កាលពីថ្ងៃសុក្រសប្ដាហ៍មុន លោក កង គឹមហាក់ ដែលជាអតីតតំណាងរាស្ត្រមកពីអតីតគណបក្សសង្គ្រោះជាតិធ្លាប់បានបង្ហាញពីដំណើរដើមទងនៃការចូលប្រឡូកក្នុងឆាកនយោបាយរបស់លោករួចមកហើយរហូតមានការប្រែប្រួលស្ថានការណ៍នយោបាយដោយគណបក្សប្រឆាំងធំមួយនេះត្រូវបានរំលាយ ខណៈអតីតមន្ត្រីក្នុងបក្សនេះចំនួន ១១៨ រូបត្រូវបានដាក់បម្រាមមិនឲ្យធ្វើនយោបាយ ៥ ឆ្នាំ។
ដោយមានឈ្មោះក្នុងបញ្ជីនោះដែរលោក គឹម ហាក់ មិនបានបំពានលើបម្រាមនោះទេ ប៉ុន្តែជាទស្សនៈរបស់លោកយល់ថា ប្រជាពលរដ្ឋភាគច្រើននៅតែទន្ទឹងរង់ចាំគណបក្សសង្គ្រោះជាតិ ថ្វីបើពេលនេះនៅមានគណបក្សចូលរួមបោះឆ្នោតមួយចំនួនក៏ដោយ តែលោកថានោះដូចជាមិនមែនជាគូប្រកួតពិតជាមួយគណបក្សកាន់អំណាចឡើយ។
ទាក់ទងនឹងការបោះឆ្នោតព្រឹទ្ធសភាកាលពីថ្ងៃទី ២៥ ខែកុម្ភៈ ថ្មីៗនេះក៏ដូចជា ការបោះឆ្នោតជាតិនាខែកក្កដាខាងមុខលោក កង គឹមហាក់ មិនចាត់ទុកគណបក្សឯទៀតៗដែលចូលរួមប្រកួតដែរនោះជាគូប្រកួតរបស់បក្សកាន់អំណាចនោះទេ ក្រៅតែពីគណបក្សសង្គ្រោះជាតិ។ វត្តមានរបស់គណបក្សតូចៗដទៃទៀតនៅក្នុងការប្រកួតប្រជែងបោះឆ្នោតនោះ គឺគ្រាន់តែជាការធ្វើឲ្យមានពហុបក្សតែប៉ុណ្ណោះ ឯសមត្ថភាពរបស់បក្សទាំងនោះមិនអាចទៅដណ្តើមអាសនៈរដ្ឋសភាពីគណបក្សកាន់អំណាចបានទេ។
លោកថ្លែងថា៖ «បើសិនជាមិនមានគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោតឆ្នាំ ២០១៨ ទេ យើងឃើញថាការបោះឆ្នោតហ្នឹងគឺមិនមានប្រជាធិបតេយ្យ មិនយុត្តិធម៌ មិនត្រឹមត្រូវទេ ដោយសារថា គូប្រកួតមានតែមួយ មានតែគណបក្សកាន់អំណាចមួយ ហើយគ្មានគណបក្សប្រឆាំងដែលមានសក្តានុពលទៅប្រកួតប្រជែងដើម្បីឈ្នះឆ្នោតទៅដឹកនាំប្រទេស។ អ៊ីចឹងយើងឃើញថាការបោះឆ្នោតហ្នឹងមិនអាចទទួលយកបានទេ វាលើគោកពេកហើយ ប្រជាពលរដ្ឋខ្មែរក៏មិនជឿ សូម្បីតែអន្តរជាតិក៏គេមិនជឿដែរ ដោយសារថា គូប្រកួតដែលមានគីឡូស្មើគ្នាទៅប្រកួតបានមានន័យ មានអ្នកទស្សនាច្រើន បានមានគេទទួលស្គាល់»។
