
ជាប្រទេសទទួលអ្នកទេសចរជាង ៣០ លាននាក់ ជារៀងរាល់ឆ្នាំ ថៃបានក្លាយជាម្ចាស់ផ្ទះរៀបចំ វេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០១៨ (Mekong Tourism Forum 2018) ហៅកាត់ថា អឹមធីអហ្វ (MTF) ដែលជាវេទិកាសំខាន់មួយក្នុងមហាអនុតំបន់ទន្លេមេគង្គ ដើម្បីជជែកគ្នាធ្វើយ៉ាងណាឲ្យវិស័យទេសចរណ៍ក្នុងតំបន់នេះមានចីរភាព។ វេទិកានេះត្រូវបានរៀបចំឡើងដោយ Mekong Tourism Coordinating Office (MTCO) ចាប់ពីថ្ងៃទី២៦ ដល់ ២៩ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។
វេទិកាត្រូវបានធ្វើឡើងនៅខេត្តនគរភ្នំ ជាប់ព្រំដែនប្រទេសឡាវ គឺជាប់ជាខេត្តសុខដុមរម្យនាបំផុតមួយរបស់ប្រទេសថៃ ជាមួយលក្ខណៈខុសដាច់ខ្លាំងពីខេត្តទេសចរដទៃទៀត ដែលមានលក្ខណៈអ៊ូអរ និងទទួលរងផលប៉ះពាល់រួចទៅហើយ ដោយសារការគ្រប់គ្រងមិនគ្រប់ជ្រុងជ្រោយចំពោះគំហុកទេសចរមកកាន់ប្រទេសនេះ។
បទពិសោធជាក់ស្ដែងនៃផលប៉ះពាល់ពីចំនួនភ្ញៀវទេសចរដ៏ច្រើនលើសលប់ បានធ្វើអាជ្ញាធរទេសចរណ៍ថៃកាលពីខែមិថុនាកន្លងទៅថ្មីៗ បានប្រកាសបិទកោះមួយដ៏ល្បីល្បាញដោយសារឥទ្ធិពលភាពយន្តហូលីវ៉ូដ The Beach គឺកោះភីភីលេហ (Koh Phi PhiLeh) ដោយសារតែកំណើនអ្នកទេសចរបានបង្កឲ្យកោះដ៏ផុយស្រួយប្រព័ន្ធជីវសាស្ត្រមួយនេះទទួលរងផលប៉ះពាល់ធ្ញន់ធ្ញរចំពោះបរិស្ថាន។
វេទិកាទេសចរណ៍មេគង្គបាននាំយកអ្នកជំនាញ និងអ្នកសម្រេចចិត្តក្នុងវិស័យទេសចរណ៍ពីប្រទសកម្ពុជា វៀតណាម ភូមា ឡាវ ចិន និងថៃ ប្រមាណជា ៣៧០ នាក់ មកចែករំលែកស្វែងយល់ពីរបៀបធ្វើធុរៈកិច្ចរបស់ពួកគេទៅកាន់តំបន់ដែលអាស្រ័យផលលើអ្នកទេសចរ ដែលបានធ្វើឲ្យមានការផ្លាស់ប្តូរវិជ្ជមានរួចមកហើយក្នុងវិស័យនេះ ស្របទៅនឹងមូលបទរបស់វេទិកានេះថា៖ Transforming Travel Transforming Live មានន័យជាភាសាខ្មែរថា បន្លាស់ប្រែដំណើរទេសចរណ៍ បន្លាស់ជីវិត។
លោក ចេនស៏ ធ្រែនហាត (Jens Thraenhart) នាយកប្រតិបត្តិ MTCO (អ៊ឹមធីស៊ីអូ) បានបានលើកឡើងជាសំណួរនៅក្នុងសន្និសីទកាសែតថា៖ «តើយើងអាចក្លាយជាមនុស្សប្រសើរជាងមុននៅពេលដើរទេសចណ៍បានយ៉ាងដូចម្តេច?»។
