ភ្នំពេញៈ អ្នកប្រដាល់វ័យក្មេង ឈុត សេរីវ៉ាន់ថង ដែលសាងភាពល្បីល្បាញក្នុងទម្ងន់ ៥៧ គីឡូក្រាមមកពីក្លិបរ៉ាហូខេត្តបាត់ដំបងនឹងត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយកីឡាករថៃ Fa Mai នៅលើសង្វៀន SEATV ល្ងាចថ្ងៃអាទិត្យសប្តាហ៍នេះ ហើយលោក ឈុត សេរី ដែលជាឪពុកបានប្រាប់ថា បើទោះបីជាការប្រកួតនេះឈ្នះ ឬចាញ់ក៏វ៉ាន់ថងត្រូវផ្អាកឈប់ឡើងប្រដាល់ ងាយទៅខិតខំរៀនដើម្បីត្រៀមប្រឡងបាក់ឌុបដែរ។
កីឡាករ ឈុត សេរីវ៉ាន់ថង ជាកូនពៅក្នុងចំណោមបងប្អូនបង្កើតចំនួន ៤ នាក់នៅភូមិព្រៃឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ កីឡាករមានអាយុ ១៨ ឆ្នាំកម្ពស់ ១,៦៨ ម៉ែត្រធ្លាប់ប្រកួតបាន ៦២ ដង ឈ្នះ ៥៤ ចាញ់ ៧ និងស្មើ ១ ដង វ៉ាន់ថង បានឈ្នះពានអន្តរជាតិ ISI Palm ទម្ងន់ ៥៧ គីឡូក្រាមនៅសង្វៀន CNC កាលដើមខែមករា ឆ្នាំ ២០១៩ នេះ និងធ្លាប់ឈ្នះជើងឯករង នៅសង្វៀនអាស៊ីអាគ្នេយ៍ផងដែរ ហើយរូបគេរកបានប្រាក់ចំណូលពីប្រដាល់គួរសមដើម្បីទ្រទ្រង់ជីវភាពបានមួយកម្រិត និងបានទៅរៀនសូត្រ។
លោក ឈុត សេរី បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ជំនួបជាមួយថៃ Fa Mai របស់កូនខ្ញុំលើកនេះគឺទោះបីលទ្ធផលចាញ់ ឬឈ្នះ ក៏ត្រូវតែបង្ខំចិត្តឈប់សម្រាកពីប្រដាល់មួយរយៈធំដែរ ដើម្បីយកពេលទៅសិក្សារៀនសូត្រ ចូលប្រឡងបាក់ឌុបនាឆ្នាំសិក្សា ២០១៩ នេះ។ ខ្ញុំរៀនបានតិចតួច អ៊ីចឹងខ្ញុំចង់ឲ្យកូនបានចូលរៀនមហាវិទ្យាល័យ ឬសាកលវិទ្យាល័យនឹងមានការងារធ្វើ រកប្រាក់ចំណូលប្រសើរជាងមុខរបរប្រដាល់នេះដែលមិនអាចនៅស្ថិតស្ថេរយូរនោះឡើយ»។
លោក ឈុត សេរី បានបញ្ជាក់ថា៖ «ខ្ញុំនៅតែស្រឡាញ់វិស័យប្រដាល់នេះខ្លាំង ប៉ុន្តែកាលពីឆ្នាំទៅ វ៉ាន់ថង ខំប្រឹងហ្វឹកហាត់ខ្លាំងពេក ដើម្បីឈ្នះបានខ្សែក្រវាត់ ប៉ុន្តែការខំហាត់ពេកនោះវាបានធ្វើឲ្យការសិក្សារបស់គេមិនបានល្អ ហើយបានប្រឡងធ្លាក់កាលពីឆ្នាំ ២០១៨ កន្លងមក»។
ចំណែក ឈុត សេរីវ៉ាន់ថង បាននិយាយថា៖ «ក្រោយផ្អាកការប្រកួតមួយរយៈដើម្បីបង្កើនការរៀនសូត្រនេះគឺខ្ញុំនៅតែខំហ្វឹកហាត់បន្តិចបន្តួច ដើម្បីសុខភាពគឺមិនបោះបង់ចោលទេ ហើយបញ្ហាប្រឡងនេះហើយទើបឪពុកខ្ញុំមិនអនុញ្ញាតឲ្យខ្ញុំទៅប្រមូលផ្តុំក្នុងក្រុមជម្រើសជាតិនោះ»។
គួររំឭកថា ឈុត សេរីវ៉ាន់ថង បានជាប់ឈ្មោះនៅក្នុងក្រុមជម្រើសជាតិប្រដាល់គុនខ្មែរក្នុងទម្ងន់ ៥៧ គីឡូក្រាមតាំងពីដំបូង ប៉ុន្តែដោយសារមិនដាច់អាល័យពីការសិក្សា ទីតាំងនោះបានធ្លាក់ទៅលើកីឡាករ វ៉ាន់ វឿន មកជំនួសជាជម្រើសជាតិវិញ។
ចំពោះដៃគូប្រកួត Fa Mai ជាកីឡាករជើងចាស់ធ្លាប់ប្រកួតបាន ៧៥ ដង ឈ្នះ ៦៤ ចាញ់ ១១ ដង ប៉ុន្តែកីឡាករថៃម្នាក់នេះធ្លាប់បានចាញ់ វ៉ាន់ថង ក្នុងការប្រកួតដណ្តើមពាន ISI Palm នៅ CNC ម្តងហើយ៕