ជាមួយនឹងការលើកឡើងនេះលោក កង គឹមហាក់ ក៏បានថ្លែងសំដៅទៅរកការបោះឆ្នោតព្រឹទ្ធសភាកាលពីថ្ងៃទី ២៥ ខែកុម្ភៈឆ្នាំនេះដែលគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឈ្នះប្រមូលយកអាសនៈទាំងអស់ ៥៨ នៅក្នុងព្រឹទ្ធសភា។ លទ្ធផលឈ្នះមូលដូចនំក្រូចនេះ លោក កង គឹមហាក់ ចាត់ទុកថាជាលទ្ធផលដែលត្រូវបានគេដឹងមុនទៅហើយថា គណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចជាអ្នកគ្រប់គ្រងខ្សែក្រវាត់ដដែល ប៉ុន្តែជ័យជម្នះដ៏ងាយស្រួលនេះគឺបក្សកាន់អំណាចឈ្នះដោយគ្មានគូប្រកួត ឯគណបក្សមួយចំនួនដែលទៅចូលរួមក្នុងការបោះឆ្នោតដែរនោះគ្រាន់តែជាសិទ្ធិក្នុងការចូលរួមប៉ុណ្ណោះ ពីព្រោះបក្សទាំង ៣ នោះមិនមានធាតុផ្សំអ្វីដែលជួយឲ្យពួកគេទៅដណ្តើមបានអាសនៈព្រឹទ្ធសភានោះឡើយ។
លោកថ្លែងថា៖ «បោះឆ្នោតព្រឹទ្ធសភា យើងឃើញថាអត់មានគណបក្សណាទៅប្រកួតប្រជែងឈ្នះគណបក្សកាន់អំណាចទេ លទ្ធផលហ្នឹងគេដឹងមុនហើយ។ ដោយឡែកគណបក្ស ៣ ទៀតទៅចូលរួមប្រកួតប្រជែងហ្នឹងគេមើលឃើញថា អត់អាចទៅបោះឆ្នោតបានកៅអីព្រឹទ្ធសភាទេ ដោយសារតែគាត់អត់មានក្រុមប្រឹក្សាឃុំសង្កាត់សម្រាប់ទៅបោះឆ្នោត ដើម្បីយកតំណែងព្រឹទ្ធសភាហ្នឹងទេ»។
ការបោះឆ្នោតព្រឹទ្ធសភាជាការបោះឆ្នោតអសកលដែលមានអង្គបោះឆ្នោតចេញពីក្រុមប្រឹក្សាឃុំសង្កាត់ និងតំណាងរាស្ត្រ ដូច្នេះបក្សដែលចូលរួមបោះឆ្នោតនោះមិនមានក្រុមប្រឹក្សាឃុំសង្កាត់ និងតំណាងរាស្ត្របូកទៅបានមួយកៅអីផង រឿងអីគណបក្សទាំងនោះឈ្នះបានកៅអី។
លោកថ្លែងថា៖ «ដូច្នេះការបោះឆ្នោត [ជាតិ] ឆ្នាំ ២០១៨ ក៏ដូចគ្នាដែរ បើមិនមានវត្តមានគណបក្សសង្គ្រោះជាតិដែលប្រជាពលរដ្ឋគាំទ្រជាង ៣ លាននាក់ទៅចូលរួមការបោះឆ្នោតទេ លទ្ធផលដូចគ្នានឹងការបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី ៤ នេះដែរ»។
លោក កង គឹមហាក់ លើកឡើងថា៖ «ឆ្លុះបញ្ចាំងថា ប្រជាពលរដ្ឋមិនពេញចិត្ត ហើយខ្ញុំគិតថាប្រជាពលរដ្ឋភាគច្រើនគាត់នៅតែទន្ទឹងរង់ចាំគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែស្ថានភាពនយោបាយពេលនេះគឺអាចមានវត្តមានគណបក្សសង្គ្រោះជាតិបាន ឬមិនបានអាស្រ័យលើបរិយាកាសនយោបាយមុនការបោះឆ្នោត»។
