អ្នកនយោបាយវ័យក្មេង លោក សួង សុភ័ណ្ឌ ប្រធានគណបក្សអំណាចខ្មែរ ហាក់ដូចជាកំប្លែងលេងពេកហើយនឹងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដោយលោកកំពុងសម្លឹងឃើញកៅអីនាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន សែន សម្រាប់រយៈពេល ២ អាណត្តិទៀត គឺលោកមានសមត្ថភាពអាចដណ្តើមយកមកអង្គុយ ដើម្បីគ្រប់គ្រងអំណាចម្តង ដែលលោកចាត់ទុកថា ការទៅអង្គុយកៅអីនៅទីកំពូលនេះវាជាការផ្លាស់ប្តូរតាមច្បាប់ធម្មជាតិ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះ លោក សួង សុភ័ណ្ឌ ដែលបានមកធ្វើជាប្រធានគណបក្សអំណាចខ្មែរប្រមាណ ៤ ខែ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងការបោះឆ្នោតឆ្នាំ ២០១៨ នេះ លោកហ៊ានពោលពាក្យថា កៅអីនាយករដ្ឋមន្ត្រី ដែលលោកហ៊ុន សែន កំពុងអង្គុយអស់រយៈពេលជាង ៣០ ឆ្នាំមកនេះ គឺលោកសុំកក់កៅអីកំពូលនេះទុកសម្រាប់លោក ក្នុងរយៈពេល ២ អាណត្តិទៀត លោកនឹងទៅអង្គុយកៅអីទីនោះនោះហើយ។
ពិតណាស់ ច្បាប់ធម្មជាតិ មិនមាននរណាអាចប្រឆាំងបានឡើយ ពោលគឺ កើត ចាស់ ឈឺ ស្លាប់ ប្តូរផ្លាស់ គឺជាច្បាប់ធម្មជាតិ។
យ៉ាងណាមិញ កៅអីនាយករដ្ឋមន្ត្រីរបស់លោកហ៊ុន សែន ក៏មិនស្ថិតស្ថេរដែរ ប៉ុន្តែ បើវិភាគទៅលើកៅអីនាយករដ្ឋមន្ត្រីមួយនេះ វាពិតជាពិបាកនឹងមានតួអង្គណាមួយមានសមត្ថភាព និងលទ្ធភាពអាចធ្វើដំណើរទៅដល់ណាស់។ សូម្បីតែ គណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងដ៏ធំនៅកម្ពុជា ដែលគេមើលឃើញថា មានសម្ទុះហក់ជិតទៅដល់ ឬដែលត្រូវបានគេរំពឹងថា នឹងអាចទៅដល់កៅអីកំពូលសម្រាប់ការបោះឆ្នោតឆ្នាំ ២០១៨ នេះ បែរជាត្រូវរលាយសាបសូន្យ មិនគួរឲ្យជឿសោះឡើយ ដោយសារបណ្តឹងរបស់រដ្ឋាភិបាលនៃបក្សកាន់អំណាចដែលជាគូប្រជែង។
ក្នុងកិច្ចសម្ភាសន៍ជាមួយ ភ្នំពេញប៉ុស្តិ៍ នៅឯទីស្នាក់ការគណបក្សអំណាចខ្មែរ ក្នុងខណ្ឌឫស្សី-កែវ ខាងជើងជាយរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ ខែ មករា លោកសួង សុភ័ណ្ឌ អតីតបេក្ខជនតំណាងរាស្ត្រ នៃបក្សប្រឆាំងដ៏ធំ ដែលត្រូវបានរំលាយចោលកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ នោះបានប្រៀបធៀបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងខ្លួនលោកផ្ទាល់ថា ជាបុគ្គល ២ រូប ដែលមានវាសនាដូចគ្នានៅកម្ពុជា ដែលបានមកធ្វើជាមេគណបក្សនយោបាយ ដោយមិនបាច់ខំប្រឹងបង្កើតបក្សដោយខ្លួនឯង។
លោក ហ៊ុន សែន មានវាសនាបានមកដឹកនាំគណបក្សប្រជាជនកម្ពុជា ដោយសារបក្សនេះត្រូវបានបង្កើតដោយអតីតមេដឹកនាំវៀតណាម ចំណែករូបលោកបានមកដឹកនាំគណបក្សអំណាចខ្មែរ ដោយសារបក្សនេះត្រូវបានបង្កើតឡើងដោយលោក សួន សេរីរដ្ឋា ដែលបច្ចុប្បន្នកំពុងជាប់ឃុំនៅពន្ធនាគារ។
