
ក្រវិលដីឥដ្ឋផូលីមើរ ដែលធ្វើដោយដៃ និងឆ្លងកាត់ដំណាក់កាលលញ់លាយពណ៌។ បវរកញ្ញាចក្កវាឡឆ្នាំ២០២០ រ៉េត សារីតា ពាក់ក្រវិលដីឥដ្ឋផូលីមើរ។ រូបថត សហការី
ភ្នំពេញ៖ ប្លែកពីអលង្ការត្បូង និងលោហៈមានតម្លៃ ក្រវិលរចនាម៉ូដពីដីឥដ្ឋផូលីមើរ (Polymer) ស្នាដៃកញ្ញា នួន ម៉ូលីណា បានរំលេចពណ៌ក្បូរក្បាច់រចនា ជាជម្រើសដល់សុភាពនារីនិយមគ្រឿងតែងកាយសាមញ្ញតែពោរពេញដោយភាពច្នៃប្រឌិត។
អ្នកច្នៃម៉ូដដែលបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតពាណិជ្ជកម្មអន្តរជាតិនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ បានប្រែក្លាយសិល្បៈច្នៃគ្រឿងអលង្ការដែលជាចំណូលចិត្តរបស់ខ្លួនទៅជាមុខរបរអនឡាញលើទំព័រហ្វេសប៊ុក ម៉ូណា ផាលេត (Mona Palette)។
កញ្ញាបានរៀបរាប់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីដំណើរដើមទងនៃការច្នៃក្រវិលដីឥដ្ឋលក់យ៉ាងដូច្នេះថា៖ «តាមពិតទៅវាគ្រាន់តែជាចំណង់ចំណូលចិត្តខ្ញុំធម្មតា តែវាបានប្ដូរទៅជាអាជីវកម្ម។ នៅថ្ងៃមួយដែលខ្ញុំបាននិយាយជាមួយមិត្តសម្លាញ់ខ្ញុំម្នាក់ពេលដែលគាត់សួរខ្ញុំថា ខ្ញុំចង់ធ្វើអ្វី?»។
កញ្ញា ម៉ូលីណា បានរំឭកថា៖ «ខ្ញុំប្រាប់គាត់ថា ខ្ញុំចង់បង្កើតជាគ្រឿងអលង្ការលក្ខណៈទាន់សម័យហើយអាចបញ្ជាក់ពីអត្តសញ្ញាណខ្មែរ»។
កញ្ញាក៏ត្រូវបានមិត្តភក្ដិលើកទឹកចិត្តឱ្យចាប់ផ្ដើមធ្វើកិច្ចការ ដើម្បីរំលេចក្ដីស្រមៃនេះឱ្យក្លាយជាការពិត។ កញ្ញាបន្តថា៖ «ពេលនោះហើយដែលខ្ញុំព្យាយាមសិក្សាស្រាវជ្រាវហើយក៏ប្រទះនឹងដីឥដ្ឋផូលីមើរនេះ»។
កញ្ញា ម៉ូលីណា បានរៀនធ្វើក្រវិលដីឥដ្ឋផូលីមើរពី YouTube និងអ្នកធ្វើវីដេអូអនឡាញផ្សេងទៀត។ បន្ថែមពីបច្ចេកទេសធ្វើក្រវិលនេះ អ្វីដែលទាក់ទាញ និងជាភាពពិសេសរបស់ម៉ូដក្រវិលនេះ គឺគំនិតបញ្ចូលអត្តសញ្ញាណខ្មែរ ក្បូរក្បាច់ប្លែកពីគេ និងការបញ្ចូលគំនិតហ្វេសសិន។
