សៀមរាប: ដាយណូស័ររំលេចទ្រនុងបន្ទះលើខ្នងនិងទ្រនុងស្រួចៗផ្នែកកន្ទុយ មិនទំនងអាចជារូបភាពចម្លាក់ផុសលើជញ្ជាំងប្រាសាទតាព្រហ្ម ដែលត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី ១២ ខណៈក្រុមអ្នកស្រាវជ្រាវពីហ្វូស៊ីលវិទ្យា បានអះអាងថាពពួកសត្វដាយណូស័របានផុតពូជតាំងពី ៦៥ លានឆ្នាំមុន។
បើទោះបីជាចម្លាក់សត្វដែលគេជឿថាជាដាយណូស័រលើប្រាសាទតាព្រហ្មត្រូវបានចុះផ្សាយទាំងសារព័ត៌មានក្នុងស្រុក និងអន្ដរជាតិយ៉ាងណាក៏ដោយក៏ប្រធានបទនេះត្រូវបានយកមកជជែកដេញដោលទាំងស្រពេចស្រពិលថាជាដាយណូស័រ ឬគោ ឬរមាស។
អ្នកជឿលើអាទិទេពបង្កើតលោកនិងមានជំនឿអរូបីបាននិយាយថា ដាយណូស័រលើជញ្ជាំងប្រាសាទបុរាណជាភ័ស្តុតាងបញ្ជាក់ច្បាស់ពីសត្វបុរេប្រវត្ដិនេះនៅមានជីវិតរស់ និងបានរួមរស់ជាមួយមនុស្សនូវរយៈពេល ១ ម៉ឺនឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមគេហទំព័រ Daily Star ចុះផ្សាយកាលពីដើមខែនេះ។
Daily Star បានដកស្រក់អត្ថបទក្នុង UFO Sightings Footage ដោយបានសរសេរថា៖ «អ្វីទាំងអស់ដែលរំលេចរូបភាពដាយណូស័រ ឬសត្វស្រដៀងដាយណូស័រនៅមុនឆ្នាំ ១៨០០ មិនគួរមាននៅលើលោកនេះទេ ពីព្រោះដាយណូស័របានផុតពូជតាំងពីមុនមនុស្សកកើតឡើងម្ល៉េះ»។
ទស្សនាវដ្ដីអនឡាញ atlasobscura មូលដ្ឋាននៅសហរដ្ឋអាមេរិក បានផ្សាយថា រូបចម្លាក់ដ៏តូចនៅកៀនជញ្ជាំងប្រាសាទតាព្រហ្ម ឬប្រាសាទ Tomb Raider ជារូបគោ ឬរមាស ដោយមានស្លឹកត្នោតអមពីក្រោយ ដែលងាយធ្វើឲ្យច្រឡំជាទ្រនុងដាយណូស័រអម្បូរ Stegosaurus។
ដោយដកស្រង់តាមអ្នកមានជំនឿ ទស្សនាវដ្ដី បានបន្ដថា៖ «ដាយណូស័រ ពិតជាអាចបន្ដរស់នៅយូរជាងការស្រាវជ្រាវឃើញទៀត។ ប្រហែលជាដោយសារសីតុណ្ហភាពក្ដៅ ហើយសើម ក្នុងតំបន់ព្រៃបុរាណអាស៊ីអាគ្នេយ៍ សត្វយក្សមួយចំនួនអាច រស់នៅសុខសាន្ដរហូតដល់សម័យអាណាចក្រខ្មែរ»។
ជាមួយនឹងសំណើចបែបហួសចិត្ដផង និងមិនច្បាស់ពីប្រវត្ដិសាស្ដ្រផង លោក ឡុង កុសល ជាប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃអគ្គនាយកដ្ឋានអាជ្ញាធរអប្សរា ហាក់មានការភ្ញាក់ផ្អើលទៅនឹងព័ត៌មានចម្លាក់ដាយណូស័រលើជញ្ជាំងប្រាសាទបុរាណខ្មែរ។
លោក បាននិយាយថា៖ «យីនៅប្រាសាទតាព្រហ្មមានដាយណូស័រ។ អត់ដឹងសត្វអ្វីដែរ។ ចង់ដឹង ចាំថ្ងៃណា ឡើងមកលេង ខ្ញុំជូនទៅមើលឲ្យឃើញទាំងអស់។ ខ្ញុំអត់ដឹងមែន។ គ្មានអ្វីបញ្ជាក់ច្បាស់ថាជាដាយណូស័រ។ គេថាក្រពើក៏ថាបាន។ គេថាបង្កួយក៏ថាបាន»។
ដោយមានចម្ងល់ និងចង់ដឹងចង់ឃើញចម្លាក់ដាយណូស័រភ្ញៀវទេសចរដែលទស្សនាប្រាសាទឫសឈើ ឬបរទេសរមែងហៅថា Tomb Raider Temple មិនភ្លេចឈ្លេចសួរមគ្គុទេ្ទសក៍ពីទីតាំងចម្លាក់ និងសុំការបកស្រាយពីវត្ដមានសត្វអាយុកាលរាប់រយលានឆ្នាំមុននេះ។
