ក្រុងបាត់ដំបង៖ បន្ទាប់ពីទទួលបាននូវបទពិសោធផ្នែកចម្លាក់ឈើមួយរយៈមក ក៏ជំរុញចិត្ត និងបំផុសគំនិតដល់វិចិត្រករវ័យ ៣៨ ឆ្នាំ លោក វ៉ាន់ ឆវ័ន្ត ដែលសម្បូរគំនិតច្នៃប្រឌិតលើការបង្កើតស្នាដៃចម្លាក់ឈើធ្វើជាសិល្បៈឆ្លុះបញ្ចាំងអំពីការអប់រំផ្នែកបរិស្ថាន និងយល់ដឹងពីបញ្ហានានាក្នុងសង្គមខ្មែរ និងកំពុងតែមានទីផ្សារលក់ដូរនៅក្រៅប្រទេសទៀតផង។
លោក វ៉ាន់ ឆវ័ន្ត ជាវិចិត្រករជំនាញគំនូរ និងចម្លាក់ឈើ នៅភូមិព្រែកកញ្រែ្ចង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ នៃខេត្តបាត់ដំបង និងអតីតជានិស្សិតរៀនជំនាញសិល្បៈសូនរូបនៅសាលាហ្វារពន្លឺសិល្បៈនៅឆ្នាំសិក្សា ២០០៧-២០១១។ ការចាប់ផ្តើមប្រឡូកក្នុងសិល្បៈចម្លាក់ឈើនេះ បានចាប់ផ្តើមនៅឆ្នាំ ២០១៦ ក្រោយវិលត្រឡប់ពីការរស់នៅប្រកបរបរជាងចម្លាក់ឈើនៅខេត្តរតនគិរី មួយរយៈមកនោះ។
គួរបញ្ជាក់ដែរថា វិចិត្រករ វ៉ាន់ ឆវ័ន្ត ក៏មានឈាមជ័រសិល្បៈគំនូរផងដែរ ដោយឪពុកគឺអតីតជាជាងគំនូរ។ ខណៈជំនាញសិល្បៈគំនូរលោកបានរៀនពីសាលាហ្វារពន្លឺសិល្បៈ ខណៈជំនាញចម្លាក់ឈើវិញនោះ មិនមានសាលាឡើយ គឺគ្រាន់តែរៀនចេះពីការមើលឃើញ និងការអនុវត្តផ្ទាល់ដោយខ្លួនឯងប៉ុណ្ណោះ។ សកម្មភាពការងារសម្រាប់បង្កើតស្នាដៃសិល្បៈ នាពេលបច្ចុប្បន្ននេះ លោក វ៉ាន់ ឆវ័ន្ត ហាក់ដូចជាមានភាពសកម្មខ្លាំងទៅលើជំនាញគ្មានសាលាជាងទៅវិញ។
លោក វ៉ាន់ ឆវ័ន្ត បានប្រាប់ឲ្យដឹងថា៖ «សព្វថ្ងៃនេះ ខ្ញុំមានស្នាដៃចម្លាក់ឈើច្រើនជាងគំនូរ ដោយសារតែក្រោយពីខ្ញុំបានវិលមកបង្កើតស្នាដៃច្នៃពីកម្ទេចឈើ ដែលជាដុំអុស ទុកចោលរបស់បងប្អូនក្នុងភូមិនៅត្រឹមឆ្នាំ ២០១៦។ លុះក្រោយមកស្នាដៃចម្លាក់ឈើមួយនេះ ក៏មានការឲ្យតម្លៃសិល្បៈច្រើនផងដែរ។ ដូច្នេះ ខ្ញុំក៏ចាប់ផ្តើមផ្តោតលើវាច្រើន និងខំរិះរកការច្នៃប្រឌិតបែបសិល្បៈទៅតាមតម្រូវការទីផ្សារអ្នកនិយមចូលចិត្តស្នាដៃសិល្បៈចម្លាក់ឈើនេះរហូតមក»។
