ភ្នំពេញ៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ក្រុមហ៊ុន ហ្វឺស យូណាយ ណេតវើក អេនធើធេនម៉ិន បានរៀបចំនូវព្រឹត្តិការណ៍ជ្រើសរើសធីតាឯកសង្ក្រាន្ត នារដូវកាលទី២ ប្រចាំឆ្នាំ ២០២១ ដោយមានការចូលរួមគាំទ្រ និងសហការពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជានោះ គេស្រាប់តែឃើញវត្តមានស្រីស្រស់ រឿន ណាត ក៏ជាសមាជិកម្នាក់នៃក្រុមគណៈកម្មការ ៣ រូប ផងដែរ។
អតីតកញ្ញាឯកចក្កវាឡកម្ពុជាឆ្នាំ ២០១៨ កញ្ញា រឿន ណាត ដែលស្រូបប្រជាប្រិយភាពខ្លាំងពីមហាជនកាលពេលជាតំណាងឱ្យកម្ពុជាក្នុងការប្រកួតកញ្ញាឯកចក្កវាឡពិភពលោកឆ្នាំ ២០១៨ និងនារយៈពេល ២-៣ ឆ្នាំក្រោយមកនេះក៏ផុសផុលនឹងទីផ្សារថតកុន ថតស្ប៉តនានា និងថត MV បទចម្រៀងជាហូរហែ ដែលជាការបោះជំហានដ៏ល្អឆ្ពោះទៅរកភាពជោគជ័យលើវិថីសិល្បៈ ខណៈរូបសម្ផស្សវិញ ក៏កាន់តែស្រស់ផូរផង់ ជាទីបេតីនៃក្រុមកន្លង់ចង់ចោមរោមមិនតិចនោះឡើយ ស្ម័គ្រស្មោះសុំឃុំគ្រងជាម្ចាស់បេះដូង។
ស្រីស្រស់វ័យ ២៥ ឆ្នាំ ដែលជាបុប្ផាដុះនៅលើទឹកដីកំណើតខេត្តកំពង់ចាម កញ្ញា រឿន ណាត ក៏បញ្ជាក់ឱ្យដឹងពីអារម្មណ៍ផ្ទាល់ខ្លួន ខណៈត្រូវបានខាងក្រុមហ៊ុនជ្រើសរើសខ្លួនជាសមាជិកនៃក្រុមគណៈកម្មការប្រកួតធីតាឯកនៃសង្ក្រាន្តឆ្នាំ ២០២១ ជាមួយតារាសម្តែងប្រុសជើងចាស់លោក ទេព រិនដារ៉ូ ផងដែរនោះថា៖ «នាងខ្ញុំ ពិតជាសប្បាយចិត្តខ្លាំងណាស់នឹងបច្ចុប្បន្នភាពនៃទីផ្សារការងារលើវិស័យសិល្បៈនានា ដែលនាងខ្ញុំកំពុងតែមាននៅពេលនេះ ហើយខ្ញុំក៏អរគុណដែរ សម្រាប់ការគាំទ្រពីសំណាក់ក្រុមហ៊ុនក៏ដូចជាខាងទូរទស្សន៍ជាតិកម្ពុជា ដែលបានផ្តល់ឱកាសនេះដល់រូបនាងខ្ញុំ»។
ខណៈតារាប្រុស-ស្រីស្ទើរគ្រប់រូបហាក់រអ៊ូអំពីកិច្ចការងារសិល្បៈធ្លាក់ចុះនៅក្នុងពេលជួបនឹងវិបត្តិជំងឺកូវីដ ១៩ នោះ ស្រាប់តែស្រីស្អាត រឿន ណាត បែរជាកំពុងផុសផុលខ្លាំងនឹងការសម្រុកថតកុនសម្អាងការ រកពេលសម្រាកសឹងតែគ្មានទៅវិញ។ កញ្ញា រឿន ណាត ក៏បង្ហើបអារម្មណ៍បែបឆ្ងល់ខ្លួនឯងថា៖ «នាងខ្ញុំក៏ឆ្ងល់ដែរ ថាហេតុអ្វីពេលនេះ ខ្ញុំបែរជាសម្បូរគេទាក់ទងការងារសិល្បៈ សឹងគ្មានពេលសម្រាកទៅវិញ។ តែយ៉ាងណាក៏នាងខ្ញុំសូមថ្លែងអំណរគុណ សម្រាប់ការគាំទ្រពីសំណាក់បងប្អូនមហាជន ក្រុមហ៊ុន និងផលិតកម្មនានាផងដែរ ចំពោះការផ្តល់ភាពជឿជាក់លើសមត្ថភាពនាងខ្ញុំតាំងពីដើមរហូតមក»៕