ខេត្តព្រះវិហារៈ ទោះបីជាកសិដ្ឋានចិញ្ចឹមគោផលិតទឹកដោះគោតេជោសែនឫស្សីត្រឹប ស្ថិតនៅចម្ងាយផ្លូវជាង ៣៦០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញមែនក្តី ក៏ទឹកដោះគោស្រស់ ជាផលិតផលខ្មែរពិត ១០០ ភាគរយមួយនេះ កំពុងត្រូវបាននាំចែកចាយក្នុងស្រុកជាបណ្តើរៗ និងថែមទាំងមានពលរដ្ឋខ្មែរចាប់អារម្មណ៍ច្រើនទៀតផង។
ទឹកដោះគោតេជោសែនឫស្សីត្រឹប គឺជាផលិតផលខ្មែរសុទ្ធ ១០០ ភាគរយ នេះត្រូវបានផលិតពីកសិដ្ឋានមួយកន្លែងស្ថិតនៅឃុំឆែប ២ ស្រុកឆែប ខេត្តព្រះវិហារ ក្នុងតំបន់ឧទ្យានជាតិរាជបណ្ឌិត្យសភាកម្ពុជាតេជោឫស្សីត្រឹប នៅលើវិសាលភាពផ្ទៃដីកសិដ្ឋានសរុប ចំនួន ៧០ ហិកតា។
តំបន់ឧទ្យានជាតិនេះ មានសក្ដានុពលធំសំខាន់ៗចំនួន ២ គឺធនធានធម្មជាតិ និងវប្បធម៌ តាំងពីបានបង្កើតនៅឆ្នាំ ២០១៤ មក ដែលជាគម្រោងរបស់រាជបណ្ឌិត្យសភាកម្ពុជា។
ហើយកសិដ្ឋានចិញ្ចឹមគោរឹតយកទឹកដោះស្រស់ៗ គឺជាផ្នែកមួយនៃការបង្កើតឲ្យមានការងារក្នុងតំបន់ និងសេវាកម្មសាធារណៈមួយរបស់រដ្ឋលើវិស័យកសិកម្មនៅក្នុងខេត្តព្រះវិហារដំបូងគេ។
លោក សូត្រ សំណាង ដែលជាប្រធានកសិដ្ឋាននៃតំបន់ឧទ្យានជាតិរាជបណ្ឌិត្យសភាកម្ពុជាតេជោឫស្សីត្រឹប ឲ្យដឹងថា៖ «បើតាមគម្រោង ១០ ឆ្នាំ នៃការបង្កើតកសិដ្ឋាននៅលើវិសាលភាពផ្ទៃដី ៧០ ហិកតា គឺត្រូវមានចិញ្ចឹមមេគោចំនួន ២ ០០០ ក្បាល។ ពេលនេះ កសិដ្ឋាន បានអនុវត្តជំហានដំបូង នៅលើវិសាលភាពផ្ទៃដី ៣២ ហិកតា ដំណើរបាន ១ ឆ្នាំ កន្លះមកហើយ ដែលបង្កើតជាកសិដ្ឋានចិញ្ចឹមគោ ដើម្បីទាញយកទឹកដោះស្រស់ៗ និងមានបុគ្គលិកធ្វើការនៅកសិដ្ឋានចំនួនប្រមាណ ៣០ នាក់»។
លោក សូត្រ សំណាង បន្តថា៖ «គម្រោងនេះដែរក៏ជាគំនិតផ្តួចផ្តើមរបស់លោក បណ្ឌិត សុខ ទូច ជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា។ ដំបូងនេះដែរយើងមានមេគោផើម ដែលអាចរឹតយកទឹកដោះស្រស់ៗចំនួន ១០០ គោ គឺទទួលថវិកាឧបត្ថម្ភពីសម្តេច ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ចំនួន ១០ ម៉ឺនដុល្លារផងដែរ ក្នុងការរៀបចំកសិដ្ឋាននេះឡើង។ មេគោ ១០០ ក្បាលនោះ ទិញមកពីខេត្តស្រះកែវ ប្រទេស ថៃ ហើយក៏កើតកូន បាន ២០ ក្បាលផងដែរ»។
