ខេត្តបាត់ដំបង៖ ក្រោយពីបានជាវអង្រឹងក្រចៅ ក្រងដោយដូនចាស់មួយមកប្រើឃើញមានគុណភាពល្អ និងមានក្បូរក្បាច់ល្អនោះ ក៏ជំរុញឲ្យទឹកចិត្តស្រ្តីខ្មែរម្នាក់ ដែលស្រឡាញ់ចូលចិត្តសិប្បកម្មច្នៃពីរុក្ខជាតិវល្លិនោះក៏ សម្រេចចិត្តទទួលយកផលិតផលក្រង ឬត្បាញពីក្រចៅរបស់ដូនចាស់ នៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ដើម្បីផ្សព្វផ្សាយលក់បន្ត និងអាចទុកជាកេរមរតកសម្រាប់កូនខ្មែរជំនាន់ក្រោយផ្នែកវប្បធម៌សិប្បកម្មទៀតផង។
ដោយសារចង់ឲ្យមុខរបរសិប្បកម្មក្រង ឬត្បាញ រុក្ខជាតិដែលមានដុះក្នុងស្រុកដូចជា ក្រចៅ រពាក់ និងកំប្លោក ជាដើមនេះ នៅតែមានបន្តជាកេរមរតកដូនតាខ្មែរ ពីមួយជំនាន់ទៅមួយជំនាន់ទៀតនោះ ស្ថាបនិកគេហទំព័រឈ្មោះ «ដៃតម្បាញ» អ្នកស្រី កែវ រាស៊ីកណិកា ក៏មានគម្រោងរៀបចំឲ្យមានការសិក្សាបន្តពីដូនចាស់វ័យជាង ៦០ ឆ្នាំ ដែលចេះក្បាច់ក្បូរ ក្រងអង្រឹងក្រចៅនេះផងដែរ នាពេលអនាគត។
អ្នកស្រី កែវ រាស៊ីកណិកា បញ្ជាក់ថា៖ «សម្រាប់ការជួយយកផលិតផលសិប្បកម្មពីក្រចៅ ជាពិសេសអង្រឹងក្រៅពីដូនចាស់នៅឯកភ្នំនោះ ខ្ញុំទើបតែបានទទួលពីគាត់ប្រមាណជាង ១ ខែមុននេះឯង ហើយនៅចុងសប្តាហ៍នេះ ខ្ញុំនឹងទៅផ្ទះគាត់ ដើម្បីជួយរកអ្នកចេះត្បាញ ឬក្រងអង្រឹងក្រចៅបន្ថែម ហើយក៏រកអ្នករៀនក្រងក្បាច់ក្បូរពីដូនចាស់ផងដែរ ព្រោះថា មើលទៅសម្រាប់អ្នកជំនាន់ក្រោយ ដូចជាមិនមានអ្នកចេះត្បាញទេ។ ម្យ៉ាងវិញទៀត ខ្ញុំក៏ចង់ឲ្យមានអ្នកចេះច្រើន ដើម្បីបង្កើនចង្វាក់សិប្បកម្មក្រង ឬត្បាញអង្រឹងក្រចៅនេះ ព្រោះមានអ្នកចង់បានអង្រឹងក្រចៅជាស្នាដៃរបស់ដូនចាស់ខ្លាំងណាស់។ ត្រឹមតែ ២-៣ ថ្ងៃ ក្រោយពីនាងខ្ញុំ បង្ហោះរូបរបស់គាត់នៅតាមគេហទំព័រផ្ទាល់នោះ ក៏មានអ្នកកុម្ម៉ង់ចង់បានតាមអនឡាញចំនួន ៥០នាក់ឯណោះ»។
ស្ថាបនិកគេហទំព័រ «ដៃតម្បាញ» រូបនេះ បានបន្តថា៖ «ពេលនេះ នាងខ្ញុំក៏សុំអធ្យាស្រ័យផង រាល់ការកុម្ម៉ង់ចង់បានអង្រឹងក្រចៅជាស្នាដៃរបស់ដូនចាស់នៅស្រុកឯកភ្នំនោះ ព្រោះបងប្អូនជ្រាបហើយថា នេះគឺជាការក្រង ឬត្បាញ ប្រើកម្លាំងកាយ និងប្រើដៃក្រងរបស់ដូនចាស់វ័យជាង ៦០ ឆ្នាំ ហើយទម្រាំបានអង្រឹង ១ ត្រូវប្រើពេលក្រងយូរបន្តិច គឺគាត់ប្រើពេលដល់ ២ សប្តាហ៍ឯណោះ។ ដូច្នេះទើបនាងខ្ញុំ មិនហ៊ានទទួលយកប្រាក់កក់ពីការកុម្ម៉ង់របស់បងប្អូនខ្មែរយើងដែលចង់បានទេ។ ព្រោះរូបគាត់មានវ័យចាស់ណាស់ហើយ មិនមានកម្លាំងពលំធ្វើការងារនេះ លឿនដូចមនុស្សក្មេងឡើយ និងចំណុចកាន់តែពិសេសនោះ គឺពុំទាន់មានអ្នកចេះក្រងក្បាច់ក្បូរដូចគាត់តែម្តង នៅក្នុងភូមិ»។
មានតែម៉ែចាស់តែម្នាក់ទេ ដែលចេះក្រងនូវក្បាច់ក្បូរបានល្អស្អាតបែបនេះ ហើយអង្រឹងមួយមានទំហំទទឹង ៨ តឹក និងបណ្តោយ ២ ម៉ែត្រ ឬគេហៅថា អង្រឹង ១២ ខ្សែ។ ដោយឡែក នេះគ្រាន់តែជាការងារ ដែលបងប្អូនខ្មែរយើង ឆ្លៀតធ្វើក្រោយពីទំនេរពីការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃពួកគាត់តែប៉ុណ្ណោះ»។
គួរបញ្ជាក់ផងដែរថា ដូនចាស់វ័យជាង ៦០ ឆ្នាំ ដែលចេះក្រង ឬត្បាញអង្រឹងក្រចៅ ប្រកបដោយក្បាច់ក្បូរល្អស្អាតនោះ កំពុងតែរស់នៅក្នុងភូមិរហាលសួង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ហើយប្រសិនបើចង់បានស្នាដៃអង្រឹងទាំងនោះ អាចទាក់ទងតាមរយៈម្ចាស់គេហទំព័រ «ដៃតម្បាញ» តាមលេខទូរស័ព្ទ 012 33 60 28/088 55 89 055៕