ភ្នំពេញ៖ ជាអ្នកសិល្បៈ អ្នកសម្ដែង និងអ្នករៀបចំកម្មវិធីលោក យូសេហ្វ ម៉ាណាបាត បានរៀបចំព្រឹត្ដិការណ៍សប្បុរសធម៌សម្រាប់ជនរងគ្រោះដោយសារការផ្ទុះភ្នំភ្លើង Taal Volcano ដែលស្នើឡើងដោយសហគមន៍ហ្វីលីពីន Samapi។
ពេលនេះ គ្រូបង្រៀនសាលាមតេ្តយ្យពេញម៉ោងនៅកម្ពុជារយៈពេល ៣ ឆ្នាំរូបនេះ បានរៀបចំការប្រកួតបវរកញ្ញាភេទទី៣ MissCalendar Queen 2020 នៅភោជនីយដ្ឋាន Wings&Beer ក្នុងរាជធានីភ្នំពេញ។
នេះជាការប្រកួតបវរកញ្ញាខ្ទើយដែលធ្វើឡើងប្រចាំខែពេញ ១ ឆ្នាំ សម្រាប់សមាជិកនៃសហគមន៍ LGBTQ+ ដែលមានជំនឿជឿជាក់ រូបសម្ផស្ស ទេពកោសល្យ និងភាពវៃឆ្លាត។ ការប្រកួតបានចាប់ផ្ដើមពីថ្ងៃទី ៧ ខែកុម្ភៈ ហើយគ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ ២០២០ ឬខែមករា ឆ្នាំ ២០២១ ខាងមុខ។
បេក្ខនារីភេទទី៣ ប្រចាំខែត្រូវបង្ហាញសម្រស់ ទេពកោសល្យ និងចំណេះដឹងរបស់ខ្លួននៅតាមវគ្គនីមួយៗ។ រាជិនីសម្រស់ប្រចាំខែនឹងធ្វើការប្រកួតគ្នា ដើម្បីស្វែងរកបវរកញ្ញាឯកតែម្នាក់គត់។
បុរសហ្វីលីពីនរូបនេះប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ខ្ញុំបន្ដរៀបចំកម្មវិធីនេះដោយសារខ្ញុំបានជជែកជាមួយមិត្ដភក្ដិខ្មែរជាសមាជិក LGBTQIA+ ដែលពួកគេអរគុណចំពោះការបង្កើតកម្មវិធីនេះឡើង»។
លោកបន្ដថា៖ «វាហាក់ជាក្ដីសុបិនក្លាយជាការពិត ខណៈពួកគេក៏ជាអ្នកគាំទ្រដល់ព្រឹត្ដិការណ៍ប្រកួតអន្ដរជាតិ ដូចជា បវរកញ្ញាចក្កវាឡបវរកញ្ញាអន្ដរជាតិ និងបវរកញ្ញាផែនដីជាដើម»។
ការប្រកួតត្រូវបានរៀបចំឡើងរៀងរាល់ខែ ដែលខែនីមួយៗមានបេក្ខនារីថ្មី ៣ នាក់។ អ្នកឈ្នះអាចមានឱកាសប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ និងអាចឈ្នះរង្វាន់ ១ ក្នុងចំណោម ៧ ចាប់ពីខែកុម្ភៈ រហូតដល់ខែធ្នូ ឬខែមករា។
លោក ម៉ាណាបាត បាននិយាយថា៖ «ខ្ញុំជ្រើសរើសបេក្ខនារីប្រកួតតែ ៣ រូប ប្រចាំខែរៀងរាល់ខែ ដោយសារលទ្ធភាពមានតែប៉ុណ្ណឹង។ ប្រាក់រង្វាន់ត្រូវបានបរិច្ចាគដោយសប្បុរសជន និងមិត្ដភក្ដិរបស់ខ្ញុំផ្ទាល់។ រាជនីសម្រស់នៃខែនីមួយៗទទួលបានប្រាក់ ១០០ ដុល្លារ ហើយអ្នកអត់បានជាប់ទទួលបានប្រាក់ ៥០ ដុល្លារម្នាក់»។
