ភ្នំពេញ៖ ទិវាជ័យជម្នះ ៧ មករា ទើបតែបញ្ចប់ទៅ ប៉ុន្ដែមិនមែនមានន័យថា ស្លាកស្នាមខ្មៅងងឹតត្រូវបានរលុបស្អាតអស់ពីការចងចាំរបស់ពលរដ្ឋខ្មែររាប់លាននាក់នោះទេ។
ឥទ្ធិពលសង្គ្រាមមិនត្រឹមតែតាមលងបន្លាចផ្លូវកាយ និងផ្លូវចិត្ដ នោះទេ វាថែមទាំងជះចំហាយដល់អ្នកជំនាន់ក្រោយដូចជាលោក កៅ សុខម៉ៅ ដែលបានសម្រេចលាតត្រដាងវិបត្ដិផ្លូវចិត្ដតជំនាន់កើតឡើងក្រោយសង្គ្រាមអំពីជីវិតខ្លួនឯងតាមរយៈសៀវភៅ «Black» ហើយក៏ជាសំណេរបានជួយសង្គ្រោះជីវិតលោកផងដែរ។
លោក សុខម៉ៅ ជាបុគ្គលិកនៅស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ខ្ញុំមិនគិតថា មាននរណាអាចព្យាបាលជំងឺផ្លូវចិត្ដនោះទេ យើងគ្រាន់តែរៀនរស់ជាមួយវា។ នៅអាយុ ២១ ឆ្នាំ ជំងឺផ្លូវចិត្ដជាមូលហេតុមួយនៃជំងឺធ្លាក់ទឹកចិត្ដ និងថប់បារម្ភហើយជំងឺទាំងនេះធ្វើឱ្យខ្ញុំក្លាយជាមនុស្សនាពេលនេះ»។
លោកបានលើកប៊ិចឡើង និងចាប់ផ្ដើមនឹកពីរឿងអតីតនូវការចងចាំមិនល្អ ដែលទាំងមានទាំងការប្រមាថ និងក្ដីស្រឡាញ់ ក៏ដូចជាបញ្ហារបស់ក្មេងប្រុសម្នាក់។
លោកបាននិយាយថា៖ «ការសរសេរប្រៀបដូចអ្វីដែលខ្ញុំបានធ្វើដំណើរទៅកុមារភាព ជាអ្វីដែលខ្ញុំមិនធ្លាប់គិតថា ខ្ញុំអាចឆ្លងកាត់បាននោះទេ។ ខ្ញុំហាក់មានអារម្មណ៍ថា ខ្ញុំឈប់រត់ និងចាប់ផ្ដើមក្រឡេកមើលអតីតកាល។ ទោះយ៉ាងណា វាធ្វើឱ្យខ្ញុំចំណាយពេល ២៣ ឆ្នាំ ដើម្បីឈានដល់ចំណុចទទួលបានការលើកទឹកចិត្ដ»។
សៀវភៅអំពីការចងចាំ ២៤៣ ទំព័រ Black ជាចំណងជើងយកតាមលំនាំឈ្មោះ ដែលម្ដាយលោកបានដាក់ឈ្មោះឱ្យ ជាទណ្ឌកម្មនឹងការចាប់កំណើត។ ក្នុងឆ្នាំ ១៩៩៤ លោក សុខម៉ៅ បានកើតក្នុងគ្រួសារសែស្រឡាយចិន នៅខេត្ដរតនគិរី ភាគឦសាននៃប្រទេសកម្ពុជា។
លោកជាកូនប្រុសរបស់ឪពុកម្ដាយរៀបការតាំងពីវ័យក្មេង និងពុះពារក្នុងជីវភាពក្រីក្រ។ ឪពុកម្ដាយតែងតែទុករូបលោកនៅជាមួយតាយាយ ពេលពួកគេត្រូវប្រកបរបរចិញ្ចឹមជីវិតនៅជាយម្ខាងទៀតនៃប្រទេស។ ជីវិត សុខម៉ៅ បានឆ្លងកាត់ព្យុះភ្លៀងឥតស្រាកស្រាន្ដទម្រាំទទួលបានអាហារូបករណ៍សិក្សានៅបរទេស ក្រោមគំនាបដ៏តឹងរ៊ឹងរបស់គ្រួសារ និងបញ្ហាសេដ្ឋកិច្ច។
លោក សុខម៉ៅ ដែលជាមន្ដ្រីផ្នែកពាណិជ្ជកម្មជាន់ខ្ពស់នៅនាយកដ្ឋានពាណិជ្ជកម្មអន្ដរជាតិនៃស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានប្រាប់ថា៖ «គ្រប់កំហុសដែលបានកើតឡើងស្មើនឹងរំពាត់វាត់លើរាងកាយអាក្រាតក្រោមក្រសែភ្នែកអ្នកដទៃ ហើយរាល់ការតមាត់ តែងតែទទួលនូវកំផ្លៀង»។
