ភ្នំពេញៈ មហោស្រពភាពយន្តជប៉ុននឹងប្រារព្ធធ្វើឡើងជាថ្មីម្តងទៀតនៅថ្ងៃទី ២៣ និង ២៤ ខែមករា ឆ្នាំ ២០២១ នៅរោងកុនធំៗចំនួន ២ ក្នុងរាជធានីភ្នំពេញ ខណៈដែលកម្មវិធីបានខកខានធ្វើកាលពីចុងឆ្នាំ ២០២០ ដោយសារបញ្ហាជំងឺកូវីដ១៩។
ភាពយន្តជប៉ុនចំនួន ១៣ រឿងដែលត្រូវសម្រិតសម្រាំងសម្រាប់ចាក់បញ្ចាំងនោះ គឺមានរឿងបែបមនោសញ្ចេតនា ស៊ើបអង្កេត គំនូរជីវចលវាយប្រហារ និងកំប្លែង ដែលឆ្លុះបញ្ចាំងពីជីវភាពរបស់ប្រជាជន សង្គម និងវប្បធម៌ជប៉ុន ហើយនឹងចាក់បញ្ចាំងចែកជូនសាធារណជនចូលទស្សនាដោយសេរីឥតគិតថ្លៃ នាឱកាសប្រារព្ធកម្មវិធីមហោស្រពភាពយន្តជប៉ុនប្រចាំឆ្នាំ ២០២០ ដែលធ្វើនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ខណៈកម្មវិធីបានប្រារព្ធធ្វើតាំងពីឆ្នាំ ២០១៥ មក ដើម្បីជំរុញនូវការផ្លាស់ប្តូរវប្បធម៌រវាងជប៉ុន និងកម្ពុជា។
ដោយមានមូលនិធិជប៉ុនរួមសហការជាមួយនឹងស្ថានទូតជប៉ុន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមជ្ឈមណ្ឌលសហប្រតិបត្តិការនៃប្រទេសកម្ពុជា-ជប៉ុន នឹងរៀបចំមហោស្រពភាពយន្តជប៉ុន ឆ្នាំ ២០២០ ដែលធ្វើនៅថ្ងៃទី ២៣-២៤ ខែមករា ឆ្នាំ ២០២១ សាឡើងវិញនៅភ្នំពេញនៅរោងភាពយន្ត Major Cineplex by Smart នៅផ្សារទំនើបអ៊ីអន ២ សាលលេខ ៣ និងរោងភាពយន្ត Legend Cinema Eden Garden នៅសួនអេដែន រាជធានីភ្នំពេញ។
បើតាមសេចក្តីប្រកាសព័ត៌មាននៃផ្នែកទំនាក់ទំនងវប្បធម៌ និងព័ត៌មានរបស់ស្ថានទូតជប៉ុនបានឲ្យដឹងថា ខ្សែភាពយន្តទាំង ១៣ រឿងនោះ រួមមានរឿង «Talking The Pictures» រឿង «One Night » រឿង «AI Amok» រឿង «Norman the Snowman on a Night of Shooting Stars» រឿង «Gon,the Little Fox» រឿង «Stolen Identity» រឿង «Bento Harassment» រឿង «Not Quite Dead Yet» រឿង «Step» រឿង «Project Dream how to Build Mazinger Z ''s Hanger» រឿង «Moon of a Sleepless Night» និងរឿង «Cafe Funiculi Funicula» ដោយមានចំណងជើងរងជាភាសាខ្មែរ និងភាសាអង់គ្លេសដែរ។
ដើម្បីទទួលបានសំបុត្រទស្សនាឥតគិតថ្លៃ សូមធ្វើតាមការណែនាំដូចជា អ្នកមកមុនទទួលបានសំបុត្រមុន សំបុត្រមួយសន្លឹកអាចចូលរួមបាន ១ នាក់ សំបុត្រនឹងចែកជូននៅបញ្ជរមហោស្រព រាល់ ៣០ នាទី មុនរឿងបញ្ចាំងប៉ុណ្ណោះ និងចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដោយរក្សាគម្លាត ពាក់ម៉ាស់ និងលាងសម្អាតដៃនឹងអាល់កុលឲ្យបានញឹកញាប់ផងដែរ៕