ក្រវិលគូនីមួយៗមានពណ៌ចម្រុះ និងត្រូវបានច្នៃចេញជារូបរាងខុសៗគ្នា ស័ក្ដិសមនឹងអតិថិជនគ្រប់វ័យ។ ក្នុងការច្នៃចេញជាម៉ូដមួយៗកញ្ញាទទួលបានការបំផុសគំនិតពីមជ្ឈដ្ឋានជុំវិញខ្លួន ជាពិសេសស្ថាបត្យកម្ម និងម៉ូដផ្ទះសាមញ្ញៗ។
ក្រៅពីទម្រង់ក្បូរក្បាច់ក្រវិល ភាពលេចធ្លោមួយទៀតគឺ ក្រឡាលាយពណ៌ល្អិតតូចៗនៅលើគ្រឿងលម្អត្រចៀកមួយនេះ។ នៅក្នុងការរចនាធ្វើពណ៌មួយៗ អ្នកច្នៃក្រវិលវ័យ ៣៣ ឆ្នាំ រូបនេះបានរៀបរាប់ថា៖ «ដើម្បីឱ្យវាចេញមកជាពណ៌ ដែលយើងចង់បាន យើងត្រូវលញ់វាពី ៣០ ទៅ ៥០ ដងឯណោះ។ ដំណើរការរបស់វា គឺការលាយពណ៌នេះយូរបំផុត»។
កញ្ញា ម៉ូលីណា បញ្ជាក់ថា៖ «ក្នុងការបញ្ចប់ម៉ូដមួយវាអាចស៊ីពេលដល់ទៅ ៣ ម៉ោងឡើង»។
កញ្ញាបានដាក់ឈ្មោះម៉ូដក្រវិលនីមួយៗទៅតាមនាមមនុស្ស ដែលជាកម្លាំងចិត្តសម្រាប់នាង ដូចជា ខត្តិយា ជាក្មួយស្រីអាយុ ២ ឆ្នាំ របស់នាង ហើយភាសាខ្មែរមានន័យថា ម្ចាស់ក្សត្រី។ ក្រវិលមួយគូនេះត្រូវបានច្នៃក្នុងបំណងឱ្យអ្នកពាក់វា អាចរំឭកពីភាពជាម្ចាស់ក្សត្រីស្ថិតនៅក្នុងខ្លួនមនុស្សម្នាក់ៗ។
ម៉ូដក្រវិលឈ្មោះ ពិសី ត្រូវបានដាក់តាមឈ្មោះមិត្តជិតស្និទ្ធរបស់កញ្ញា ម៉ូលីណា។ ពិសី ជាមិត្តដែលយកចិត្តទុកដាក់ និងឱ្យមិត្តភក្តិនាងធ្វើការជ្រើសរើសជានិច្ច។ អ្នកដែលបានស្គាល់នាងសុទ្ធតែជាអ្នកមានសំណាង។ ហេតុនេះបានជា ម៉ូលីណា ដាក់ឈ្មោះនាងជាតំណាងឱ្យម៉ូដក្រវិលរូបអង្គរវត្ត ដែលបញ្ជាក់ពីមោទនភាព និងការប្ដូរផ្ដាច់របស់ជាតិ។

ក្រវិលដីឥដ្ឋផូលីមើរ ដែលធ្វើដោយដៃ និងឆ្លងកាត់ដំណាក់កាលលញ់លាយពណ៌ ទទួលបានការពេញនិយមពីអតិថិជនខ្មែរ និងបរទេស។ រូបថត សហការី
ចំពោះវត្ថុធាតុផ្សំចម្បង កញ្ញា ម៉ូលីណា បានឱ្យដឹងថា ដីឥដ្ឋនេះត្រូវបាននាំចូលមកពីសហរដ្ឋអាមេរិក។ កញ្ញាអះអាងថា វាមិនងាយបែកបាក់ទេ ដោយសារតែវាត្រូវបានដុតនៅក្នុងឡកម្ដៅក្នុងសីតុណ្ហភាព និងពេលវេលាមួយដ៏សមស្រប។
