
នាគមហាមុនី ប្រវែងជាង ១២២ ម៉ែត្រ ផុសឡើងកម្ពស់ ២០ ម៉ែត្រ។ គាំ ច័ន្ទរស្មី
ក្រុងបាងកក: ទាំងភាសានិយាយបែបរដឺន និងទំនៀមទម្លាប់ប្រពៃណីមួយចំនួន តំបន់ភាគឦសានថៃមានភាពខុសប្លែកគ្នាពីភូមិភាគកណ្ដាលជាច្រើនអន្លើ។ យោងតាមឯកសារប្រវត្តិសាស្ត្រថៃ ភាគឦសានថៃធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កម្ពុជាបុរាណ និងនគរឡានសាងនៃចក្រភពឡាវ ជាហេតុនាំឲ្យតំបន់នេះមានវប្បធម៌ ៣ ច្របាច់បញ្ចូលគ្នា។
តួយ៉ាងខេត្តសាកលនគរនៅមានសេសសល់ប្រាសាទបុរាណខ្មែរជាច្រើននៅទីនោះនៅឡើយ ព្រោះទីនោះធ្លាប់ជាទីក្រុងសំខាន់មួយរបស់អតីតចក្រភពខ្មែរ។
ខេត្តចំនួន ៣ ដែលអាជ្ញាធរទេសចរណ៍ថៃបាននាំក្រុមអ្នកព័ត៌មានបរទេសទៅទស្សនាលើកនេះ គឺជាខេត្តជាប់ដងទន្លេមេគង្គ និងជាព្រំប្រទល់រវាងប្រទេសថៃ និងឡាវផងដែរ ដូចជាខេត្តនគរភ្នំ (Nakhon Phanom) និងខេត្តមុខដាហាន (Mukdahan) ដោយឡែកខេត្តសាកលនគរ (Sakon Nakhon) នឹងមិនមានអធិប្បាយនៅទីនេះទេ។
នគរភ្នំជាខេត្តសុខដុមរមនាបំផុតមួយ របស់ប្រទេសថៃ។ នៅទីនេះគេរក្សាបាននូវអគារចាស់ៗជាច្រើន ទុកជាកេរដំណែល និងប្រើប្រាស់ជាផលប្រយោជន៍រួម ហើយអ្នកទេសចរ នឹងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅនៅទីនោះ។ អត្តសញ្ញាណនគរភ្នំ គឺជាចេតិយវត្តព្រះធាតុភ្នំ (Wat Phra That Phanom) កម្ពស់ ៤៣ ម៉ែត្រ ដែលគេជឿថា មានតម្កល់ព្រះសារីរិកធាតុព្រះពុទ្ធអង្គ។
មគ្គុទេ្ទសក៍ទេសចរណ៍បានប្រាប់ថា៖ «ចេតិយកណ្តាលត្រូវបានកសាងឡើងតាមរចនាប័ទ្មខ្មែរនៅឆ្នាំ ៥៣៥ មុនគ្រិស្តសករាជ ប៉ុន្តែត្រូវបានដួលរលំនៅអំឡុងឆ្នាំ ១៩៧៥ ដោយជំនួសមកវិញនូវចេតិយថ្មីតាមរចនាប័ទ្មក្លាយបែបឡាវ»។
ប្រជាជននៃខេត្តនគរភ្នំ និងខេត្តមុខដាហាន គោរពសត្វនាគខ្លាំងណាស់។ ភ្ញៀវទេសចរឃើញមានរូបសំណាកសត្វនាគធំៗជាច្រើន បែរមុខទៅកាន់ទន្លេមេគង្គ ជាព្រំដែនរវាងប្រទេសឡាវ និងថៃ។

ចេតិយព្រះធាតុភ្នំ រចនាប័ទ្មខ្មែរក្លាយឡាវ។ គាំ ច័ន្ទរស្មី
ប្រជាជននៅទីនោះ ជឿថាទន្លេមេគង្គម្តុំនោះ គឺជាជម្រករបស់សត្វនាគ ហេតុនេះហើយរូបសំណាកនាគដ៏ល្បីល្បាញជាងគេនៅប្រទេសថៃ គឺស្ថិតនៅទីនេះ។
សត្វនាគមហាមុនីនៅជើងភ្នំវត្តរយព្រះបាទភូមនោរម្យ (Wat Roi Phra Bat Phu Manorom) ត្រូវបានសិល្បករថៃសូនឡើងដាក់ពណ៌ខៀវស្រស់ឆើតឆាយ ពត់ពេនខ្លួនប្រវែងជាង ១២២ ម៉ែត្រ មានក្បូរក្បាច់រចនាយ៉ាងល្អល្អះផុសអណ្តែតខ្លួនឡើងផុតពីព្រៃជើងភ្នំកម្ពស់ ២០ ម៉ែត្រ ស្តែងចេញពីទឹកដៃដ៏ល្អវិចិត្ររបស់សិល្បករថៃ។
ទៅដល់ក្បែរជើងភ្នំទីនោះ មានជនជាតិថៃជាច្រើនបានមកអុជធូបគោរពបូជាបួងសួងសុំសេចក្តីសុខ អាយុវែង។ អ្នកខ្លះក៏យកក្រណាត់ក្រហមសរសេរពាក្យបួងសួងចងភ្ជាប់ទៅនឹងមែកឈើជុំវិញនោះនាំឲ្យមើលទៅក្រហមច្រាលដូចកម្រាលព្រំ។
អារាមព្រះពុទ្ធសាសនានៅទីនោះស្អាតៗណាស់ ហើយភ្ញៀវទេសចរចង់ដើរទស្សនាឲ្យបានសព្វកន្លែង គឺទាមទារការស្នាក់នៅយ៉ាងហោច ៣ ថ្ងៃ។ ការធ្វើដំណើរក្នុងអំឡុងខែកក្កដា ព្រះសូរិយាមិនបង្អង់ទេ ដោយអាកាសធាតុក្តៅក៏ក្តៅ ភ្លៀងក៏ភ្លៀង។
ប៉ុន្តែទោះជាយ៉ាងណា ពុទ្ធសាសនិកទេសចរនឹងមានអារម្មណ៍ជ្រះថ្លា ព្រោះបើតាមជំនឿ យើងនឹងទទួលបានបុណ្យកុសលច្រើនរួមទាំងក្តីមនោរម្យទៀតផង៕