លោកមាស សុវណ្ណារ័ត្ន ជាមគ្គុទេ្ទសក៍ភាសាអង់គ្លេសមានបទពិសោធជិត ១០ ឆ្នាំបានប្រាប់ថា៖ «ខ្ញុំក៏មិនច្បាស់ថាវាជាដាយណូស័រ ឬជាគោរមាសនោះទេ។ ខ្ញុំប្រាប់ភ្ញៀវទៅតាមអ្នកដទៃជឿថាជាប្រភេទសត្វអ្វីដូចគ្នា»។
យ៉ាងណាមិញ ពាក់ព័ន្ធនឹងចម្លាក់លើជញ្ជាំងប្រាសាទនេះ លោក ធុយ ចាន់ធួន សាស្ដ្រាចារ្យបុរាណវិទ្យានៅរាជបណ្ឌិត្យសភា បានឆ្លើយតបយ៉ាងមានទំនុកចិត្ដថា៖ «បាទ! ប្រាកដជាដាយណូស័រមែន។ យើងដឹងយូរមែន។ វាជាប្រភេទដាយណូស័រស៊ីស្មៅ Stegosaurus មុខស្រដៀងនឹងរមាស។ តាមខ្ញុំដឹង ចម្លាក់ដាយណូស័រមានតែមួយនៅលើជញ្ជាំងប្រាសាទតាព្រហ្មនេះទេ»។
ចំពោះទំនាក់ទំនងរវាងដាយណូស័រ និងពលរដ្ឋខ្មែរសម័យកសាងប្រាសាទតាព្រហ្មសតវត្សរ៍ទី ១២ នេះលោកបន្ដថា មនុស្សសម័យដើមយល់ពីបាតុភូតធម្មជាតិនិងការវិវត្ដរបស់ធម្មជាតិ។ អ្នកកសាងអង្គរ និងជាងចម្លាក់ គឺជាអ្នកវិទ្យាសាស្ដ្រ។
សាស្ដ្រាចារ្យរូបនេះបានបន្ដថា៖ «ពួកគាត់យល់ដឹងជ្រៅពីបច្ចេកទេសភូមិសាស្ដ្រប្រវត្ដិសាស្ដ្រធរណីសាស្ដ្រ។ ជាក់ស្ដែងពួកគាត់អាចប្រើយុទ្ធសាស្ដ្រកាត់ថ្ម និងរំលាយដែកបានស្មើស្អាតដែលសូម្បីតែយកក្រដាសរ៉ាមមិនអាចស៊កតាមគ្រាប់ស្នឹងរបស់ប្រាសាទនោះទេ។ នេះជាលក្ខណៈវិទ្យាសាស្ដ្រពិតរបស់វិស្វករខ្មែរជំនាន់ដើម»។
លោកបញ្ជាក់ថាអ្នកសិល្បៈដែលឆ្លាក់រូបចម្លាក់នានានៅលើប្រាសាទ មិនមែនជារឿងចៃដន្យនោះទេ។ បរិវេណ ជុំវិញអង្គរគឺជាភូមិមនុស្សរស់នៅ ជាពិសេសជាភូមិឋានមន្ដ្រីធំៗរស់នៅ។ នៅលើពិភពលោកគ្មាននរណាអាចរៀបចំរចនាសម្ព័ន្ធទីក្រុងដ៏ធំជាងគេ ដូចជានៅអង្គរនេះទេ។
ឆ្លើយតបនឹងចម្ងល់ ក៏ដូចជាការចុះផ្សាយរបស់សារព័ត៌មានបរទេសដែលអះអាងថា ដាយណូស័របានរស់នៅជុំគ្នាជាមួយមនុស្សសម័យបុរាណនៅកម្ពុជានោះ លោកសាស្ដ្រាចារ្យចាន់ធួន បានបកស្រាយថា៖ «តាមពិត ពួកគាត់បានយល់អំពីវិទ្យាសាស្ដ្រ ដែលសត្វដាយណូស័រប្រាកដជាមានជីវិតនៅលើផែនដី»។
លោកលើកឡើងថា ជាក់ស្ដែងកាលពីទសវត្សរ៍ឆ្នាំ ១៩៣០ ក្រុមអ្នកស្រាវជ្រាវបានរកឃើញឆ្អឹងដាយណូស័រនៅចំប៉ាសាក់ (បច្ចុប្បន្នជាទឹកដីរបស់ឡាវ) ហើយថ្មីៗនេះយើងបានឃើញស្លាកស្នាមជើងដាយណូស័រនៅបាត់ដំបងដោយក្រុមកម្មករខូងរ៉ែ។ ដូច្នេះមនុស្សយើងរស់នៅលើទឹកដីចាស់តាមពីសម័យយុគថ្មបំបែក។
ប្រាសាទតាព្រហ្ម ឬប្រាសាទដើមឈើដែលស្ថិតនៅវង់តូចទៅតាមផ្លូវទ្វារជ័យ មានកសិណទឹកព័ទ្ធជុំវិញ ២ ជាន់ ត្រូវបានកសាងឡើងក្នុងឆ្នាំ ១១៨៦ ដោយព្រះបាទជ័យវរ្ម័នទី ៧ សម្រាប់ឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន និងបូជាថ្វាយដល់គុណព្រះមាតារបស់ព្រះអង្គ៕