ភ្នំពេញ៖ នាពេលថ្មីៗនេះ មានការភ្ញាក់ផ្អើល និងកើតចេញជាមតិជជែកសួរនាំ ដេញដោលគ្នាយ៉ាងផុសផុល ពាក់ព័ន្ធនឹងព័ត៌មានពីប្រវត្តិសាវតាររបស់កីឡាករប្រដាល់សេរីជនជាតិបារាំង Antoine Pinto ក្រោយពីឃើញកីឡាករសង្ហារូបនេះ ក៏បានបង្ហោះរូបភាព ៣-៤ សន្លឹក អមដោយសារបញ្ជាក់ថា ជារូបជីតាខ្លួន ដែលមានជាប់សាច់ឈាមជ័រជាជាតិខ្មែរ គឺត្រូវជាចៅលោក លន់ ណុន។
តាមពិតមុននឹងទម្លាយរូបថតបញ្ជាក់ពីសែស្រឡាយ ដែលមានរូបជីតាខ្លួន គឺលោក លន់ ណុន នោះ កីឡាករប្រដាល់ជាតិបារាំង លោក Antoine Pinto ធ្លាប់បង្ហោះសារតបទៅនឹងមហាជនដែលបានលើកឡើងថា រូបលោកមានភិនភាគ និងសែស្រឡាយជាតិសាសន៍អាស៊ី។
ខណៈកីឡាករប្រដាល់ដែលបច្ចុប្បន្នមានវ័យ ៣០ ឆ្នាំ កម្ពស់ ១,៨៣ ម៉ែត្រ និងធ្លាប់បានហ្វឹកហាត់រៀន និងប្រឡូកអាជីពជាកីឡាករប្រដាល់សេរី ក្នុងប្រទេសថៃ តាំងពីមានវ័យ ១៤ ឆ្នាំ លោក Antoine Pinto បកស្រាយជាភាសាអង់គ្លេស ប្រែសម្រួលជាភាសាខ្មែរថា៖ «ការពិត មានមនុស្សជាច្រើននៅតែងឿងឆ្ងល់ នឹងរឿងរបស់ខ្ញុំ ថាតើខ្ញុំជាកូនកាត់ថៃ ឬយ៉ាងណា? ហើយក៏មានអ្នកខ្លះថា ខ្ញុំក៏មានភិនភាគជាតិសាសន៍អាស៊ីដែរ។ ចាំខ្ញុំប្រាប់ចម្លើយ ចំពោះអ្នកមិនបានដឹងរឿងនេះ។ ឪពុកខ្ញុំជាជនជាតិបារាំង កើតនៅប្រទេសបារាំង។ ម្តាយខ្ញុំក៏ជនជាតិបារាំង និងកើតនៅប្រទេសបារាំងដែរ។ តែម្តាយខ្ញុំគាត់ជាកូនកាត់ខ្មែរ-បារាំង។ ដូច្នេះ មានន័យថា ខ្ញុំក៏មានឈាមជ័រ ២៥ ភាគរយ ជាជនជាតិខ្មែរផងដែរ»។
ទោះបីមានការបកស្រាយរួចទៅហើយក្តី ក៏នៅតែមានអ្នកសួរនាំដេញដោល បែបជជីកសួររកឫសគល់បន្ថែមទៀតចំពោះសាច់ឈាមរបស់កីឡាករ Antoine Pinto ដដែល ជាហេតុនាំកីឡាកររូបនេះ សម្រេចចិត្តបង្ហោះរូបភាពពីសាច់ញាតិលោកបន្ត គឺមានរូបលោក លន់ ណុន ដែលជាជីតារបស់លោកនោះ។
នេះបើតាមសារបញ្ជាក់របស់កីឡាករជាតិបារាំង ដែលបានហ្វឹកហាត់កីឡាប្រដាល់សេរីនៅប្រទេសថៃ តាំងពីមានវ័យ ១៤ ឆ្នាំ នៅសង្វៀនប្រដាល់ Lumpinee Stadium និងនៅសង្វៀនប្រដាល់ Rajadamern Stadium កាលពីខ្លួននៅវ័យ ១៥ ឆ្នាំ បានរៀបរាប់ប្រាប់នៅតាមហ្វេសប៊ុកបញ្ជាក់ពីសាវតាររបស់ខ្លួន។ កីឡាករ Antoine Pinto បានសរសេរថា៖ «នេះជារូបភាពរបស់ជីតាខ្ញុំ។
