ក្រុងឡុងដ៍ៈ កីឡាករ Harry Maguire បាន​ក្លាយជា​ខ្សែការពារ​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​បំផុត​ក្នុង​ពិភពលោក បន្ទាប់ពី​ក្លិប Man Utd បាន​ចុះ​កុងត្រា​ជាមួយ​រូបគេ​ក្នុង​តម្លៃ​ខ្លួន​ចំនួន​ ៨០ ​លាន​ផោន​ស្មើ​នឹង ៩៧ លាន​ដុល្លារ​អាមេរិក​កាលពី​ថ្ងៃ​ចន្ទ​។

ក្លិប Man Utd បាន​និយាយ​ក្នុង​របាយការណ៍​តាម​គេហទំព័រ​របស់​ខ្លួន​ថា​៖ «​ក្លិប Man Utd សូម​ធ្វើការ​បញ្ជាក់​ពី​ការចុះ​កុងត្រា​ទិញ​យក​កីឡាករ Harry Maguire ពី​ក្លិប Leicester City»​។

របាយការណ៍​ដដែល​នេះ​បាន​បន្ត​ថា​៖ «​កីឡាករ Maguire បាន​ចុះ​កុងត្រា​រយៈពេល​ ៦ ឆ្នាំ​ដោយ​អាច​បន្ត​បាន​ ១ ​ឆ្នាំ​ទៀត​»​។

ខ្សែការពារ​ជម្រើសជាតិ​អង់គ្លេស​វ័យ​ ២៦ ​ឆ្នាំ​រូបនេះ​ត្រូវ​បាន​ក្លិប​នៅ​ទីក្រុង Manchester ទាំង​ ២ ​នេះ​ចរចា​គ្នា​យ៉ាង​ខ្លាំង​នៅ​រដូវកាល​កន្លង​មក​នេះ​ ប៉ុន្តែ​ក្លិប Leicester បានដាក់​តម្លៃ​ខ្លួន​របស់​រូបគេ​ឲ្យ​លើស​ពី​ចំនួន ៧៥ លាន​ផោន​ដែល​ក្លិប Liverpool បាន​ចំណាយ​ទៅ​ឲ្យ​ក្លិប Southampton ដើម្បី​ទិញ​យក​ខ្សែការពារ Virgil Van Dijk កាលពី​ខែ​មករា ឆ្នាំ​ ២០១៨​។

កីឡាករ Maguire បាន​ប្រាប់​គេហទំព័រ​ផ្លូវការ​របស់​ក្លិប​នេះ​ថា​៖ «​ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែល​បាន​ចុះ​កុងត្រា​ជាមួយ​ក្លិប​ដ៏អស្ចារ្យ​នេះ​។ ខ្ញុំ​សប្បាយ​នឹង​ពេលវេលា​របស់​ខ្ញុំ​នៅ​ក្លិប Leicester និង​សូម​អរគុណ​អ្នកគ្រប់​គ្នា​នៅ​ក្លិប​នេះ និង​អ្នកគាំទ្រ​ទាំងអស់​ចំពោះ​ការគាំទ្រ​ដ៏អស្ចារ្យ​របស់​ពួកគេ​នៅ​រយៈពេល​ ២ ​រដូវកាល​កន្លងមក​នេះ​»​។

ខ្សែការពារ​រូបនេះ​បាន​និយាយ​ទៀត​ថា​៖ «​ទោះ​យ៉ាង​ណា​ក៏ដោយ​នៅពេល​ក្លិប Manchester United មក​គោះទ្វារ​របស់​អ្នក វា​ជា​ឱកាស​ដ៏ល្អ​មួយ​មិន​គួរ​ឲ្យ​ជឿ​ទាល់​តែ​សោះ​»​។

កីឡាករ​រូបនេះ​បាន​បន្ថែម​ថា​៖ «​ជុំវិញ​ការសន្ទនា​ជាមួយ​អ្នក​គ្រប់គ្រង​នោះ ខ្ញុំ​ពិតជា​រំភើបចិត្ត​ពី​ចក្ខុវិស័យ និង​ផែនការ​ដែល​គាត់​មាន​សម្រាប់​ក្រុម​នេះ​»​។

កីឡាករ Maguire បាន​បញ្ជាក់​ទៀត​ថា​៖ «​វា​ច្បាស់​ណាស់​ដែល​គ្រូបង្វឹក​ក្លិប​លោក Ole Gunnar Solskjaer កំពុង​បង្កើន​សមត្ថភាព​ក្រុម​ដើម្បី​ឈ្នះ​ពាន​មួយចំនួន​នៅ​រដូវកាល​ថ្មី​នេះ ហើយ​ខ្ញុំ​កំពុង​ទន្ទឹង​រង់ចាំ​ជួប​មិត្ត​រួម​ក្រុម​ថ្មី​របស់​ខ្ញុំ និង​ចាប់ផ្ដើម​រដូវកាល​ថ្មី​ផង​ដែរ​»៕ SN