ភ្នំពេញ៖ ទោះមានសំណាងបានចាប់កំណើត នៅលើទឹកដីប្រទេសមហាអំណាច បារាំង ប៉ុន្តែលោក Derek Bidaut ដែលបច្ចុប្បន្ន មានឈ្មោះខ្មែរថា ច័ន្ទ រីទ្ធិសក្តិ នោះ បានជម្នះការរារាំង និងរិះគន់ពីមិត្តភក្តិ បងប្អូន រួចធ្វើដំណើរមកផ្សងព្រេង នៅប្រទេសកម្ពុជា និងបានប្រើខ្សែជីវិត ពោរពេញដោយការតស៊ូ ដើម្បីមកចាប់អាជីព ជាអ្នកប្រដាល់គុនខ្មែរ និងគុនល្បុក្កតោ ដែលជាមរតកក្បាច់គុនខ្មែរ ទៅតាមក្តីស្រមៃរបស់ខ្លួន។
គិតមកដល់ពេលនេះ Derek បានចាប់អាជីពលើមរតកក្បាច់គុនខ្មែរទាំង ២ ផ្នែកនេះ ចំនួន ១០ ឆ្នាំហើយ ហើយនៅក្នុងរយៈពេលនេះ កីឡាករបារាំងដែលទទួលបានសញ្ជាតិខ្មែររូបនេះ មិនត្រឹមតែបានហ្វឹកហាត់យ៉ាងស្ទាត់ជំនាញផ្នែកប្រដាល់គុនខ្មែរ និងគុនល្បុក្កតោ ប៉ុណ្ណោះទេ ប៉ុន្តែ Derek ក៏បានចេញទៅប្រកួតនៅជប៉ុន អាមេរិក បារាំង អូស្ត្រាលី និងប្រទេសមួយចំនួនទៀត តំណាងឱ្យកម្ពុជាផងដែរ។
តាមរយៈបទសម្ភាសជាមួយ ភ្នំពេញ ប៉ុស្តិ៍ Derek Bidaut បានប្រាប់ថា៖ «ខ្ញុំមានស្រុកកំណើតនៅប្រទេសបារាំង ហើយខ្ញុំស្រឡាញ់ចូលចិត្តផ្នែកកីឡាប្រយុទ្ធ ក្រោយពីបានចូលរៀនច្បាប់កីឡា នៅប្រទេសបារាំង។ ពីដំបូង ខ្ញុំបានចូលហាត់កីឡាគុនចិនឈ្មោះគុងហ្វ៊ូ ហើយក្រោយពេលខ្ញុំបានស្គាល់គុនខ្មែរ តាមរយៈកីឡាករ បឺត ខាំ ដែលបានទៅបង្ហាត់គេ នៅប្រទេសបារាំង នោះ គឺខ្ញុំសុំគាត់ហាត់បាន ៣ ថ្ងៃ បន្ទាប់មកសហព័ន្ធកីឡាប្រដាល់គុនខ្មែរនៅប្រទេសបារាំង បានផ្តល់ឱ្យខ្ញុំបានហ្វឹកហាត់មួយរយៈទៀត»។
Derek បានប្រាប់បន្ថែមថា៖ «បន្ទាប់មកទៀត ខ្ញុំក៏បានជាប់ចិត្តនឹងប្រដាល់គុនខ្មែរ ហើយអ្វីដែលខ្ញុំនិយមចូលចិត្តបំផុតនោះ គឺក្រោយពេលដឹងថា គុនខ្មែរ និងសិល្បៈអប្សរា ជារបស់ខ្មែរ និងគុនល្បុក្កតោ ជារបស់ខ្មែរ ហេតុនេះនៅឆ្នាំ ២០០៩ ខ្ញុំបានចូលមកហាត់គុនល្បុក្កតោ និងគុនខ្មែរមមាញឹកខ្លាំង និងឡើងប្រកួតបានល្អ នៅក្នុងឆ្នាំ ២០១២ និងឆ្នាំ ២០១៣។ លុះដល់ឆ្នាំ ២០១៥ ខ្ញុំបានជាប់ចិត្តខ្លាំងជាមួយកីឡាល្បុក្កតោ ដោយបានហ្វឹកហាត់ និងស្រឡាញ់រាប់អានលោកគ្រូតាក្រមាមាស សាន គឹមស៊ាន»។
យ៉ាងណាក៏ដោយ នៅមុនពេលឈានដល់ចំណុចនេះ Derek ត្រូវបានបងប្អូន និងមិត្តភក្តិរារាំង និងរិះគន់ មិនឱ្យមកហាត់ក្បាច់គុនខ្មែរនោះទេ ព្រោះវាខាតទាំងពេលវេលា និងលុយកាក់ ប៉ុន្តែដោយក្តីស្រឡាញ់ Derek នៅតែជម្នះមកហ្វឹកហាត់ និងជួយផ្សព្វផ្សាយពីមរតកក្បាច់គុនខ្មែរនេះ ខណៈពេលនេះ Derek ក៏ត្រូវបានដាក់បញ្ចូលជាសមាជិកប្រតិបត្តិរបស់សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ហើយដែរ។
កីឡាករបរទេស ដែលចេះនិយាយភាសាខ្មែរបានល្អរូបនេះបញ្ជាក់ថា៖ «ខ្ញុំមានមិត្តភក្តិបងប្អូនមួយចំនួនបានរិះគន់ខ្ញុំ ដែលខ្ញុំស្រឡាញ់ងប់ងល់នឹងក្បាច់គុនបុរាណខ្មែរ ដោយពួកគាត់បាននិយាយថា វាខាតវេលា និងគ្មានប្រាក់ចំណូល គឺមានតែចំណាយ ហើយតាមពិត គឺអ៊ីចឹងមែន ដ្បិតអីពីមុនខ្ញុំបានចំណូលពីមុខរបរជូនភ្ញៀវទេសចរ ដោយខ្ញុំធ្វើការឱ្យសណ្ឋាគារទែរ៉ូ នៅខេត្តរតនគីរី ចំណែកកីឡាបុរាណខ្មែរ ដែលខ្ញុំចូលរួមគ្មានចំណូលទេ មានតែចំណាយ ប៉ុន្តែខ្ញុំនៅតែស្រឡាញ់ និងមិនបោះបង់»។
កីឡាករបារាំងទើបទទួលបានសញ្ជាតិខ្មែរ ក្នុងឆ្នាំ ២០២០ Derek បានបញ្ជាក់ទៀតថា៖ «សម្រាប់ថ្ងៃអនាគត ខ្ញុំចង់មានក្លិបល្អមួយ មានសម្ភារហ្វឹកហាត់ទំនើប ដើម្បីបង្ហាត់ក្មេងៗជំនាន់ក្រោយ ដោយខ្ញុំជាគ្រូបង្វឹក មិនយកលុយ។ ខ្ញុំត្រេកអរខ្លាំង ព្រោះនៅឆ្នាំ ២០២១ នេះ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានផ្តល់ឱ្យខ្ញុំជាសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធ ដើម្បីខ្ញុំមានពេលវេលាជួយឱ្យល្បុក្កតោកម្ពុជាមានភាពរីកចម្រើននៅក្រៅប្រទេស»៕