន្តរជាតិ៖ ជារៀងរាល់ថ្ងៃសិស្សសាលា SCIA រៀនសូត្រពីក្រុមគ្រូអន្តរជាតិដែលមានសមត្ថភាព។ សាស្ត្រាចារ្យរបស់សាលា SCIA មានចំនួន ៤០ នាក់ មកពី ១៥ ប្រទេសផ្សេងៗគ្នា ដែលមានបទពិសោធខ្ពស់ក្នុងការបង្រៀនកម្មវិធីសិក្សារបស់ខេមប្រ៊ីដ និងប្រព័ន្ធអប់រំរបស់សិង្ហបុរី។ គ្រូបង្រៀននាំយកចំណេះដឹង និងទស្សនវិស័យចម្រុះរបស់ពួកគេមកក្នុងថ្នាក់រៀន ដោយផ្តល់ឱ្យសិស្សនូវទស្សនៈចម្រុះ និងជាសកល អមជាមួយថ្នាក់រៀនប្រកបដោយផាសុកភាពនៃសាលា SCIA។
គុណតម្លៃទទួលបានតាមរយៈបទពិសោធ៖ មិនដូចរឿងរ៉ាវជាក់ស្តែង និងចំណេះដឹងនោះទេ ជំនាញវប្បធម៌ចម្រុះ និងគុណតម្លៃដូចជាការយោគយល់ ឬការគោរពជាដើម មិនអាចរៀនចេះតាមរយៈការបង្រៀន និងការអានសៀវភៅទេ។ វាកើតឡើងតាមរយៈសកម្មភាពដ៏មានអត្ថន័យជាច្រើន ដូចជាបទពិសោធសិក្សាការចូលរួមក្នុងការប្រកួតប្រជែង ការជួយដល់សហគមន៍ដែលជួបការលំបាកជាដើម ដែលទាំងអស់នេះជាគុណតម្លៃដ៏វិសេសសម្រាប់សិស្សានុសិស្សទុកជាបទពិសោធរបស់ពួកគេ។
តាមរយៈការបង្កើតបទពិសោធ និងបរិយាកាសសិក្សាដ៏សមស្របសាលាអន្តរជាតិ SCIA កំពុងព្យាយាមបណ្តុះ និងកសាងសមត្ថភាពសិស្សតាមរយៈការសិក្សាចម្រុះវប្បធម៌ ដើម្បីឲ្យវាក្លាយជាចំណេះដឹងជាក់ស្តែងសម្រាប់ពួកគេ ដែលនឹងក្លាយទៅជាអ្នកដឹកនាំនៅថ្ងៃអនាគតនៅក្នុងយុគដែលកំពុងមានការវិវឌ្ឍយ៉ាងឆាប់រហ័សនេះ៕