ភ្នំពេញ៖ ក្រោយពីឆ្លងកាត់ការប្រឡងជម្រុះជាច្រើនវគ្គនៃកម្មវិធី «ធីតាឯកសង្ក្រាន្ត» រដូវកាលទី២ ឆ្នាំ ២០២១ នេះ តារាស្រីស្រស់ជាតួឯកក្នុងកុនរឿង «នគរមាស» និងរឿង «ដើមរលួសមាស» ក្លាយជាអ្នកគ្រងមកុដនៃកញ្ញាធីតាឯកសង្ក្រាន្តឆ្នាំ ២០២១។
គួរបញ្ជាក់ថា កម្មវិធីប្រកួតជ្រើសរើសធីតាឯកសង្ក្រាន្ត ត្រូវរៀបចំបង្កើតឡើងដោយក្រុមហ៊ុន ហ្វឺស យូណាយ ណេតវើក អេនធើធិនម៉ិន-(FUN Entertainment) ដោយមានការសហការ និងគាំទ្រពីខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដែលបានដំណើរការមាន ២ រដូវកាលហើយមកដល់ឆ្នាំ ២០២១ នេះ។
កញ្ញា សាន្ត កុសុមៈ ធ្លាប់មានបទពិសោធជាតារាសម្តែង គឺជាតួឯកស្រីនៅក្នុងកុនភាគរឿង «នគរមាស» និងរឿង «ដើមរលួសមាស» នៅឯប៉ុស្តិ៍ទូរទស្សន៍ស៊ីធីអិន ដែលជាធីតាឯកសង្ក្រាន្តឆ្នាំនេះ នឹងក្លាយជាអ្នកតំណាងទេពធីតា នៃបុត្រីទី៤ កបិលមហាព្រហ្ម មានព្រះនាម «មណ្ឌាទេវី» យាងចុះមកគ្រប់គ្រងជម្ពូទ្វីប នាឆ្នាំឆ្លូវ ឆ្នាំ ២០២១ នេះ។
កញ្ញា សាន្ត កុសុមៈ ថ្លែងពីអារម្មណ៍ខ្លួនថា៖ «នាងខ្ញុំដឹងថា ពេលនេះ មិនមែនជាឱកាសល្អក្នុងការអបអរសាទរទេ ប៉ុន្តែគ្រាន់តែចង់ថ្លែងអំណរគុណទៅដល់បងប្អូនតាមបណ្ដាញសង្គម facebook និង ម៉ាក់ប៉ា បងប្អូនសាច់ញាតិនាងខ្ញុំទាំងអស់ដែលតែងតែគាំទ្រ ជ្រោមជ្រែង លើកទឹកចិត្ត និងផ្ដល់ក្តីស្រឡាញ់មកដល់រូបនាងខ្ញុំជាច្រើនកន្លងមក។ ការគាំទ្រ និងកម្លាំងចិត្តរបស់អ្នកទាំងអស់គ្នា គឺជាថាមពល ដែលធ្វើឱ្យនាងខ្ញុំខិតខំប្រឹងប្រែងកាន់តែខ្លាំង ដើម្បីទទួលបានតំណែងមួយនេះ។ ជាពិសេសសូមថ្លែងអំណរគុណទៅដល់ក្រុមហ៊ុន FUN Entertainment និងស្ថានីយទូរទស្សន៍ជាតិកម្ពុជា (ទទក) ដែលបានបង្កើតកម្មវិធីមួយនេះឡើង សម្រាប់ជាប្រយោជន៍ដល់សង្គម និងផ្ដល់ឱកាសដល់យុវតី ខ្មែរដើម្បីបញ្ចេញនូវសមត្ថភាព និងយល់ដឹងពីវប្បធម៌ខ្មែរ»។
សម្រាប់គោលបំណងបង្កើតកម្មវិធីប្រកួតជ្រើសរើស «ធីតាឯកសង្ក្រាន្ត» នេះត្រូវបានអ្នករៀបចំកម្មវិធីឱ្យដឹងថា គឺដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងចង់បញ្ជ្រាបនូវចំណេះដឹង អំពីវប្បធម៌អរិយធម៌ ប្រវត្តិសាស្ត្រទាក់ទងនឹងបុត្រីទាំង ៧ អង្គ របស់កបិលមហាព្រហ្ម ដែលនឹងយាងចុះមកគ្រប់គ្រងជម្ពូទ្វីប មានយានជំនិះជាសត្វ តែមិនមែនជាសត្វតំណាងឱ្យឆ្នាំទាំង ១២ ឡើយ ព្រោះបុត្រីកបិលមហាព្រហ្មមានតែ ៧ អង្គ៕