លោកសួង សុភ័ណ្ឌ ថ្លែងថា៖ «ខ្ញុំនិយាយដោយគ្មានការអៀនខ្មាសមួយម៉ាត់ទៀតចុះ ធម្មជាតិបញ្ជាខ្ញុំឲ្យមកធ្វើនាយករដ្ឋមន្ត្រី នៃប្រទេសមួយហ្នឹង មកបម្រើប្រជាពលរដ្ឋដោយស្មោះ។ ទោះបីអ្នកនយោបាយចាស់ៗចង់បិទ ក៏បិទអត់រួចដែរ។ ខ្ញុំហ៊ាននិយាយនៅពេលនេះដោយសារអី ដោយសារខ្ញុំជាប្រធានបក្ស ហើយប្រធានបក្សជាបេក្ខភាពនាយករដ្ឋមន្ត្រីត្រូវតែប្រកួតប្រជែង»។
លោកបញ្ជាក់ថា៖«នៅស្រុកខ្មែរ ២០៣០ ឆ្នាំនេះ មានមនុស្សតែ ២ នាក់គត់ ដែលអត់បង្កើតបក្សទេ ប៉ុន្តែបានធ្វើជាប្រធានបក្ស។ ទី១ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទី២គឺ សួង សុភ័ណ្ឌ។ គណបក្សប្រជាជន មិនមែនលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាអ្នកបង្កើតទេ គណបក្សអំណាចខ្មែរ ក៏មិនមែន សួង សុភ័ណ្ឌ ជាអ្នកបង្កើតដែរ។ នេះជារឿងមួយ ដែលវាស៊ីគ្នា»។
ជាមួយនឹងមហិច្ឆតាចង់ច្បាមយកអំណាចពីលោក ហ៊ុន សែន លោក សួង សុភ័ណ្ឌ មិនមានចេតនាចង់អង្គុយកៅអីនាយករដ្ឋមន្ត្រីយូរដូចលោក ហ៊ុន សែន នោះទេ ដោយលោកបង្ហាញនូវជំហរថា លោកគ្រាន់តែអង្គុយជំនួសតំណែងនាយករដ្ឋមន្ត្រី មួយរយៈពេល ដើម្បីបង្ហាញនូវស្នាដៃ និងទេពកោសល្យ ក្នុងការអភិវឌ្ឍប្រទេស ដោយមិនរុកកួនអ្នកណាឡើយ។
គណបក្សអំណាចខ្មែរ ដែលដឹកនាំដោយលោក សួង សុភ័ណ្ឌ មានសញ្ញាសម្គាល់ដោយរូបសញ្ញាកូនសោ និងបាវចនា ជាតិ ភាតរភាព អរិយប្រទេស។ គណបក្សនេះ កាលពីដឹកនាំដោយលោកសួន សេរីរដ្ឋា សម្គាល់ដោយរូបសញ្ញាព្រះវិស្ណុ និងមានបាវចនា ជាតិ សេរីភាព វីរជន។
តាមលោក សុភ័ណ្ឌ គណបក្សដែលសម្គាល់ដោយរូបសញ្ញាកូនសោនេះ គឺចង់បង្ហាញពីគន្លឹះសម្រាប់ដំណោះស្រាយ ហើយតំណាងឲ្យសន្តិភាព សុវត្ថិភាព មានន័យថា ការការពារខ្ពស់។
ផ្អែកទៅលើច្បាប់ធម្មជាតិ លោកសួង សុភ័ណ្ឌ ហាក់ដូចជាមានជំនឿលើផ្លូវដែលត្រូវបោះជំហាន ដោយលោកមានក្តីរំពឹង ថា ដំណើររបស់លោកអាចនឹងទៅដល់គោលដៅ។
តាំងពីនៅសិក្សា រហូតដល់ពេលលោតចូលសង្វៀននយោបាយ អ្នកនយោបាយវ័យក្មេងរូបនេះ បានកត់សម្គាល់ឃើញថា គឺលោកច្រើនតែត្រូវបានគេផ្តល់ឲ្យនូវតំណែងជាប្រធាន រាប់តាំងពីប្រធានថ្នាក់គ្រប់ថ្នាក់ កាលពីនៅរៀន និងមកដល់ឆាកនយោបាយទទួលបានតំណែងជាប្រធានក្នុងក្រុមការងារនយោបាយទៀត។
កាលនៅជាសកម្មជនដំបូង នៃអតីតគណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ ត្រូវបានតែងតាំងជាប្រធានយុវជនសង្កាត់ស្រះចក ឆ្នាំ ២០០៨ បន្ទាប់មកជាប្រធានយុវជនខណ្ឌដូនពេញឆ្នាំ ២០០៩។
(សូមរង់ចាំភាគបន្តសប្តាហ៍ក្រោយ)