ក្រុងកូប៉ិនហាក: ដំណើរផ្សងព្រេងរៀងរាល់ថ្ងៃនៃតួអង្គទូរទស្សន៍កុមារដាណឺម៉ាក John Dillermand ដូចជាការបណ្ដើរឆ្កែ ឬទៅសួនសត្វ មិនជួបបញ្ហាអ្វីឡើយ បើសាច់រឿងមិនពាក់ព័ន្ធបញ្ហាលិង្គហួសខ្នាត។
ថ្វីដ្បិតតែក្នុងបណ្ដាប្រទេសអភិវឌ្ឍខ្លាំងបំផុតមួយ ដំណើររឿងបុរសម្នាក់ ដែលមាន «ប្រដាប់ភេទវែងបំផុតក្នុងលោក» បានបង្កជាការជជែកដេញដោលនូវអ្វីដែលមិនសមទំនងចំពោះកុមារអាយុពី ៤ ទៅ ៨ ឆ្នាំ ជាទស្សនិកជនគោលដៅ។
ពិធីករ DR បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃអង្គារថា៖ «យើងគិតថា វាពិតជាសំខាន់ដែលអាចនិយាយពីរាងកាយ។ ក្នុងភាពយន្ដតុក្កតាភាគ យើងទទួលស្គាល់ថា ការចង់ដឹងចង់ឃើញរបស់កុមារអំពីរាងកាយ និងប្រដាប់ភេទ ព្រមទាំងការអៀនខ្មាស និងការស្រើបស្រាលលើរាងកាយ»។
ចាក់ផ្សាយលើប៉ុស្ដិ៍កុមារ Ramasjang ជាភាគដំបូងនៃគំនូរជីវចល ១៣ ភាគនៃរឿង Dillermand ត្រូវបានទស្សនា ១៤ ម៉ឺនដងតាំងពីដាក់បញ្ចាំងថ្ងៃទី ២ ខែមករា។
ប្រដាប់ភេទដ៏វែងជាគន្លឹះរំលេចផ្ទៃរឿងឱ្យកាន់តែជក់ចិត្ដ ដែលតួអង្គនេះអាចបណ្ដែតខ្លួនលើអគារទីក្រុង ដោយសារតែប៉េងប៉ោងចងភ្ជាប់នឹងពងស្វាស។
អ្នកជំនាញផ្នែកអប់រំ សូភី មុនស្ទើរ បានប្រាប់ AFP ថា៖ «វាជាកម្មវិធីសម្រាប់តែដាណឺម៉ាក។ យើងមានប្រពៃណីលាតត្រដាងដោយគ្មានដែនកំណត់ និងប្រើភាពកំប្លុកកំប្លែង ហើយយើងគិតថា វាជារឿងធម្មតាបំផុត»។
ដោយមហាជនមួយចំនួនបានបង្ហោះសាររិះគន់តាមអនឡាញ អ្នកនយោបាយស្ដាំនិយម Morten Messerschmidt បានវាយប្រហារកម្មវិធីកុមារនេះលើបណ្ដាញសង្គមហ្វេសប៊ុក។
លោកសរសេរទាំងកំហឹងថា៖ «ខ្ញុំគិតថា ការទស្សនាប្រដាប់ភេទបុរសពេញវ័យ គួរតែជារឿងធម្មតាសម្រាប់ក្មេងៗឡើយ។ តើនេះជាអ្វីដែលអស់លោកហៅថាសេវាសាធារណៈមែន?»។
អ្នកស្រី មុនស្ទើរ បានជំទាស់ថា៖ «យ៉ាងណាមិញ ការជជែកវែកញែកជាមតិរបស់មនុស្សធំ ដែលលិង្គវែងត្រូវបានចាត់ទុកជាបញ្ហាផ្លូវភេទ។ កុមារមានការយល់ឃើញបែបផ្សេង។ ទំហំលិង្គត្រូវបានប្រឌិតពន្លើសពីការពិត ដែលកុមារមើលឃើញថា វាជារឿងកំប្លែកប៉ុណ្ណោះ»៕ AFP/HR