ទងក្រវិល និងកង មានជម្រើសពណ៌ប្លាទីន និងប្រាក់ ត្រូវបាននាំយកមកពីចិន។ រីឯទម្ររួមទាំងប្រអប់ គឺជាផលិតផលនៅក្នុងស្រុក។ តម្លៃរបស់ក្រវិលដីឥដ្ឋផូលីមើរមួយគូចាប់ពី ៩ ទៅ ១៥ ដុល្លារ។
ការដាក់លក់អនឡាញ និងផ្ញើគេលក់នៅក្នុងហាងកាហ្វេម្តុំទួលទំពូង ត្រូវបានចាប់ផ្ដើមតាំងពីខែមេសា។ ម៉ូដដែលលក់ដាច់ជាងគេនៅពេលនេះគឺ ក្រវិលសោភា និងក្រវិលម៉ារី ដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវបរទេសជាពិសេស។ ក្រវិលរូបអង្គរវត្តរឹតតែទទួលបានការពេញនិយមជាវសម្រាប់ធ្វើជាកាដូជូនគ្នា។
កញ្ញា ម៉ូលីណា បានឱ្យដឹងដែរថា កន្លងមកកញ្ញាក៏ទទួលបានមតិយោបល់ជាការពេញចិត្តពីអតិថិជនជាច្រើន ហើយកញ្ញាក៏រំភើបចិត្តដល់ថ្នាក់ស្រក់ទឹកភ្នែកក៏មាន។
អ្នកច្នៃក្រវិលដីឥដ្ឋរូបនេះបានលើកយកសម្ដីអតិថិជនថា៖ «មានម្នាក់គាត់និយាយថា ធម្មតាគាត់មិនចូលចិត្តពាក់ក្រវិលធំទេ តែគាត់ស្រឡាញ់ការច្នៃរបស់ខ្ញុំ។ អ្នកខ្លះបាននិយាយថា គាត់មានមោទនភាពចំពោះអ្នកដែលជាកូនខ្មែរដូចគ្នាណាស់ គាត់សង្ឃឹមថា វានឹងជាគំរូ ជាការផ្ដល់កម្លាំងចិត្តដល់យុវជនដទៃទៀត»។
កញ្ញា ម៉ូលីណា បន្តថា៖ «អ្នកខ្លះក៏គាំទ្ររហូតដល់គាត់កម្មង់ជារៀងរាល់ខែ ដែលយើងមានម៉ូដថ្មីសម្រាប់ការដាក់ជាមួយហាងរបស់គាត់។ ខ្ញុំពិតជាអរគុណដល់ពួកគាត់ទាំងអស់គ្នាដែលគាំទ្រផលិតផលក្នុងស្រុក»។
ជោគជ័យពីការប្រែក្លាយចំណូលចិត្តទៅជាអាជីវកម្មច្នៃប្រឌិតស្រូបបានការនិយមគាំទ្រច្រើន កញ្ញាក៏មានកម្លាំងចិត្តគិតដល់គម្រោងច្នៃជាម៉ូដខ្សែកបន្ថែមផងដែរ។
កញ្ញា ម៉ូលីណា បាននិយាយថា៖ «ខ្ញុំរីករាយជាមួយគ្រប់ដំណើរដែលខ្ញុំដើរដល់ចំណុចមួយនេះ។ ពេលខ្លះអ្វីដែលយើងត្រូវធ្វើ គឺគ្រាន់តែក្លាហានឈានជើងពីមជ្ឈដា្ឋនសុខស្រួលរបស់អ្នក ហើយធ្វើអ្វីដែលខ្លួនគិតចង់ធ្វើកន្លងមក»។
ក្រវិលដីឥដ្ឋ Mona Palette មានលក់នៅទំព័រហ្វេសប៊ុក អ៊ីនស្តាក្រាម និងហាងកាហ្វេ Chit Chat Cafe ទួលទំពូង ផ្លូវ ៤៥០ និង ១៣៥៕