លោក ចេនស៏ បានបញ្ជាក់់ទៀតថា៖ «កម្មវិធីទាំងឡាយ ដែលរៀបចំនៅក្នុងវេទិកានេះគឺអភិវឌ្ឍន៍ឡើងដោយផ្អែកលើការបង្កើតឲ្យមានការផ្លាស់ប្តូរបទពិសោធទៅវិញទៅមករវាងអ្នកស្រុក និងអ្នកទេសចរ»។

លោកបានពន្យល់យ៉ាងដូច្នេះថា៖ «នៅពេលដែលអ្នកទេសចរធ្វើដំណើរទៅតាមភូមិឋាននានា វាគឺជាការផ្លាស់ប្តូរមានតែម្ខាង អ្នកទេសចរទិញវត្ថុផ្សេងៗឫជាវត្ថុអនុស្សារីយ៍នៅទីនោះ វាមិនមែនជាការផ្លាស់ប្តូរពិតប្រាកដនោះទេ»។
កញ្ញា ម៉ូម៉ូកុ អ៊ីគឺឈិ (MomokoIkeuchi) តំណាងក្រុមសៀកហ្វារពន្លឺសិល្បៈមកពីខេត្តសៀមរាប ដែលជាផ្នែកមួយនៃគម្រោងដ៏ជោគជ័យរបស់អង្គការហ្វារពន្លឺសិល្បៈដ៏ល្បីល្បាញមួយរបស់កម្ពុជា បានចែករំលែកអំពីរបៀប ដែលអង្គការនេះជួយផ្លាស់ប្តូរជីវិតរបស់កុមារ និងយុវជនកម្ពុជា និងផ្តល់ឱកាសឲ្យពួកគេចែករំលែករឿងរ៉ាវរបស់ពួកគេតាមរយៈសិល្បៈទៅកាន់អ្នកទេសចរ និងសហគមន៍របស់ពួកគេ។
កញ្ញាបាននិយាយមកកាន់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «វាមិនមែនគ្រាន់តែជាកម្មវិធី ដែលអាចឲ្យយើងបង្កើតបណ្តាញនោះទេ តែលើសពីនេះគឺជាការចែករំលែកបទពិសោធន៍ដែលនាំឲ្យផុសគំនិតជាច្រើន ហើយវាក៏បានធ្វើឲ្យយើងមានអារម្មណ៍រួបរួមជាមិត្តក្នុងការជំរុញតំបន់នេះទាំងអស់គ្នា»។
នៅថ្ងៃចុងក្រោយ សិក្ខាកាមត្រូវបានរៀបចំឲ្យចូលរូមក្នុងកិច្ចពិភាក្សាយុទ្ធសាស្ត្រជាមួយអ្នកជំនាញក្នុងសិក្ខាសាលាដាច់ដោយឡែកពីគ្នា នៅតាមសហគមន៍ភូមិជនជាតិភាគតិចចំនួន ៨ ទៅតាមប្រធានបទផ្សេងពីគ្នាដូចជា៖ ទេសចណ៍សរីរាង្គ ទេសចរណ៍សាសនា ទេសចរណ៍សុខភាព ទេសចរណ៍បេតិកភណ្ឌ ទេសចរណ៍ម្ហូបអាហារ ទេសចរណ៍ពិធិបុណ្យ ទេសចរណ៍ផ្សងព្រេង និងអេកូទេសចរណ៍។
អ្នករៀបចំសង្ឃឹមថា ការពិភាក្សានៅតាមភូមិស្រុកគឺជាការសូមអនុញ្ញាតឲ្យអ្នកស្រុកតភ្ជាប់សិក្ខាកាមទៅនឹងវិធីជីវិតរបស់ពួកគាត់ និងជាការដែលសិក្ខាកាមអាចក្លាយជាអ្នកទេសចណ៍ក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកស្រុកដូចគ្នា៕
