ក្រុងរ៉ូម៖ អ្នកដឹកនាំរឿងកូរ៉េខាងត្បូង លោក បុង ជូនហូ (Bong Joon-ho) ម្ចាស់ពានរង្វាន់អូស្ការឆ្នាំមុន ត្រូវបានប្រកាសឈ្មោះជាប្រធានគណៈវិនិច្ឆ័យនៃកម្មវិធីមហោស្រពភាពយន្តក្រុងវេនីសឆ្នាំ ២០២១។
លោក បុង បានឱ្យដឹងក្នុងសេចក្ដីថ្លែងការចេញដោយអ្នករៀបចំមហោស្រពភាពយន្តថា៖ «ខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការពិនិត្យ ស្ញប់ស្ញែង នឹងទះដៃអបអរខ្សែភាពយន្តដ៏អស្ចារ្យជាច្រើន ដែលត្រូវបាន ជ្រើសរើសដោយមហោស្រពភាពយន្តនេះ»។
នាយកគ្រប់គ្រងកម្មវិធីមហោស្រពភាពយន្តទីក្រុងវេនីស លោក អាល់ប៊ើតូ បារបើរ៉ា (Alberto Barbera) បានលើកឡើងថា លោក បុង គឺជាប្រធានគណៈវិនិច្ឆ័យដំបូងបង្អស់ជាជនជាតិកូរ៉េខាងត្បូង ហើយលោកត្រូវបានគេកោតសរសើរថាជាអ្នកដឹកនាំរឿង ដែលមានគំនិតច្នៃប្រឌិតប្លែកពីគេក្នុងវិស័យភាពយន្ត។
ការឈ្នះពានរង្វាន់អូស្ការចំនួន ៤ ដ៏មិននឹកស្មានដល់បានធ្វើឱ្យអ្នកដឹកនាំភាពយន្តកូរ៉េខាងត្បូង បុង ជូនហូ (Bong Joonho) បំបែករនាំងវិស័យភាពយន្ត និងបើកទំព័រសករាជថ្មីនៃភាពយន្តកូរ៉េ ក៏ដូចជាភាពយន្តបរទេសដទៃទៀត ឱ្យមានឱកាសទទួលស្គាល់នៅឆាកសកលលោក។
ភាពយន្តកូរ៉េរឿង ប៉ារ៉ាសិត (Parasite) ដែលនិយាយពីវណ្ណៈអ្នកមាន និងអ្នកក្រ បានដណ្ដើម ៤ ពានអូស្ការ ក្នុងកម្មវិធីប្រគល់ពានលើកទី ៩២ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅនេះ។
នេះជាខ្សែភាពយន្តបរទេសដំបូងដែលដណ្ដើមពានបានច្រើននៅក្នុងប្រវត្តិសាស្ត្រ Academy Awards ចាប់តាំងពីឆ្នាំ ១៩២៩។
ខ្សែភាពយន្តដែលសម្ដែងដោយជនជាតិកូរ៉េ និងផលិតដោយក្រុមការងារកូរ៉េសុទ្ធសាធទាំងមិនមានតួសម្ដែងបរទេសម្នាក់នោះបានធ្វើឱ្យមហាជនទូទាំងពិភពលោក បើកភ្នែកធំៗក្រោយពីអ្នកដឹកនាំរឿងប្រមូលពានដល់ទៅ ៤។
មហោស្រពភាពយន្តក្រុងវេនីស ដែលនឹងប្រារព្ធដំណើរការឆ្នាំទី ៧៨ របស់ខ្លួនចាប់ពីថ្ងៃទី ១ ដល់ ១១ ខែ កញ្ញា ឆ្នាំ ២០២១ នេះគឺជាព្រឹត្តិការណ៍ដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិភពលោក មិនចាញ់មហោស្រពភាពយន្តក្រុងកាន ប្រទេសបារាំង និងក្រុងប៊ែរឡាំង៕ AFP/HR