ខ្ញុំមិនដែលស្គាល់គាត់ទេ ប៉ុន្តែខ្ញុំពិតជាមានឱកាសទៅលេងសមាជិកគ្រួសារនេះ ប៉ុន្មានដងហើយពីមុន ហើយខ្ញុំពិតជាសង្ឃឹមថា នឹងអាចវិលត្រឡប់ទៅវិញទៀតឆាប់ៗនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណ ដល់អ្នកទាំងអស់គ្នា ចំពោះការស្រឡាញ់ និងការគាំទ្រ ដែលខ្ញុំបានទទួលពីមនុស្សគ្រប់គ្នា។ ហើយចងចាំថា ខ្ញុំមានមោទនភាពជានិច្ច ចំពោះខ្លួនឯងជានរណា។ សូមអរគុណ!»។
ឆ្លើយតបនឹង ភ្នំពេញ ប៉ុស្តិ៍ តាម Messenger ហ្វេសប៊ុកកីឡាករ Antoine Pinto បានបកស្រាយបន្ថែមថា៖ «ព្រោះតែមានអ្នកងឿងឆ្ងល់ និងឃើញភិនភាគរូបរាងខ្ញុំ ដែលមើលទៅដូចជាតិសាសន៍អាស៊ីនោះ ទើបខ្ញុំបង្ហោះសារបកស្រាយដូចជាខាងលើ។ ម្យ៉ាងទៀត ខ្ញុំក៏មានមោទនភាពផងដែរ ពេលមនុស្សច្រើនបានចាប់អារម្មណ៍សួរនាំរកពីប្រភពកំណើតរបស់ខ្ញុំនោះ។ ខ្ញុំក៏សង្ឃឹមដែរថា នឹងអាចទៅលេងប្រទេសកម្ពុជា ម្តងទៀត នាពេលឆាប់ៗដែរ បើទោះបីជាខ្ញុំធ្លាប់បានទៅលេងកាលពី ២-៣ ឆ្នាំមុន រួចទៅហើយក្តី»។
ដោយសារជីតាខាងម្តាយលោកឈ្មោះ លន់ ណុន គឺជាប្អូនប្រុសបង្កើតរបស់លោកសេនាប្រមុខ លន់ នល់ ដែលជាអ្នកនយោបាយជាន់ខ្ពស់នៃប្រទេសកម្ពុជា ក្នុងសម័យសាធារណរដ្ឋខ្មែរ (ចន្លោះ ឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥) ហើយជាប់ឈ្មោះក្នុងប្រវត្តិសាស្ត្រខ្មែរ គឺជាអ្នកធ្វើរដ្ឋប្រហារអតីតព្រះមហាក្សត្រខ្មែរ គឺព្រះបាទនរោត្តមសីហនុ។
អ៊ីចឹងហើយទើបបានជាកីឡាករ Antoine Pinto ដែលមានឈាមជ័រជាសែលោហិតជំនាន់ក្រោយលោក លន់ នល់ នោះក៏បានបញ្ជាក់ដែរថា៖ «ខ្ញុំក៏សូមអភ័យទោសផងដែរ ប្រសិនបើការបង្ហោះសារ និងរូបភាពបង្ហាញជីតាខ្ញុំនោះ វាបានប៉ះពាល់អារម្មណ៍មិនសប្បាយចិត្តណាមួយ ឬក៏សង្គមគ្រួសារបងប្អូន។ ខ្ញុំសរសេរនេះ គឺគ្រាន់តែចង់តបទៅសំណួរ ដែលបងប្អូនមួយចំនួនបានសួរចង់ដឹងពីប្រភពកំណើតខ្ញុំតែប៉ុណ្ណោះ»។
លោក Antoine Pinto អតីតជាកីឡាករឆ្នើមក្នុងពិភពសង្វៀនប្រដាល់ល្បី ២ គឺ សង្វៀន Thai Fight របស់ថៃ និងសង្វៀនប្រដាល់ Glory របស់សិង្ហបុរី និងមានប្អូនប្រុសឈ្មោះ Victor Leo Pinto កើតឆ្នាំ ១៩៩៣ ក៏ជាកីឡាករហាត់ប្រដាល់សេរីនៅប្រទេសថៃ ដែលចូលប្រឡូកតាំងពីមានវ័យ ១១ ឆ្នាំ៕