ភ្នំពេញ៖ ខណៈដែលបណ្តាប្រទេសអាស៊ីមួយចំនួនដូចជាប្រទេសជប៉ុន កូរ៉េ និងឥណ្ឌា ជាដើម តែងបានប្រារព្ធកម្មវិធីមហោស្រពភាពយន្តរបស់ខ្លួនក្នុងប្រទេសកម្ពុជា ជាហូរហែរៀងរាល់ឆ្នាំមកនោះ ខណៈឆ្នាំ ២០២០ នេះ គេក៏ឃើញមានប្រទេសនៅតំបន់អឺរ៉ុប ១ គឺអ៊ីតាលីក៏បានរៀបចំមហោស្រពភាពយន្តអ៊ីតាលីជាលើកដំបូងដែរនៅឯមជ្ឈមណ្ឌលបុប្ផាណា។
មហោស្រពភាពយន្តអ៊ីតាលីនៅកម្ពុជាលើកទី១ ឆ្នាំ ២០២០ នឹងចាប់ផ្ដើមជាផ្លូវការ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ ដោយមហាជនអាចអញ្ជើញមកកាន់មជ្ឈមណ្ឌលបុប្ផាណា ដើម្បីទស្សនាខ្សែភាពយន្តល្បីៗរបស់ប្រទេសអ៊ីតាលី ដែលមានអក្សររត់ពីក្រោម ជាភាសាអង់គ្លេស (English Subtitle) ដោយឥតគិតថ្លៃ។
បើតាមលោក ជៀប សុវិជ្ជា ដែលជាអ្នករៀបចំកម្មវិធីមហោស្រពភាពយន្តអ៊ីតាលី ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ឱ្យដឹងពីគោលបំណង និងការប្រារព្ធកម្មវិធីត្រួសៗថា៖ «ក្រោយពីបានពិភាក្សា និងស្នើសុំ ខាងភាគីប្រទេសអ៊ីតាលី តាមរយៈអគ្គកុងស៊ុលអ៊ីតាលី បានស្នើមកកាន់ប្រទេសកម្ពុជា តាមរយៈក្រសួងទំនាក់ទំនងកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាយើង។ ខណៈមហោស្រពភាពយន្តអ៊ីតាលីនេះ រៀបចំឡើងក្នុងគោលបំណងរឹតបន្តឹងចំណងមិត្តភាព នៃប្រទេសកម្ពុជា និងអ៊ីតាលី។ លើសពីនេះ តាមរយៈមហោស្រពភាពយន្តអ៊ីតាលី ជាលើកដំបូង ក៏អាចមានឱកាសស្វែងយល់ពីវប្បធម៌ និងទំនៀមទម្លាប់រវាងកម្ពុជា និងអ៊ីតាលីផងដែរ»។
លោក ជៀប សុវិជ្ជា បានបន្តឱ្យដឹងបន្ថែមថា៖ «ជាគោលដៅ ក្រុមអ្នករៀបចំមហាស្រពភាពយន្តអ៊ីតាលី មានបំណងចង់រៀបចំមហោស្រពនេះនៅគ្រប់បណ្តាប្រទេសអាស៊ានយើងទាំងអស់ ខណៈកាលពីឆ្នាំមុន គេបានរៀបចំនៅក្នុងប្រទេសហ្វីលីពីន ហើយក្នុងឆ្នាំ ២០២០ នេះ គេមករៀបចំនៅប្រទេសអាស៊ានចំនួន ៣ ទៀត គឺកម្ពុជា ថៃ និងវៀតណាម។
មហោស្រពភាពយន្តអ៊ីតាលី នៅ ៣ ប្រទេសអាស៊ាននេះ គឺមានកាលបរិច្ឆេទប្រារព្ធធ្វើដូចគ្នាតែម្តងគឺចាប់ផ្តើមនៅថ្ងៃទី ៦ ដល់ទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២០។ ដោយសារនេះ គឺជាការរៀបចំលើកដំបូងនោះ ទើបរៀបចំជាទ្រង់ទ្រាយមិនធំដុំឡើយ ហើយមានកំណត់ចំនួនអ្នកចូលរួម មកទស្សនាភាពយន្តអ៊ីតាលីនៅឯមជ្ឈមណ្ឌលបុប្ផាណាផងដែរ នារយៈពេល ៣ ថ្ងៃនេះ។ ឯខ្សែភាពយន្តវិញ យើងទទួលបានចំនួន ៦ រឿងប៉ុណ្ណោះ សម្រាប់ចាក់បញ្ចាំងក្នុងកម្មវិធីមហោស្រព»។
ចំណែកឯខ្សែភាពយន្តអ៊ីតាលីទាំង ៦ រឿង ដែលត្រូវចាក់បញ្ចាំងនៅក្នុងកម្មវិធីមហោស្រពភាពយន្តអ៊ីតាលី នាថ្ងៃចុងសប្តាហ៍នេះ រួមមានដូចជាខ្សែភាពយន្តរឿង «Fiore Gemello» ថតនៅឆ្នាំ ២០១៨ ដោយ Laura Lucchitti រឿង «Sole» ថតនៅឆ្នាំ ២០១៩ ដោយ Carlo Sirani រឿង «Quaffer» ថតនៅឆ្នាំ ២០១៨ ដោយ Antanio Farisi រឿង «La Dei Bambini» ថតនៅឆ្នាំ ២០១៩ ដោយ Claudio Giovannesi រឿង «Bangla» ថតនៅឆ្នាំ ២០១៩ ដោយ Phaim Bhulyan រឿង «Danfne» ថតនៅឆ្នាំ ២០១៩ ដោយ Federico Bandi៕