លោក វ៉ាន់ ឆវ័ន្ត បន្តឲ្យដឹងពីរបៀបធ្វើចម្លាក់ឈើ និងតម្លៃ ដែលមានចន្លោះពីស្នាដៃទាបបំផុត ១ គ្រឿង ៣៥០ ដុល្លារ ទៅដល់ ១ គ្រឿង តម្លៃ ១ ០០០ ដុល្លារដែរថា៖ «ខ្ញុំតែងសុំទិញដុំឈើ ដែលជាអុសរបស់បងប្អូននៅតាមតំបន់ ដោយទិញដុំអុសខ្លះមានតម្លៃ ៥ ០០០ រៀល និងខ្លះទៀត ១ ម៉ឺនរៀល ដើម្បីប្រមែប្រមូលយកទៅកែកុន ច្នៃធ្វើជាស្នាដៃសិល្បៈចម្លាក់ឈើនេះ។ សម្រាប់ស្នាដៃចម្លាក់ឈើនេះ ខ្ញុំបានប្រើភ្លើងធ្វើដូចជាថ្នាំលាបលើស្នាដៃគំនូរពណ៌អ៊ីចឹង។ ខ្ញុំប្រើភ្លើងដុតកម្លោច បង្កើតបានជាវត្ថុកំណត់សម្គាល់នានានៅក្នុងស្នាដៃនីមួយៗ។ ចំពោះស្នាដៃចម្លាក់ឈើតូចបំផុត ១ គ្រឿង ដែលមានកម្ពស់ប្រវែងចន្លោះ ២ ទៅ ៣ តឹក និងមុខកាត់ទំហំ ២ តឹក នោះខ្ញុំលក់ក្នុងតម្លៃ ៣៥០ ដុល្លារ។ ចំណែកស្នាដៃ ១ គ្រឿង មានទំហំកម្ពស់ ១,១៥ ម៉ែត្រ និងមុខកាត់ចន្លោះ ៣-៤ តឹក វិញនោះមានតម្លៃ ១ ០០០ ដុល្លារ ខណៈពេលវេលាយូរ ឬឆាប់ គឺវាអាស្រ័យទៅលើការចង់បានរបស់ភ្ញៀវនូវក្បាច់ក្បូរនៃចម្លាក់។ ក្រៅពីការដាក់តាំងបង្ហាញនៅវិចិត្រសាលក្នុងប្រទេសខ្មែរនោះ ស្នាដៃរបស់ខ្ញុំក៏មានយកទៅលក់នៅក្រៅប្រទេស គឺដូចជាសហរដ្ឋអាមេរិកជាដើមផងដែរ»។
លោក វ៉ាន់ ឆវ័ន្ត ក៏ឲ្យដឹងចំណុចពិសេសនៃការប្រើគំនិតឆ្លុះបញ្ចាំងក្នុងស្នាដៃសិល្បៈថា៖ «សម្រាប់រូបខ្ញុំមានចំណូលចិត្តសិល្បៈតាំងពីក្មេង ដោយខ្ញុំបានចូលរៀនជំនាញសិល្បៈសូនរូបនៅឆ្នាំ ២០០៧ និងបញ្ចប់ឆ្នាំ ២០១១ នៅសាលាហ្វារពន្លឺសិល្បៈក្នុងខេត្តបាត់ដំបង។ ចំពោះការបង្កើតស្នាដៃសិល្បៈរបស់ខ្ញុំវិញ គឺទាំងគំនូរ និងទាំងចម្លាក់ឈើ គឺបានផ្តោតទៅលើសារអប់រំ ឬផ្តល់ចំណេះដឹងលើបញ្ហាបម្រែបម្រួលនៃអាកាសធាតុ បញ្ហាបាត់បង់ព្រៃ និងបញ្ហានានាក្នុងសង្គមជាពិសេសពាក់ព័ន្ធនឹងស្រ្តីសម្រាប់ផ្តល់បងប្អូនខ្មែរយើង»៕