លោក គឹមហាក់ បញ្ជាក់ថា៖ «ការអូសទាញមន្ត្រីជាប់ឆ្នោតគណបក្សសង្គ្រោះជាតិកាលពីគេមិនទាន់រំលាយនោះមិនបានច្រើនរហូតដល់គេអូសទាញអ្នកដែលមានលំដាប់លេខរៀងអត់ជាប់ហ្នឹងផ្តល់ផលប្រយោជន៍ និងការសន្យាអីមួយចំនួន»។
លោកបន្ថែមថា លោកមិនបានក្តាប់តួលេខច្បាស់លាស់អំពីចំនួនសមាជិករបស់គណបក្សសង្គ្រោះជាតិប៉ុន្មាន ដែលត្រូវបានបក្សកាន់អំណាចអូសទាញ ឬទិញទឹកចិត្តបាននោះទេ ប៉ុន្តែលោកអះអាងថា មានសមាជិកតិចបំផុត ឬមិនដល់ ១០ ភាគរយផង ដែលបានចុះចូលជាមួយបក្សកាន់អំណាច ដោយសារការអូសទាញនោះ។
ក្រោយពីគណបក្សត្រូវបានរំលាយ មេដឹកនាំមួយចំនួនកំពុងស្វែងរកអន្តរាគមន៍ពីអន្តរជាតិដើម្បីជួយឲ្យស្ថានភាពនយោបាយនៅកម្ពុជាវិលទៅរកប្រក្រតីភាពវិញ។ ដោយឡែក ថ្នាក់ដឹកនាំ និងសមាជិកដែលនៅក្នុងប្រទេសគឺស្មារតី និងមនសិការរបស់ពួកគេមិនរលាយដូចគណបក្សឡើយ។ អ្នកនៅក្នុងស្រុកស៊ូអត់ធ្មត់មិនធ្វើសកម្មភាពអ្វីដែលនាំឲ្យមានការចោទប្រកាន់នោះទេ។
សម្រាប់ការចាកចេញក្រៅប្រទេសលោក កង គឹមហាក់ បានសម្រេចហើយថា លោកនឹងមិនភៀសខ្លួនចេញឆ្ងាយពីប្រទេសកំណើតឡើយ បើទោះបីស្ថានភាពនយោបាយកំពុងឡើងកម្ដៅ និងប្រឈមនឹងការគំរាមកំហែង ហើយគណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំត្រូវបែកខ្ញែកក៏ដោយ។ មូលហេតុដែលលោកសម្រេចមិនចាកចេញពីស្រុកកំណើតពីព្រោះថាក្រោយពីបក្សសង្គ្រោះជាតិត្រូវបានរំលាយ ហើយរូបលោកផ្ទាល់ត្រូវបានហាមធ្វើនយោបាយ ៥ ឆ្នាំនោះ គឺលោកនឹងអនុវត្តគោរពទៅតាមសាលដីកាដែលបានហាមឃាត់ និង មិនធ្វើអ្វីឲ្យខុសនឹងច្បាប់ហាមឃាត់នោះទេ ដូច្នេះលោករំពឹងថានឹងមិនមានហានិភ័យអ្វីកើតឡើងចំពោះរូបលោកនោះទេ។
លោកបញ្ជាក់ថា៖ «យើងចាត់ទុកប្រទេសនេះជាប្រទេសកំណើតរបស់យើង ហើយយើងធ្វើនយោបាយដើម្បីឲ្យប្រទេសជាតិ ហ្នឹងមានការអភិវឌ្ឍ មានសិទ្ធិសេរីភាពក្នុងការរស់នៅឲ្យប្រជាពលរដ្ឋមានជីវភាពធូរធារ ឲ្យប្រទេសជាតិវិវឌ្ឍទៅជាប្រទេសមួយដែលមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ អ៊ីចឹងទេ ខ្ញុំសម្រេចចិត្តធ្វើនយោបាយនេះ ខ្ញុំមិនចាកចោលទៅណាក្រៅតែពីស្រុកទេសកំណើតរបស់ខ្លួនទេ»។