ពេលនេះ លោក សុខម៉ៅ អាយុ ២៧ ឆ្នាំ បាននិយាយថា ឪពុកម្ដាយរបស់លោកក៏មានជោគវាសនាមិនខុសគ្នាដែរ។ ការរស់នៅក្នុងសម័យសង្គ្រាម ជីដូនរបស់លោកបានហាមឃាត់អ្នកម្ដាយទៅរៀន និងបង្ខំឱ្យជួយរកលុយផ្គត់ផ្គង់ជីវភាពគ្រួសារ តាំងពីនៅក្មេងខ្ចី។
លោកអះអាងថា៖ «គាត់ត្រូវបានបង្ខំឱ្យរៀបការទាំងនៅក្មេង និងត្រូវបីបាច់កូនដោយខ្លួនឯង។ សម្ពាធទាំងផ្លូវកាយ និងផ្លូវចិត្ដបានគាបសង្កត់លើជំនាន់របស់ម្ដាយខ្ញុំតាំងពីក្មេងវ័យ។ វាក្លាយជាដំបៅតជំនាន់ ដែលពួកគេមិនបានដឹងខ្លួន។ ដូច្នេះ ពួកគេបន្ដចិញ្ចឹម និងប្រៀនប្រដៅកូនតាមលំនាំតែមួយ»។
លោកបន្ដថា អំពើហិង្សាទាំងនេះបានអូសទាញរូបលោកឱ្យធ្លាក់ទៅក្នុងជំងឺធ្លាក់ទឹកចិត្ដតាំងពីវ័យក្មេង និងថែមទាំងរុញច្រានទៅក្បែររណ្ដៅអត្ដឃាត។ ខណៈជំងឺផ្លូវចិត្ដនៅតែជាប្រធានបទរសើបក្នុងសង្គមខ្មែរ និងមិនត្រូវបានចាត់ទុកជាករណីធ្ងន់ធ្ងរ ពលរដ្ឋភាគច្រើនបានរងនូវបញ្ហាផ្លូវចិត្ដយ៉ាងតិចមួយប្រភេទ។
លោក សុខម៉ៅ បានដកស្រង់របាយការណ៍អង្គការ TPO ដែលបានសរសេរថា ពលរដ្ឋខ្មែរប្រមាណ ៤០ ភាគរយទទួលរងនូវបញ្ហាសុខភាពផ្លូវចិត្ដ និងវិបត្ដិផ្លូវចិត្ដ។
លោកបានប្រាប់ថា៖ «វិបត្ដិផ្លូវចិត្ដតជំនាន់នេះបានធ្វើឱ្យប៉ះពាល់ដល់កុមារតាំងរបៀបជាច្រើន ហើយករណីមួយចំនួន បានបង្កឱ្យប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ដ។ ធំធាត់ក្នុងគ្រួសារដែលប្រើច្បាប់វិន័យតឹងរ៉ឹង កូនៗអាចក្លាយជាមនុស្សកោងកាច ឬស្ងប់ស្ងាត់»។
យុវជនរូបនេះបានបន្ទោសលើសង្គ្រាមស៊ីវិល ដែលបានជះឥទ្ធិពលអាក្រក់ដល់ឪពុកម្ដាយដោយសារមនុស្សជាច្រើនមានជំងឺបាក់ស្បាត ព្រមទាំងប៉ះពាល់ដល់ការអប់រំ និងសេដ្ឋកិច្ចគ្រួសារថែមទៀត។
លោកអះអាងថា៖ «ខ្ញុំគិតថា បើគ្មានសង្គ្រាម ខ្ញុំប្រហែលជាត្រូវបានចិញ្ចឹមបែបផ្សេង ហើយឪពុកម្ដាយខ្ញុំក៏ប្រហែលជាប្រើវិធីប្រដៅកូនបែបផ្សេង។ លទ្ធផលភាគច្រើនចេញពីភាពក្រីក្រ និងខ្វះការអប់រំ»។
លោក សុខម៉ៅ ចាប់ផ្ដើមប្រែក្លាយការឈឺចាប់ទៅជាពាក្យពេចន៍ក្នុងសៀវភៅ ដែលលោកបានសម្រេចបោះពុម្ពក្នុងក្ដីរំពឹងផ្សព្វផ្សាយសារ និងចំណេះដឹងអំពីជំងឺផ្លូវចិត្ដនៅកម្ពុជា ជាពិសេសជំងឺផ្លូវចិត្ដតជំនាន់ពីឪពុកម្ដាយទៅកូន។
សៀវភៅនេះក៏ជាឱសថព្យាបាលផ្លូវចិត្ដដល់រូបលោក។
លោកបន្ថែមថា អ្នកជំនាញផ្នែកផ្លូវចិត្ដ និងអ្នកព្យាបាលជំងឺផ្លូវចិត្ដ គឺជាបុគ្គលសំខាន់ដែលអាចជួយអ្នកជំងឺដោះស្រាយបញ្ហាទាំងនេះ។
សៀវភៅ «Black» មានលក់នៅ Monument Books, Swarng Cafe and Bookstore, ហាងសៀវភៅ Kinokuniya ផ្សារអ៊ីអន ២ សែនសុខ, Le Story និង វេបសាយ Amazon៕