
ស៊ិន កក្កដា (ឆ្វេង) ពេលប្រកួតជាមួយក្រុមម៉ុងហ្គាលី ហើយថ្ងៃនេះរូបគេ និងមិត្តរួមក្រុម ត្រូវប៉ះក្រុមហ្វីលីលីពីន។ រូប ហ៊ាន រង្សី
ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតបើកឆាកប្រចាំពូល A នៃយុទ្ធនាការប្រកួតស៊ីហ្គេម ជាមួយក្រុមម្ចាស់ផ្ទះហ្វីលីពីន នៅពហុកីឡដ្ឋាន Rizal Memorial នាយប់ម៉ោង ៧ (ម៉ោងនៅកម្ពុជា) ថ្ងៃចន្ទនេះ ហើយក្រុមមីយ៉ាន់ម៉ា ក៏ត្រូវប្រឈមជាមួយក្រុមម៉ាឡេស៊ី នៅរសៀលថ្ងៃនេះផងដែរ។
ទោះយ៉ាងណាក៏ដោយ នៅមុនការប្រកួតចាប់ផ្តើមក្រុមកម្ពុជា បានជួបនៅរឿងដ៏សង្វេគមួយ ដោយពួកគេបាននាំគ្នាដេករដូករណែលគួរឲ្យអាណិត នៅលើកម្រាលព្រំជិត ៥ ម៉ោង ដើម្បីរង់ចាំបន្ទប់ដេក នៅឯសណ្ឋាគារហើយទង្វើនេះ បានធ្វើឲ្យអ្នកគាំទ្រកម្ពុជាមួយចំនួន ផ្ទុះការរិះគន់ដល់ម្ចាស់ផ្ទះហ្វីលីពីន ខណៈអ្នកខ្លះគិតថា អាចជាចេតនាអ្វីមួយរបស់ម្ចាស់ផ្ទះ មុនពេលក្រុមទាំង ២ ត្រូវប្រឈមមុខដាក់គ្នា នៅលើវាលស្មៅនាយប់ថ្ងៃចន្ទនេះ។
ជុំវិញបញ្ហានេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជានាយកបេសកកម្មការប្រកួតស៊ីហ្គេមនេះ បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃអាទិត្យថា៖ «រឿងនេះបានកើតឡើងនៅពេលក្រុមកម្ពុជាយើងទៅដល់ នៅថ្ងៃទី ២៣ ខែវិច្ឆិកា ហើយរឿងនេះ មិនមែនមានតែយើងទេ ព្រោះឃើញមានការចុះកាសែតក្នុងនោះមានក្រុមទីម័រខាងកើត និងក្រុមមីយ៉ាន់ម៉ា ជាដើម គឺមានបញ្ហាដូចគ្នានេះទាំងអស់ ប៉ុន្តែក្នុងសន្និសីទកាសែតនៅថ្ងៃនេះ ម្ចាស់ផ្ទះបានធ្វើការសុំទោសទៅដល់ក្រុម ដែលបានទៅដល់មុនទាំងនោះ»។
លោកបានបន្ថែមថា៖ «យើងបានតាមដាន និងបង្ខំពួកគេឲ្យមកទទួលក្រុមកម្ពុជាយើង ប៉ុន្តែនៅតែមានការយឺត ហើយការពិតកំហុសនេះ មកពីម្ចាស់ផ្ទះហ្វីលីពីន ព្រោះម្ចាស់ផ្ទះអត់បាននិយាយជាមួយម្ចាស់សណ្ឋាគារ។ ខាងសណ្ឋាគារ មានការកំណត់របស់គេ ឲ្យ check in នៅម៉ោង ២ ហើយយើងទៅដល់ម៉ោង ៥ ភ្លឺ និងចេញពីព្រលាន ២ ម៉ោងទៀត អ៊ីចឹងពេលដល់សណ្ឋាគារត្រូវរង់ចាំ ៤ ទៅ ៥ ម៉ោង ធ្វើឲ្យមានការលំបាកដល់ក្រុមយើង តែឥឡូវនេះ យើងបានសម្រួលអស់វិញហើយ»។
នៅក្នុងសន្និសីទកាសែតស្តីពីការប្រកួតនេះ កាលពីរសៀលថ្ងៃអាទិត្យម្សិលមិញ ទាំងគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ក្រុមមីយ៉ាន់ម៉ា ម៉ាឡេស៊ី ហ្វីលីពីន និង គ្រូបង្វឹកក្រុមទីម័រខាងកើត សុទ្ធតែបានអះអាងពីការត្រៀមខ្លួនបានល្អ សម្រាប់ប្រកួតប្រជែងក្នុងពូល A នេះ ពិសេសគ្រូបង្វឹកក្រុមម៉ាឡេស៊ី ដែលហាក់មានរំពឹងខ្ពស់ជាងគេ ក្នុងការឆ្លងផុតការប្រកួតជម្រុះក្នុងពូលនេះ។
ជាមួយគ្នានេះ លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបាននិយាយ នៅក្នុងសន្និសីទកាសែតថា៖ «យើងបានត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតនៅទីនេះជាមួយក្រុមផ្សេងៗទៀត នៅក្នុងតំបន់។ ថ្វីដ្បិតតែមានការរអាក់រអួលជាច្រើនចំពោះក្រុមកម្ពុជាយើង តាំងពីមកដល់ទីនេះពិតមែន តែក្រុមយើងអាចព្យាយាមសម្របសម្រួលខ្លួន ទៅតាមស្ថានភាពជាក់ស្តែងបានល្អ»។
ចំណែកលោក Goran Milojevic គ្រូបង្វឹកក្រុមហ្វីលីពីន បាននិយាយថា៖ «ជាដំបូង ខ្ញុំសូមស្វាគមន៍ក្រុមផ្សេងៗ ដែលបានមកកាន់ប្រទេស ហ្វីលីពីន ហើយខ្ញុំគិតថា ការប្រកួតបាល់ទាត់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ និងមានភាពជក់ចិត្តក្នុងការទស្សនា ខណៈគោលបំណងរបស់ខ្ញុំ គឺចង់ទទួលបានជ័យជម្នះក្នុងការប្រកួតនេះ»។
គួរបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីនបានសម្រេចកោះហៅកីឡាករកូនកាត់ និងកីឡាករ ដែលធំធាត់នៅបរទេសរហូតដល់ ១០ នាក់ ដាក់ក្នុងបញ្ជីឈ្មោះកីឡាករចុងក្រោយទាំង ២០ នាក់ សម្រាប់ត្រៀមការប្រកួតស៊ីហ្គេមនេះ ហើយការជួបក្រុមកម្ពុជានៅថ្ងៃនេះ វាជាពេលវេលា ដែលក្រុមមួយនេះត្រូវប្រើគ្រប់វិធីសាស្រ្តក្នុងការយកឈ្នះក្រុមកម្ពុជា ដើម្បីផ្គាប់ចិត្តដល់អ្នកគាំទ្រ ប៉ុន្តែកម្ពុជាក៏ចង់ទទួលបានលទ្ធផលល្អ ដើម្បីជាមោទនភាពដល់ប្រជាជនកម្ពុជាដូចគ្នា៕