ភ្នំពេញ៖ ថ្មីៗនេះ ក្រុមវិចិត្រកររបស់អូផេនស្ទូឌីអូកម្ពុជា (Open Studio Cambodia) ដែលមានមូលដ្ឋាននៅឯខេត្តសៀមរាប បានរៀបចំការតាំងពិព័រណ៍ស្នាដៃគំនូររបស់ខ្លួនជាថ្មីម្តងទៀតនៅឯវិចិត្រសាល Factory Phnom Penh ក្នុងរាជធានីភ្នំពេញ ក្រោយពីបានខកខានអស់មួយរយៈក្នុងគ្រាដែលបានជួបវិបត្តិកូវីដ ១៩។
ការនាំយកស្នាដៃគំនូរមកតាំងពិព័រណ៍សាឡើងវិញរបស់ក្រុមវិចិត្រករអូផេនស្ទូឌីអូកម្ពុជា ដែលបើកសម្ពោធតាំងពីថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០ និងបន្តរហូតទៅដល់ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២០ នោះក៏ត្រូវបានកញ្ញា ឡូរ៉េន អ៊ីអិដា ដែលជាស្ថាបនិក Open Studio Cambodia បង្ហើបឲ្យដឹងថា៖ «យើងមានស្នាដៃថ្មីចំនួន ២០ ដែលជាស្នាដៃរបស់វិចិត្រករខ្មែរមួយចំនួនដូចជាលោក ឡុង ឡាវី មកពីភ្នំពេញ លោក ម៉ន ជា មកពីខេត្តកំពត កញ្ញា ហ៊ុល កញ្ញា មកពីខេត្តសៀមរាប លោក វ៉ាន់ ឆវ័ន្ត មកពីខេត្តបាត់ដំបង និងនាងខ្ញុំ (មកពីទីក្រុងស៊ីថល សហរដ្ឋអាមេរិក)ដែរ។ ពួកយើងបានបើកពិព័រណ៍នេះ ក្រោមចំណងជើងថា «ស្អែកគឺជាថ្ងៃថ្មី Tomorrow is a New Day» នៅឯវិចិត្រសាលថ្មីឈ្មោះ AIR Gallery នៅក្នុងវិចិត្រសាលធំ Factory Phnom Penh នៅភ្នំពេញ»។
កញ្ញា ឡូរ៉េន អ៊ីអិដា បន្តថា៖ «ស្នាដៃពួកយើងដែលបានដាក់តាំងពិព័រណ៍ចាប់ពីថ្ងៃទី ១៩ ខែកញ្ញា ដល់ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២០ មានស្នាដៃសិល្បៈបែបចម្រុះ ដូចជាស្នាដៃប្រភេទគំនូរគូរលើក្រណាត់អាក្រូលីក គំនូរព្រីន គំនូរគូរលើក្រដាស គំនូរឌីជីថល និងគំនូរទឹកពណ៌ជាដើម»។
គ្រាប្រទេសកម្ពុជា និងពិភពលោកទាំងមូល ជួបវិបត្តិសេដ្ឋកិច្ចនានា ដោយសារតែការរាតត្បាតជំងឺកូវីដ ១៩ នោះ ក្រុមវិចិត្រករនៅ Open Studio Cambodia ក៏ជួបវិបិត្តសេដ្ឋកិច្ចគ្រួសារដែរ ព្រោះតែជីវភាពអាស្រ័យដោយការលក់ស្នាដៃគំនូររបស់ខ្លួននោះ។ ស្ថាបនិក អូផេនស្ទូឌីអូកម្ពុជា កញ្ញា ឡូរ៉េន អ៊ីអិដា បានបញ្ជាក់ថា៖ «កូវីដ ១៩ បានធ្វើឲ្យស្ទះកិច្ចការធំលើវិស័យទេសចរណ៍ និងព្រឹត្តិការណ៍សាធារណៈនានា។ ជាក់ស្តែងវិចិត្រករទាំង ៩ រូប នៅអូផេនស្ទូឌីអូកម្ពុជាវិញក៏ដូច្នេះដែរ គឺថាជីវភាពពួកគាត់ដែលពឹងអាស្រ័យដោយការលក់ស្នាដៃគំនូរនោះ បានធ្វើឲ្យមានការប៉ះពាល់ដល់ដង្ហើមសេដ្ឋកិច្ចគ្រួសារយ៉ាងខ្លាំងតែម្តង។ តែយើងក៏សង្ឃឹមថា ស្ថានភាពនឹងល្អប្រសើរវិញឆាប់ៗ ហើយក៏អរគុណដែរ សម្រាប់ឱកាសបើកតាំងពិព័រណ៍ឡើងវិញពីខាងវិចិត្រសាល AIR Gallery ដែលមានការគាំទ្រដោយ FT Gallery»៕