កញ្ញា ខន ចាន់សុនយ៉ា អាយុ ២៥ ឆ្នាំ ជាអ្នកសម្ដែង និងជាអ្នកលក់នៅតាមហាង បានឈ្នះកញ្ញាឯកប្រចាំខែមីនា។
កញ្ញានិយាយថា៖ «សម្រស់កើតពីការហ៊ានក្រោកឈរ ដើម្បីសិទ្ធិខ្លួនឯង គឺជាអ្វីដែលអ្នកដទៃមើលឃើញថា យើងក្រោកឡើង និងហ៊ានក្រោក ដើម្បីសហគមន៍យើង»។
លោក ម៉ាណាបាត និយាយថា អ្នកឈ្នះត្រូវធ្វើជាគំរូល្អ យល់ដឹងអំពីតម្លៃ និងការទទួលខុសត្រូវនៃកម្មវិធីប្រកួត Miss Calendar Queen។
មនុស្សគ្រប់រូបគ្រប់ជាតិសាសន៍អាចចូលរួមប្រកួតបវរកញ្ញានេះ ដរាបណាបេះដូងរបស់ពួកគេចង់ប្រកួតប្រជែងពិតៗ ហើយពួកគេយល់ច្បាស់ពីគោលបំណងនៃការរៀបចំ។
លោកថា៖ «ខ្ញុំគិតថា សហគមន៍ LGBTQ នៅកម្ពុជាមានអ្វីច្រើនត្រូវបង្ហាញ ដូចជា សម្ផស្ស ចំណេះដឹង បេះដូង និងទេពកោសល្យដ៏សម្បូរបែបរបស់ពួកគេ។ សហគមន៍ LGBTQ តែងតែត្រៀមខ្លួនបង្ហាញសមត្ថភាព និងរង់ចាំតែឱកាសប៉ុណ្ណោះ»។
កញ្ញា ឈៀន សាក់សុផានិត ហៅ ជូលីកា អាយុ ២៤ ឆ្នាំ ជាបេក្ខនារីប្រកួតប្រជែងកញ្ញាឯកប្រចាំខែកក្កដា បាននិយាយថា៖ «ខ្ញុំត្រូវបានឱ្យតម្លៃដោយសហគមន៍ថ្មីនេះ។ វាបានផ្លាស់ប្ដូរនៅពេលយើងហ៊ានបង្ហាញខ្លួនឯងថា ជានរណា។ យើងដឹងថា យើងក៏ដូចជាមនុស្សដទៃដែរ»។
ដោយសារវិបត្ដិកូវីដបំផ្លាញគម្រោងពេញ ១ ឆ្នាំ ក្រោយពីលោកបានរៀបចំកម្មវិធីនេះចំនួន ៥ ដងរួចហើយ កាលថ្ងៃទី ២៣ ខែតុលា លោកបានរៀបចំការប្រកួតប្រចាំខែកក្កដា។
ក្រៅពីបង្ហាញសម្រស់ បេក្ខនារីភេទទី៣ ត្រូវបានផ្ដល់វេទិកានិយាយអំពីខ្លួនឯង ឬបញ្ហាសមភាពយេនឌ័រនៅកន្លែងការងារ និងសហគមន៍។
លោកនិយាយថា៖ «បច្ចុប្បន្ន ខ្ញុំមានក្ដីរីករាយចំពោះតួនាទីខ្លួនឯងជាអ្នករៀបចំ និងស្ថាបនិក Miss Calendar Queen 2020 ដែលបង្កើនអត្ថន័យនៃជីវិតនៅកម្ពុជានេះ»។
លោកបន្ដថា៖ «ខ្ញុំយល់ថា ព្រឹត្ដិការណ៍នេះអាចជួយសហគមន៍ LGBTQIA+ នៅកម្ពុជា ដើម្បីទទួលបានភាពជឿជាក់ និងប្រហែលជាអាចបង្កើតក្រុមរៀបចំព្រឹត្ដិការណ៍ ដែលនឹងជួយលើកមុខមាត់ដល់សហគមន៍»។
លោកបញ្ជាក់ថា ក្រៅពីទឹកប្រាក់មួយចំនួនរង្វាន់ដ៏ល្អបំផុតសម្រាប់ពួកគេ គឺក្ដីសង្ឃឹម ឬឆន្ទៈចង់ទទួលបានបទពិសោធពីការប្រកួតប្រជែងសម្ផស្ស និងសមត្ថភាព។
សម្រាប់ព័ត៌មានបន្ថែមមាននៅទំព័រហ្វេសប៊ុក https://www.facebook.com/Miss-Calendar-Queen-104350121416574/៕