ភ្នំពេញ៖ កាលពីដើមខែវិច្ឆិកា អង្គការបណ្ដាញយុវជនកម្ពុជា (CYN) បានចេញរបាយការណ៍ស្ដីពីការបាត់បង់ និងការកាប់បំផ្លាញព្រៃឈើប្រមាណ ៣ ពាន់ហិកតា នៃដែនជម្រកសត្វព្រៃឡង់។
អង្គការដែលសមាជិកជាង ២ ៥០០ នាក់ ជាសិស្សនិស្សិត និងយុវជនរស់នៅតំបន់ជុំវិញព្រៃឡង់ បានសម្ភាសពលរដ្ឋអ្នកកាប់ទន្ទ្រានដីព្រៃ និងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាល្បាត និងត្រួតពិនិត្យការរុករានដី។
នេះជាកិច្ចការមួយក្នុងចំណោមការងារផ្សេងៗដែល CYN ចង់បង្កើនការចូលរួមរបស់យុវជន និងផ្សារភ្ជាប់ទំនាក់ទំនងយុវជនទូទាំងប្រទេស កម្ពុជា។
លោក ស ម៉ូរី សហស្ថាបនិក និងជានាយករងអង្គការ CYN បាននិយាយថា៖ «ការងារស្នូលរបស់យើងពាក់ព័ន្ធនឹងសិទ្ធិរបស់យុវជន ការពារធនធានធម្មជាតិ និងបរិស្ថាន ព្រមទាំងចូលរួមចំណែកលើកកម្ពស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាទូទៅ។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «គោលដៅរបស់យើង គឺពង្រឹងសិទ្ធិអំណាចយុវជន លើកកម្ពស់ការចូលរួមរបស់យុវជនក្នុងសកម្មភាពតស៊ូមតិដើម្បីយុត្ដិធម៌សង្គម សិទ្ធិមនុស្ស និងបរិស្ថានក្នុងប្រទេស កម្ពុជា យើង ពីព្រោះយើងឃើញថា កន្លងមកមានអង្គការយុវជនបង្កើតឡើង តែភាគច្រើនធ្វើការងារលើផ្នែកពង្រឹងសិទ្ធិអំណាច»។
ការលើកកម្ពស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាទូទៅ ភាគច្រើនយើងចូលរួមក្នុងកិច្ចសហការជាមួយដៃគូ។ ប៉ុន្ដែចំពោះការតស៊ូមតិ និងការពារបរិស្ថានធនធានធម្មជាតិ និងលើកកម្ពស់សិទ្ធិមនុស្ស លោកលើកទឹកចិត្ដឲ្យយុវជនដឹកនាំដោយផ្ទាល់ចូលរួម និងសម្របសម្រួល។
ផ្ដើមពីនិស្សិត ៥ នាក់ មកពីសាកលវិទ្យាល័យ ៤ ផ្សេងៗគ្នា ដែលមានបទពិសោធការងារស័្មគ្រចិត្ដក្នុងចលនាសហជីព ចលនាយុវជននានា CYN បានបង្កើតឡើងកាលពី ១០ ឆ្នាំមុន បំណងបង្កើនសកម្មភាពយុវជនក្នុងសង្គម។
លោក ម៉ូរី ជានិស្សិតផ្នែកច្បាប់សិទ្ធិមនុស្សអន្ដរជាតិបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «យើងមើលឃើញថា យុវជនដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់យុត្ដិធម៌សង្គម និងការពារធនធានធម្មជាតិ។ កាលដំបូងឡើយ យុវជននៅមិនទាន់បានបង្ហាញសក្ដានុពលរបស់ខ្លួនឯង ហើយសំឡេងរបស់យុវជនអត់ទាន់ត្រូវបានពិចារណា និងដាក់បញ្ចូលសេចក្ដីសម្រេចក្នុងគោលនយោបាយ។ អ៊ីចឹង យើងសម្រេចចិត្ដបង្កើតបណ្ដាញយុវជនកម្ពុជាឡើងក្នុងឆ្នាំ ២០០៩ និងចុះបញ្ជីជាអង្គការនៅក្រសួងមហាផ្ទៃឆ្នាំ ២០១៣»។
ក្នុងគម្រោងការពារធម្មជាតិ និងបរិស្ថាន អង្គការបណ្ដាញយុវជនកម្ពុជាបាននិងកំពុងធ្វើការនៅសហគមន៍ព្រៃឡង់ជាមួយដៃគូនានា ដើម្បីទប់ស្កាត់ការកាប់ឈើខុសច្បាប់ និងលើកទឹកចិត្ដឲ្យសិស្សនិស្សិតចូលរួមក្នុងកិច្ចការសហគមន៍។
សហស្ថាបនិក CYN បានឲ្យដឹងថា៖ «យើងធ្លាប់ចុះបំពេញការងារនៅតំបន់អារ៉ែងចុងឆ្នាំ ២០១៣ ក្នុងភាពជាដៃគូរវាងចលនាមាតាធម្មជាតិ ដែលគាត់ធ្វើការងារផ្នែកតស៊ូមតិច្រើន ខណៈបណ្ដាញយុវជនកម្ពុជាធ្វើលើផ្នែកចងក្រង និងពង្រឹងសិទ្ធិអំណាចសហគមន៍។ យើងបានរួមចំណែកការពារ និងបញ្ឈប់គម្រោងវារីអគ្គិសនីតំបន់អារ៉ែង»។
