ភ្នំពេញ៖ តារាចម្រៀងរ៉េបរាងខ្ពស់ស្រឡះ ងួន ចាន់ដេវីដ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនរូតរះទាញយកវីដេអូចម្រៀងពីឆានែលយូធូបរបស់លោក ដោយសារតែលោកបានប្រកាសថា លោកនឹងបិទឆានែលនេះជាផ្លូវការនៅថ្ងៃទី ១ ខែឧសភានេះ។
ភ្ជាប់នឹងរូបថតពីឆាលែនយូធូប Dit Way ដែលមានចំនួន Subscribers ជាង ៧២៤ ពាន់នាក់ និងមានគំនូសត្រា «បិទ» ពីលើរូបភាពនោះ តារាចម្រៀងល្បីចង្វាក់កន្ត្រាក់អារម្មណ៍លោក ងួន ចាន់ដេវីដ ហៅ ជី ដេវីដ (G-Devith) បានសរសេរថា៖ «សេចក្តីប្រកាសជូនដល់អ្នកគាំទ្រ អ្នកគាំទ្រអាចមានពេលចាប់ពីយប់នេះរហូតដល់ថ្ងៃទី ១ ខែឧសភា ដើម្បី download (ទាយយក) ចម្រៀងចាស់ៗនៅក្នុង channel មួយនេះទុកជាអនុស្សាវរីយ៍មុនពេលវាត្រូវបានលុប»។
តារាចម្រៀងរ៉េបរូបនេះបានប្រាប់ពីសេចក្ដីសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលនេះទៀតថា៖ «ដោយការគិតរយៈពេលជាយូរមកហើយ ខ្ញុំជាម្ចាស់ channel មួយនេះក៏បានសម្រេចថានឹងបិទ channel នេះជាផ្លូវការនៅថ្ងៃទី ១ ខែឧសភា ដោយសុំការយោគយល់ពីអ្នកគាំទ្រ សង្ឃឹមថាបងប្អូននឹងគាំទ្រការសម្រេចចិត្តរបស់ខ្ញុំមួយនេះ។ ដោយក្តីគោរពពីខ្ញុំ»។
ដំណឹងប្រកាសលុបចោលឆានែលយូធូប ដែលជាការផ្សារភ្ជាប់រវាងអ្នកគាំទ្រ នឹងស្នាដៃចម្រៀងរបស់សិល្បករ ក៏ដូចជាប្រភពចំណូលពីការទស្សនាវីដេអូផងនោះ បានធ្វើឱ្យអ្នកគាំទ្រលោកភ្ញាក់ផ្អើល និងងឿងឆ្ងល់ថាតើហេតុអ្វីបានជា ជី ដេវីដ សុខចិត្តលាចំនួនសមាជិកដល់ទៅជាង ៧២ ម៉ឺននាក់ របស់លោកលើយូធូបដូច្នេះ។
លោក ជី ដេវីដ ពុំបានបកស្រាយវែងឆ្ងាយនោះទេ ដោយលោកគ្រាន់តែឆ្លើយយ៉ាងខ្លីថា៖ «ពិបាកក្នុងការជម្រាបលា ប៉ុន្តែគួរតែជម្រាបលា»។
តារាចម្រៀងវ័យ ២៧ រូបនេះ បញ្ជាក់ទៀតថា៖ «មូលហេតុចង់រក Subscribers ថ្មី និងពិតៗ»។
មុននឹងប្រកាសលុបឆានែលយូធូបរបស់លោក តារាចម្រៀង ជី ដេវីដ ក៏ធ្លាប់បានបង្ហើបដែរថា៖ «រឿងមួយដែលខ្ញុំចង់ធ្វើគឺ Giveaway my YouTube Channel»។
តារាចម្រៀងល្បីជាពិសេសចំណោមស្រទាប់យុវវ័យរូបនេះ បានបង្កើតឆានែលយូធូប Dit Way តាំងពីចុងខែសីហា ឆ្នាំ ២០១២ ដោយមានវីដេអូចំនួន ៦៧ ត្រូវបានបង្ហោះក្នុងឆានែលនេះ និងមានចំនួន
ទស្សនាសរុបរហូតដល់ទៅជាង ១០៦ លាន (គិតត្រឹមថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២១)។ ក្នុងចំណោមវីដេអូដែលលោកបង្ហោះនីមួយៗ មានចំនួនទស្សនាជាមធ្យមមិនក្រោមខ្ទង់លានដងនោះទេ។
អ្នកគាំទ្ររបស់លោកម្នាក់បានលើកឡើងថា៖ «គាត់លុប ព្រោះក្នុង Channel គាត់មាន Fake Fan (អ្នកគាំទ្រក្លែងក្លាយ) ដែលចាំតែជាន់ពន្លិច អ៊ីចឹងគាត់លុបនេះគាត់នឹងបង្កើត Channel ថ្មីហើយគាត់នឹងមានអ្វីប្លែកៗសម្រាប់ Real Fan (ហ្វេនពិតៗ) របស់គាត់»។
រីឯអ្នកគាំទ្រតារាចម្រៀង ជី ដេវីដ ម្នាក់ទៀតបានបង្ហាញការយល់ឃើញថា៖ «អ្នកធ្វើ YouTube ទាំង អស់ចង់លក់ឆានែលចោលហើយ ព្រោះរកលុយលែងបាន តិចចូលផលិតកម្មទៅបានគាត់បិទ channel»៕