បច្ចុប្បន្នកសិដ្ឋានចិញ្ចឹមគោ និងផលិតទឹកដោះគោស្រស់តេជោសែនឫស្សីត្រឹប ក៏មានរោងរឹតទឹកដោះគោ ១ និងរោងសម្រាប់រម្ងាប់មេរោគទឹកគោ ១ ក្នុងដំណើរផលិតទឹកដោះគោស្រស់ យកទៅចែកចាយតាមតំបន់ក្នុងស្រុកនៅខេត្តព្រះវិហារ និងរាជធានីភ្នំពេញ។
លោក សំណាង បញ្ជាក់ថា៖ «យើងនៅមិនទាន់ប្រើម៉ាស៊ីនរឹតទឹកដោះគោ ដោយស្វ័យប្រវត្តិនៅឡើយទេ គឺគ្រាន់តែប្រើម៉ាស៊ីនរឹតពាក់កណ្តាលស្វ័យប្រវត្តិប៉ុណ្ណោះ។ ក្នុង ១ ថ្ងៃអាចរឹតទឹកដោះគោស្រស់ ត្រឹម ២០០ លីត្រប៉ុណ្ណោះ»។
លោក សូត្រ សំណាង ក៏បានលើកឡើងពីពេលអនាគតសម្រាប់ការបង្កើតការងារដល់ពលរដ្ឋនៅក្នុងតំបន់កសិដ្ឋានចិញ្ចឹមគោនេះថា៖ «ម្យ៉ាងវិញទៀតខាងកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគោស្រស់ ដែលផលិតនៅខេត្តព្រះវិហារ នេះ ប្រសិនបើដំណើរទៅជោគជ័យតាមគោលដៅនោះ គឺយើងនឹងផ្ទេរការងារទាំងនេះទៅដល់ពលរដ្ឋក្នុងសហគមន៍ជាអ្នកកាន់ការវិញ គឺនៅពេលយើងអាចបណ្តុះបណ្តាលពួកគាត់ឲ្យចេះវិធីសាស្រ្តចិញ្ចឹមគោ និង ដាំស្មៅតាមបច្ចេកទេស សម្រាប់ជាអាហារសុខភាពសត្វគោ និងចេះប្រើបច្ចេកទេសនានា ដែលពាក់ព័ន្ធនឹងចង្វាក់ផលិតកម្មទាញយកទឹកដោះគោស្រស់ៗបាន។ នេះក៏ជាជំហានមួយនៃគោលដៅធំនៃការសិក្សាស្រាវជ្រាវ និងអនុវត្តផងដែរ»។
ខណៈទឹកដោះគោតេជោសែនឫស្សីត្រឹប ត្រូវបាននាំយកទៅចែកចាយឥតគិតថ្លៃដល់សិស្សានុសិស្ស នៅតាមសាលាមួយចំនួន ដល់ពលរដ្ឋនៅតាមតំបន់ផ្សារ ប្រគេនព្រះសង្ឃតាមទីអារាម និងបុគ្គលិកមន្រ្តីរាជការមួយនៅក្នុងខេត្តព្រះវិហារ និងភ្នំពេញ ដើម្បីភ្លក្សពីរសជាតិនៃទឹកដោះគោស្រស់ ប្រមាណ ១ ៥០០ នាក់ ដែលជាផលិតផលស្រុកខ្មែរនេះ។
សម្រាប់ការលក់នៅលើទីផ្សារវិញ អ្នកជាវយកលក់បន្តនោះ គឺខាងកសិដ្ឋានយើងបានលក់ជូននៅក្នុងតម្លៃ ១ លីត្រ ៨ ០០០ រៀល ដោយយកចេញពីទីតាំងចែកចាយក្នុងរាជធានីភ្នំពេញនៅឯរាជបណ្ឌិត្យសភាកម្ពុជា ហើយប្រសិនបើបានទៅដល់ទីតាំងផ្ទាល់ នៅក្នុងខេត្តព្រះវិហារនោះ គឺអាចនឹងមានតម្លៃក្រោមនេះ៕