លោកបន្ដថា៖ «យើងធ្វើការងារក្នុងតំបន់ព្រៃឡង់ តាំងពីខែ ១១ ឆ្នាំ ២០១១ ដល់បច្ចុប្បន្ន ដោយចូលរួមចំណែកពង្រឹងសិទ្ធិអំណាច និងចងក្រងយុវជនរបស់បណ្ដាញសហគមន៍ព្រៃឡង់ ហើយលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងការការពារព្រៃឈើ។ យើងក៏បានព្យាយាមផ្សារភ្ជាប់រវាងយុវជនជាសិស្សនិស្សិតនៅភ្នំពេញ ឲ្យចូលរួមស្រឡាញ់ និងការពារព្រៃឡង់ដែរតាមរយៈកម្មវិធីបោះជំរំ ទស្សនកិច្ចសិក្សានៅថ្នាក់ជាតិ យើងមានកិច្ចសន្ទនារវាងយុវជនជាមួយក្រសួង យើងវេទិកាយុវជនថ្នាក់ជាតិស្ដីពីការចូលរួមរបស់យុវជនក្នុងការការពារធនធានធម្មជាតិជាដើម។ វាជាចំណែកមួយដែលធ្វើឲ្យយុវជនមានក្ដីស្រឡាញ់ចំពោះធនធានធម្មជាតិបន្ថែមទៀត»។
ជាលទ្ធផលរដ្ឋាភិបាលបានដាក់ព្រៃឡង់ជាដែនជម្រកសត្វព្រៃនៅឆ្នាំ ២០១៦។ អង្គការ ក៏បានបើកមជ្ឈមណ្ឌលសិក្សា និងការងារដើម្បីផ្ដល់ឱកាសដល់យុវជនមកពីសហគមន៍ក្រីក្រមានឱកាសសិក្សាចំណេះដឹង និងជំនាញបំណិនជីវិត។
យុវជនសកម្មក្នុងរឿងសង្គមរូបនេះ បាននិយាយថា៖ «យើងបានធ្វើការកសាងសមត្ថភាពយុវជនច្រើន ពីព្រោះយើងមានមជ្ឈមណ្ឌលសិក្សា និងការងារ ដែលផ្ដល់ការបណ្ដុះបណ្ដាលដល់សិស្ស និស្សិត និងយុវជនក្រីក្រ ភាគច្រើនជាយុវជនចំណាកស្រុកពីស្រុកស្រែមកភ្នំពេញ ដែលខ្វះឱកាសក្នុងការកសាងចំណេះដឹង និងជំនាញរបស់ពួកគាត់»។
ពួកគេអាចទទួលបាននូវវគ្គបណ្ដុះបណ្ដាលកុំព្យូទ័រ ការប្រើប្រាស់អ៊ីនធឺណិត អ៊ីមែលជាលក្ខណៈការងារជាក់ស្ដែងកិច្ចការរដ្ឋបាលជំនាញសម្របសម្រួលភាពជាអ្នកដឹកនាំរបៀបសរសេរ CV ត្រៀមខ្លួនស្វែងរកការងារ និងសម្ភាស។
លោក ស ម៉ូរី បាននិយាយថា៖ «រៀងរាល់ឆ្នាំ យើងបានបណ្ដុះបណ្ដាលយុវជនចន្លោះពី ៤០០ ទៅ ៥០០ នាក់»។
លោកមើលឃើញថា យុវជនចាប់អារម្មណ៍ខ្លាំងលើរឿងការពារបរិស្ថាន និងធនធានធម្មជាតិ ពីព្រោះគាត់មើលឃើញផ្ទាល់ពីការបាត់បង់ធនធានធម្មជាតិជាពិសេស ព្រៃ ទន្លេ ធនធានរ៉ែ។
យុវជនរូបនេះ បានបន្ថែមថា៖ «យើងមើលឃើញពីអភិបាលកិច្ចទន់ខ្សោយចំពោះការគ្រប់គ្រងធនធានធម្មជាតិ។ យើងនាំទស្សនកិច្ចសិក្សា យើងនាំគាត់ទៅបោះជំរំ យើងនាំគាត់ចុះទៅល្បាតព្រៃ គាត់មានអារម្មណ៍សោកស្ដាយចំពោះធនធានធម្មជាតិ។ យើងយល់ដឹងពីតម្លៃផ្នែកបរិស្ថាន។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ យុវជនចាប់ផ្ដើមទទួលស្គាល់ផលអវិជ្ជមាននៃបម្រែបម្រួលអាកាសធាតុដែរ។
លោកមើលឃើញថា យុវជន CYN នៅខ្វះការសិក្សាស្រាវជ្រាវ ដែលទាមទារការពង្រឹងបន្ថែម ដើម្បីជាភ័ស្ដុតាងរឹងមាំក្នុងការជំរុញអាជ្ញាធរមូលដ្ឋាន និងពាក់ព័ន្ធបង្កើនកិច្ចខិតខំប្រឹងប្រែងលើការងាររបស់ខ្លួន។
ប៉ុន្ដែលោកក៏បានត្អូញត្អែរថា យុវជនក៏ជួបបញ្ហាសន្ដិសុខ និងហិរញ្ញវត្ថុ ដែលពួកគេភាគច្រើនចូលរួមការតស៊ូមតិការពារព្រៃធម្មជាតិផ្ទាល់ជាយុវជនក្រីក្រមកពីតាមខេត្ដ ហើយអ្នកខ្លះជាយុវជនរងគ្រោះខ្លួនឯងតែម្ដង។ ការចូលរួមរបស់គាត់មួយចំនួនមិនមាននិរន្ដរភាពដែរ ដោយសារគាត់ចាំបាច់ត្រូវការការងារធ្វើដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ៕