ភ្នំពេញ៖ បើតាមប្រពៃណីខ្មែរ ជារៀងរាល់ឆ្នាំ តែងមានការផ្សាយពីដំណើរយាងចុះរបស់ទេពធីតានីមួយៗ ប្រចាំឆ្នាំតាមថ្ងៃទាំង ៧ ខណៈទេពធីតាទាំងនោះ គឺជាបុត្រធីតារបស់កបិលមហាព្រហ្ម តាមក្បួននៃសង្ក្រាន្តរបស់ខ្មែរ ដោយមានគោលបំណងចង់បញ្ជ្រាបការយល់ដឹងពីវប្បធម៌ និងអបអរសាទរបុណ្យប្រពៃណីខ្មែរឆ្នាំថ្មី។ នេះជាលើកទី២ ហើយនៃការប្រកួតជ្រើសរើសធីតាឯកសង្ក្រាន្តឆ្នាំ ២០២១ ដែលរៀបចំដោយក្រុមហ៊ុនហ្វាន់ អេនធើធិនមិន និងមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងព័ត៌មាន ខណៈពេលនេះ ជិតរកឃើញជយលាភីនៃធីតាឯកប្រចាំឆ្នាំថ្មីនេះហើយ។
បើតាមសេចក្តីប្រកាសក្នុងគេហទំព័រផ្លូវការនៃក្រុមហ៊ុន ហ្វាន់ អេនធើធិនមិន បានឱ្យដឹងថា៖ «តំណាងឱ្យក្រុមការងារ ធីតាសង្ក្រាន្តរដូវកាលទី២ សូមអបអរសាទរបេក្ខភាព ២៣ រូប ចុងក្រោយ ដែលបានពិន្ទុខ្ពស់ជាងគេ កាលពីវគ្គទី១ ដែលផុតកំណត់កាលពីថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២១ កន្លងមកនេះ។ បងប្អូនអាចបោះឆ្នោតជូនបេក្ខភាព ដែលបងប្អូនពេញចិត្ត គិតថាគាត់នឹងឆ្លងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ និងមានឱកាសទទួលបានពានរង្វាន់ប្រជាប្រិយភាព។ ក្នុងចំណោមបេក្ខភាពទាំង ២៣ រូបនេះ គឺមានតែបេក្ខភាពចំនួន ១២ រូបប៉ុណ្ណោះ នឹងឆ្លងទៅវគ្គបន្ត! ការផ្ដល់ពិន្ទុវគ្គទី១ នឹងផ្អែកលើ ទី១ វគ្គសម្ភាសន៍ពីក្រុមគណៈកម្មការ ៧០% (នឹងចាក់ផ្សាយជូនបងប្អូនទស្សនានៅរៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ យប់នៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា និងគេហទំព័រហ្វេសប៊ុកផ្លូវការ Fun Entertainment។ ទី២ ការបោះឆ្នោត ៣០ % (១ Like=១ ពិន្ទុ, ១ Share=២ ពិន្ទុ, ១ Comment=១ ពិន្ទុ)»។
បើតាមអ្នកនាង សំណាង ពុទ្ធានី ដែលជាបុគ្គលិកផ្នែកទំនាក់ទំនងសាធារណៈ និងសមាជិកនៃគណៈកម្មការប្រកួតជ្រើសរើសធីតាឯកសង្ក្រាន្តលើកទី១ នៅឆ្នាំ ២០២០ ធ្លាប់បង្ហើបឱ្យដឹងពីគោលបំណងថា ការរៀបចំនេះ មានគោលបំណងធំ ២ យ៉ាង។ ទី១ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលខិតជិតចូលមកដល់។ ទី២ ចង់បញ្ជ្រាបបន្ថែមពីការយល់ដឹងអំពីវប្បធម៌ទៅដល់កូនខ្មែរជំនាន់ក្រោយឱ្យបានយល់។ តាមប្រពៃណីខ្មែរ ជារៀងរាល់ឆ្នាំតែងផ្សាយពីដំណើរយាងចុះនៃទេពធីតានីមួយៗ ប្រចាំឆ្នាំតាមថ្ងៃទាំង ៧ ខណៈទេពធីតាទាំងនោះ គឺជាបុត្រធីតារបស់កបិលមហាព្រហ្ម។
អ្នកនាង ពុទ្ធានី បន្តឱ្យដឹងថា ការជ្រើសរើសនេះមាន ៣ ដំណាក់កាល។ ដំបូងជម្រុះចំនួនច្រើនរូប ខណៈបន្ទាប់គឺចម្រាញ់យកជាង ១០ រូប និងជាចុងក្រោយ មាន ២ វគ្គ គឺវគ្គដំបូងត្រូវចម្រាញ់យក ៧ រូប ជាតំណាងបុត្រធីតាទាំង ៧ អង្គ របស់កបិលមហាព្រហ្ម និងវគ្គចុងក្រោយ សម្រាំងយកទេពធីតាឯកប្រចាំឆ្នាំ។
បេក្ខនារីជាប់ក្នុងការប្រកួតជ្រើសរើសធីតាឯកសង្ក្រាន្ត ២០២១ ក្រុមហ៊ុន ហ្វឺសយូណា ណេតវើក អេនធើធិនម៉ិន នឹងជូនពានសម្រាប់ធីតាឯកសង្ក្រាន្ត។ ជយលាភីលេខ ១ ពានអមដោយវិញ្ញាបនបត្រ និងថវិកាចំនួន ៣ ០០០ ដុល្លារ ជយលាភីលេខ ២ ពានអមដោយវិញ្ញាបនបត្រ និងថវិកាចំនួន ២ ០០០ ដុល្លារ ជយលាភីលេខ ៣ ពានអមដោយវិញ្ញាបនបត្រ និងថវិកាចំនួន ១ ៥០០ ដុល្លារ។ ឯជយលាភីលេខ ៤-៥-៦ និងលេខ ៧ ពានអមដោយវិញ្ញាបនបត្រ និងថវិកាចំនួន ៦០០ ដុល្លារ។
គួររំឭកថា ធីតាឯកសង្ក្រាន្តឆ្នាំ ២០២០ គឺកញ្ញា គីង វិច្ឆិកា ដែលជានិស្សិតរៀន នៅមហាវិទ្យាល័យអប់រំសិល្បៈនៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ៕