
ទេសភាពស្រុកស្រែក្នុង MV បទ «រដូវភ្លៀងធ្លាក់» របស់ ធៀន បុរី។ រូបថត YouTube
ភ្នំពេញៈ ខណៈបងប្អូនពលរដ្ឋខ្មែរមួយភាគធំ មុខជាធ្លាប់បានស្តាប់ និងឮបទចម្រៀង ដែលមានចំណើងជើងថា«រដូវភ្លៀងធ្លាក់» ជាសំនៀងដើមរបស់តារាចម្រៀងប្រុសជំនាន់មុន គឺលោក កែវ សារ៉ាត់ កាលពីសម័យទសវត្សរ៍ទី ៨០-៩០ ដោយមានអត្ថន័យដ៏ពីរោះយ៉ាងណាជាមិនខានឡើយស្របនឹងពេលរដូវកាលនេះ។
តាមចម្រៀងមួយបទនេះ គឺត្រូវបានកវីជំនាន់ដើមនិពន្ធរៀបរាប់ពីទិដ្ឋភាពស្រុកស្រែចម្ការរបស់ខ្មែរ នាខែភ្លៀងធ្លាក់ ជាមួយនឹងចង្វាក់ភ្លេងបែបប្រជាប្រិយពីរោះរន្ថើនចិត្ត ក្រោមសំនៀងដ៏ស្រទន់ស្រាលរងំរបស់តារាចម្រៀងថ្គាមខ្លាលោក កែវ សារ៉ាត់។ ខណៈជារៀងរាល់ពេលដែលបានស្តាប់បទនេះ ប្រាកដជាធ្វើឲ្យយើងនឹកឃើញដល់ស្រុកស្រែចម្ការជាក់ជាមិនខានឡើយ ជាពិសេសនោះ បងប្អូន ដែលបានធ្វើចំណាកស្រុកចេញពីទីជនបទនៃស្រុកស្រែចម្ការ មកធ្វើការនៅទីក្រុងតែម្តង គឺពេលបានស្តាប់ហើយមានអារម្មណ៍ថាលន្លង់លន្លោចណាស់។
យ៉ាងណាមិញបទចម្រៀងដ៏ពីរោះមួយបទនេះ ត្រូវបានយកមកផលិតសាថ្មី ដោយមានការបកស្រាយពីកុមារា ធឿន បុរី ដែលជាអ្នកចម្រៀងវ័យក្មេងកំពុងតែមានប្រជាប្រិយភាពនាពេលបច្ចុប្បន្នប្រចាំផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រា ក៏មានសូរសព្ទបំពេអារម្មណ៍បងប្អូនខ្មែរនៅសម័យក្រោយនេះ មិនសូវជាចាញ់សូរសៀងរបស់លោកគ្រូតា កែវ សារ៉ាត់ ប៉ុន្មាននោះឡើយ។

តារាចម្រៀងវ័យក្មេង កុមារា ធឿន បុរី នៅទ្រនំហ្គាឡាក់ស៊ី។ រូប ហ្វេសប៊ុក
ឯការចេញបទ «រដូវភ្លៀងធ្លាក់» ដែលយកមកបកស្រាយឡើងវិញនេះ បានបញ្ចេញ MV របស់ខ្លួនជាមួយទិដ្ឋភាពស្រុកខ្មែរពិតៗ ដែលមានវាលស្រែពណ៌ខៀវស្រងាត់ អមទៅដោយអនុស្សាវរីយ៍មួយចំនួន ដែលហាក់ដូចជាការរំឭកទៅដល់អតីតកាលនៃវ័យកុមារភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនផងដែរ បន្ថែមពីស្តាប់សូរសៀងរបស់តារាចម្រៀងជំនាន់ក្រោយកុមារា ធឿន បុរី វ័យជាង ១០ ឆ្នាំ តែប៉ុណ្ណោះ គឺជាពន្លកត្រួយនៃឈាមជ័រអ្នកសិល្បៈមានស្រុកកំណើតមកពីខាងតំបន់ខេត្តកំពង់ធំនោះ។
ពាក់ព័ន្ធទៅនឹងការសម្រេចជ្រើសយកបទមរតកដើមមកឲ្យតារាចម្រៀងប្រុសវ័យក្មេង កុមារា ធឿន បុរី ច្រៀងឡើងវិញនេះ ក៏ត្រូវបានបញ្ជាក់ឲ្យដឹងពីសំណាក់អ្នកនិពន្ធទំនុកច្រៀង និងទំនុកភ្លេងល្បី យឹម តាស្រង់ ដែលចាកចេញពីផលិតកម្មល្បីទ្រនំថោនមួយរយៈមកបង្កើតក្រុមហ៊ុនខ្លួនឯងឈ្មោះថា «Home Music» ដែលផ្ដោតលើចម្រៀងកំប្លែងៗ និងកម្មវិធីកម្សាន្តផ្សេងៗ ហើយក៏ជាអ្នកកាន់ការងារផ្នែកដឹកនាំទូទៅនៅក្នុងផលិតកម្មថ្មីហ្គាឡាក់ស៊ី ណាវ៉ាត្រា (Galaxy Navatra) នោះផងដែរ។
បើតាមសម្តីរបស់កវីទំនុកច្រៀង និងភ្លេងល្បីខ្លាំងមានស្រុកកំណើតនៅក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ លោក យឹម តាស្រង់ ដែលធ្លាប់បាននិពន្ធបទចម្រៀងជួយស្ទួយតារាចម្រៀងប្រុសស្រីនៅទ្រនំចាស់ឲ្យមានប្រជាប្រិយភាពល្បី និងមានឈ្មោះបោះសំឡេងជាច្រើននាក់ និងច្រើនឆ្នាំកន្លងមកនោះ បានបង្ហើបប្រាប់ភ្នំពេញប៉ុស្តិ៍ឲ្យដឹងថា៖ «ដោយសារយល់ឃើញថា ទិដ្ឋភាពពេលនេះ ហើយតាមរយៈបទនេះ គឺពិតជាស័ក្តិសមនឹងសូរសៀងបន្លឺបែបមនោសញ្ចេតនាណាស់។
ម្យ៉ាងទៀត បុរី គាត់ជាតារាចម្រៀងមានសំឡងបែបមនោសញ្ចេតនាផ្អែមល្ហែមមិនសូវជាចាញ់ម្ចាស់បទមរតកដើមប៉ុន្មាននោះឡើយ ទើបសម្រេចឲ្យគាត់បកស្រាយបទមរតកដើមនេះឡើងវិញទៅ។ បើតាមខ្ញុំយល់ បទចម្រៀងមរតកដើមនេះ ស៊ីគ្នាទៅនឹងទិដ្ឋភាពនៅក្នុងស្រុកខ្មែររដូវកាលនេះណាស់ គឺមានភ្លៀងធ្លាក់ ហើយវាលស្រែមានទឹកភ្លៀងនោះគឺមានពណ៌ខៀវស្រងាត់តែម្តង ហើយខណៈជិតដល់រដូវកាលបុណ្យភ្ជុំបិណ្ឌដូច្នេះផងនោះ គឺពិតជាស៊ីគ្នានឹងអត្ថន័យរបស់បទខ្លាំងណាស់»៕