ទោះបីក្រាញមិនចាកចេញពីស្រុកទេសក៏ពិតមែន ប៉ុន្តែជីវិតរស់នៅប្រចាំថ្ងៃ លោកបានសម្តែងនូវក្តីបារម្ភពីសុវត្ថិភាពផងដែរ ខណៈដែលស្ថានភាពនយោបាយមិនផ្តល់នូវអំណោយផលល្អសម្រាប់ក្រុមបក្សប្រឆាំងបែបនេះ។ នៅពេលសួរថា តើលោកធ្លាប់ត្រូវបានគេអូសទាញ ឬរងនូវការគំរាមកំហែងដែរឬយ៉ាងណានោះ លោក កង គឹមហាក់ បដិសេធសុំមិនធ្វើអត្ថាធិប្បាយ។
លោក កង គឹមហាក់ បានចាកចេញពីភូមិកំណើតមកធ្វើនយោបាយនាឆ្នាំ ១៩៩៨ តាមរយៈអតីតតំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក ជាម ច័ន្ទនី ដោយធ្វើជាជំនួយការរបស់លោក និងដើរឃោសនារកសំឡេងឆ្នោតជាមួយលោក ជាម ច័ន្ទនី ជារហូតមក។ មុនបានជាប់ឆ្នោតជាតំណាងរាស្ត្រនាឆ្នាំ ២០១៣ លោកធ្លាប់ធ្វើជាជំនួយការរបស់លោក ជាម ច័ន្ទនី តាំងពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០៨។
ដោយមាន មហិច្ឆតាខ្ពស់ចង់ក្លាយជាអ្នកនយោបាយកំពូលដូចជា អ្នកតំណាងរាស្ត្រ លោកបានសម្រេចចិត្តចាកចេញពីតួនាទីជាជំនួយការរបស់លោក ជាម ច័ន្ទនី ហើយងាកទៅរកប្រកបមុខរបរមួយដើម្បីរកចំណូលគ្រាន់បានជាដើមទុនជួយក្នុងការបន្តធ្វើនយោបាយតាមដែលចិត្តប៉ង ប្រាថ្នា ហើយលោកក៏សម្រេចប្រកបមុខរបររកស៊ីផង និងឆ្លៀតពេលធ្វើនយោបាយផង ដែលកាលនោះលោកបើកក្រុមហ៊ុនជាមួយមិត្តភក្តិនាំរថយន្តចូលមកលក់ ។
ក្នុងឆាកជីវិតអតីតតំណាងរាស្ត្ររូបនេះបើតាមការឲ្យដឹងគឺលោក កង គឹមហាក់ ចូលចិត្តការងារនយោបាយ ពាណិជ្ជកម្ម និងការងារធ្វើចម្ការច្បារដំណាំ។
លោក កង គឹមហាក់ បានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិពីវិទ្យាល័យសុន្ធរម៉ុកនាឆ្នាំ ១៩៩៩ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រច្បាប់កាលពីឆ្នាំ ២០១១ ពីសាកលវិទ្យាល័យន័រតុន។
លោក កង គឹមហាក់ មានដើមកំណើតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម លោកមានបងប្អូន ៨ នាក់ និងជាកូនទី ៦ នៅក្នុងគ្រួសារដែលមានឪពុកម្តាយ ជាកសិករ។ ក្នុងវ័យ ៣៨ ឆ្នាំ លោកបានរៀបអាពាហ៍ពិពាហ៍កាលពីឆ្នាំ ២០០៧ និងមានកូនចំនួន ៤ នាក់ក្នុងនោះមានប្រុស ៣ នាក់ និងស្រីម្នាក់ដែលកំពុងស្ថិតនៅក្នុងបន្ទុកនាពេលបច្ចុប្បន្ននេះ៕